អាម៉េរិកបានដាក់ពង្រាយទាហានម៉ារីនបន្ថែមនៅស្ថានទូតរបស់ខ្លួនប្រចាំក្រុងបាដាតកាលពីថ្ងៃអង្គារទី៣១ធ្នូ ដើម្បីពង្រឹងកម្លាំងការពារស្ថានបេសកកម្មការទូតរបស់ខ្លួន ក្រោយពីហ្វូងបាតុករគាំទ្រអ៊ីរ៉ង់សំរុកចូលវាយបំផ្លាញ ដុតនិងស្រែក«ងាប់ទៅអាម៉េរិក»នៅក្នុងបរិវេណស្ថានទូត។
ទាហានអាម៉េរិកការពារស្ថានទូតក្នុងអំឡុងពេលមានការប្រឆាំងតវ៉ា
បុរសនិងស្ត្រីរាប់រយនាក់ក្នុងឯកសណ្ឋានយោធានិងគ្រវីទង់កងកម្លាំងកងជីវពលនិកាយស៊ីអាយគាំទ្រដោយអ៊ីរ៉ង់ បានដើរដង្ហែកាត់ចំណុចឆែកឆេរនៅតំបន់បៃតងនិងបានសំរុកចូលក្នុងអាគារទទួលភ្ញៀវរបស់ស្ថានទូត ជាហេតុនាំអោយប្រធានាធិបតីអាម៉េរិកនិងមន្ត្រីកំពូលៗរបស់អាម៉េរិកផ្ទុះកំហឹង។
ពួកបាតុករកាន់បដាដែលសរសេរថា«សភាគួរបណ្តេញទាហានអាម៉េរិកចេញ បើមិនដូច្នេះទេ ពួកយើងនឹង»និងគូសអក្សរថា«បដិសេធអាម៉េរិក!»និង«សូឡេម៉ានីជាមេបញ្ជាការរបស់យើង»នៅលើជញ្ជាំងស្ថានទូត។
សូឡេម៉ានី ចង់និយាយសំដៅទៅកាន់ ឧត្តមនេសនីយ៍ កាសេម សូឡេម៉ានី នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
បុរសនិងស្ត្រីរាប់រយនាក់ក្នុងឯកសណ្ឋានយោធានិងគ្រវីទង់កងកម្លាំងកងជីវពលនិកាយស៊ីអាយ ដែលគាំទ្រដោយអ៊ីរ៉ង់ បានដើរដង្ហែកាត់ចំណុចឆែកឆេរនៅតំបន់បៃតងនិងបានសំរុកចូលក្នុងស្ថានទូតអាម៉េរិក
លោកប្រធានាធិបតី ត្រាំ បានបន្ទោសលើអ៊ីរ៉ង់ និងទាមទារអោយរដ្ឋាភិបាលអ៊ីរ៉ាក់ការពារបរិវេណស្ថានទូត។
ភ្លាមនោះ ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធថារដ្ឋាភិបាលក្រុងតេអេរ៉ង់មិនបាននៅពីក្រោយការប្រឆាំងតវ៉ាហិង្សានៅស្ថានទូតអាម៉េរិកក្នុងទីក្រុងបាដាតកាលពីថ្ងៃអង្គារទេ។
បង្ហាញអំពីវិបត្តិកាន់តែកើនឡើងនៅក្នុងទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងបាដាត រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកម៉ៃ ផមផេវ បានដាក់សម្ពាធលើនាយករដ្ឋមន្ត្រីចាំផ្ទះអ៊ីរ៉ាក់ លោកអាដែល អាប់ដែល ម៉ាឌី និងប្រធានាធិបតី បាហាម សាឡេ ក្នុងការនិយាយគ្នាតាមទូរស័ព្ទ ដើម្បីសុំអោយបង្កើនសន្តិសុខនៅស្ថានទូត។
ផមផេវ បានបញ្ជាក់ច្បាស់ថា អាម៉េរិកនឹងការពារនិងគាំពារប្រជាជនរបស់ខ្លួន ដែលស្ថិតនៅអ៊ីរ៉ាក់ដើម្បីជួយគាំទ្រអ៊ីរ៉ាក់អោយមានអធិបតេយ្យភាពនិងឯករាជ្យភាព។
ការវាយប្រហារលើស្ថានទូតអាម៉េរិកបានកើតឡើង២ថ្ងៃ បន្ទាប់ពីអាម៉េរិកធ្វើការវាយប្រហារតាមផ្លូវអាកាសសម្លាប់យុទ្ធជនក្រុមកាតាអេប ហេសបូឡា យ៉ាងតិច២៥នាក់។ក្រុមនេះជាផ្នែកមួយនៃ អង្គការជីវពល ហាសេត អាល់-សាអាប៊ី ដែលគាំទ្រដោយអ៊ីរ៉ង់។
ក្រសួងការពារជាតិអាម៉េរិកបាននិយាយថា ការវាយប្រហារនេះជាការសងសឹកចំពោះការសម្លាប់ជនជាតិអាម៉េរិកម្នាក់នៅក្រុងគៀគូក ពីសំណាក់សមាជិក្រុមជីវពលនេះ។ជាលទ្ធផល សមាជិកសភាអ៊ីរ៉ាក់រាប់សិបនាក់បានអំពាវនាវអោយរដ្ឋាភិបាលពិនិត្យសើរើឡើងវិញកិច្ចព្រមព្រៀងអនុញ្ញាតអោយដាក់ទាហានអាម៉េរិកនៅអ៊ីរ៉ាក់៕ប្រែសម្រួល៖វាសនា