ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានអំពាវនាវអោយហុងកុងវិលទៅរកស្ថិរភាពវិញ ក្រោយមានការតវ៉ាប្រឆាំងអស់ពេលរាប់ខែ។
ក្នុងសុន្ទរកថាឆ្នាំថ្មីកាលពីល្ងាចថ្ងៃអង្គារទី៣១ធ្នូ លោកស៊ីបានមានប្រសាសន៍ថា បរិយាកាសសន្តិភាពនិងសុខដុម សំខាន់ចំពោះវិបុលភាពរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ។
លោកបានមានប្រសាសន៍ដូច្នេះថា« វិបុលភាពនិងស្ថិរភាពរបស់ហុងកុងជាក្តីប្រាថ្នារបស់ជនរួមជាតិហុងកុង និងជាការរំពឹងចង់បានរបស់ប្រជាជននៅមហាចិនដីគោកផងដែរ»។
អ្នកដំណើរនៅក្នុងរថភ្លើងក្រោមដី ក្នុងទីក្រុងប៉េកាំង នាំគ្នាមើលប្រធានាធិបតីចិន អានសុន្ទរកថាឆ្នាំថ្មី
សូមបញ្ជាក់ថា ការប្រឆាំងតវ៉ាបានផ្ទុះឡើងកាលពីខែមិថុនា ដោយសារតែពង្រាងច្បាប់មួយដែលអនុញ្ញាតអោយចាប់បញ្ជូនខ្លួនជនសង្ស័យពីហុងកុងទៅកាត់ទោសនៅចិនដីគោក។ទោះជាច្បាប់នេះត្រូវបានរដ្ឋាភិបាលហុងកុងលុបចោលហើយក្តី ការប្រឆាំងតវ៉ានៅតែបន្តដោយពួកបាតុករទាមទារកំណែទំរង់ប្រជាធិបតេយ្យ និងការស៊ើបអង្កេតអំពើរបស់ប៉ូលិសលើអ្នកប្រឆាំងតវ៉ា។
ការប្រឆាំងតវ៉ាដ៏រ៉ាំរ៉ៃដែលច្រើនតែបង្កជាអំពើហិង្សាបានរុញសេដ្ឋកិច្ចហុងកុងអោយធ្លាក់ក្នុងកំណើនអវិជ្ជមាន(ឱនភាព)និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ទីក្រុងនេះថាជាកន្លែងមានសុវត្ថិភាពមួយក្នុងលោក។
នៅប៉ុន្មាននាទីដើមឆ្នាំថ្មីនេះ ពួកបាតុករបានបន្តយុទ្ធនាការរបស់គេចូលឆ្នាំថ្មីដោយបានធ្វើការជួបជុំខោនដោន(រាប់ថយក្រោយ)នៅពាក់កណ្តាលយប់និងគ្រោងធ្វើការដើរដង្ហែធំមួយនៅថ្ងៃ០១មករា ឆ្នាំ២០២០។
នៅពេលហ្វូងបាតុកម្មធំកំពុងត្រៀមខោនដោន អ្នកប្រឆាំងតវ៉ាជាក្រុមតូចៗបានដុតរបាំងផ្លូវនៅសង្កាត់ម៉ុងកុកហើយប៉ូលិសក៏បានបាញ់គ្រាប់បែកផ្សែងជាលើកដំបូងប្រចាំឆ្នាំថ្មី។ប៉ូលិសក៏បានបាញ់ទឹកដើម្បីបំបែកបាតុករនិងបានចាប់ខ្លួនមនុស្សមួយចំនួននៅកន្លែងផ្សេងទៀតក្នុងក្រុងហុងកុង។
កាលពីយប់ថ្ងៃអង្គារ ពួកបាតុករក៏បានចូលទៅក្នុងផ្សារធំៗដើម្បីរំខានសកម្មភាពសេដ្ឋកិច្ចរបស់ទីក្រុងនេះ៕ប្រែសម្រួល៖វាសនា