តាមព័ត៌មានថា លោក ធារី ហង់រី (Thierry Henry) បានក្លាយជាបេក្ខភាពដ៏គួរឲ្យភ្ញាក់ផ្អើលដើម្បីក្លាយជាអ្នក ចាត់ការបន្ទាប់ ប្រសិនបើលោក អឺណេស្តូ វ៉ាលវើដ (Ernesto Valverde) ចាកចេញពីក្លឹប Barcelona ។
អតីតខ្សែប្រយុទ្ធក្លឹប Barcelona រូបនេះបានចូលដឹកនាំក្រុម Montreal Impact នៅក្របខណ្ឌ MLS ក្នុងកិច្ចសន្យាពីរឆ្នាំកាលពីខែវិច្ឆិកា។
ប៉ុន្តែនៅពេលនេះ លោក ហង់រី ត្រូវបានគេភ្ជាប់ទៅនឹងតំណែងគ្រូបង្វឹកនៅពហុកីឡាដ្ឋាន Nou Camp ប្រសិនបើអ្នកចាត់ការបច្ចុប្បន្ន វ៉ាលវើដ ចាកចេញ នេះបើតាមសេចក្តីរាយការណ៍នៅអេស្ប៉ាញ។
កិច្ចសន្យារបស់លោក វ៉ាលវើដ ជាមួយក្លឹបយក្សអេស្ប៉ាញនេះនឹងចប់នៅខែមិថុនា ប៉ុន្តែមានជម្រើសក្នុងការបន្ត កិច្ចសន្យាមួយឆ្នាំទៀត។
អាជីពគ្រូបង្វឹករបស់លោក ហង់រី បានចាប់ផ្តើមបីឆ្នាំកន្លងមកហើយ ក្នុងឋានៈជាជំនួយការរបស់លោក រ៉ូបឺតូ ម៉ាទីណេស (Roberto Martinez) នៅក្រុមជម្រើសជាតិបែលហ្ស៊ិក ហើយលោកបានបញ្ចប់ការងារបន្ទាប់ពី ដឹកនាំក្រុម Monaco បានត្រឹម១០៤ថ្ងៃ។
ទោះបីជាយ៉ាងណា កង្វះបទពិសោធមិនជាក្តីបារម្ភសម្រាប់ក្លឹប Barcelona ពេកទេ ដោយសារលោកដឹង ច្បាស់ថា ពីរបៀបលេងរបស់ Barcelona និងធ្លាប់លេងឲ្យក្រុមនេះរយ:ពេលបីឆ្នាំផងដែរ។
ហង់រី គឺជាមិត្តភក្តិជិតស្និទ្ធជាមួយលោក អេរិក អាបីដាល (Eric Abidal) អតីតមិត្តរួមក្រុម Barcelona និងក្រុមជម្រើសជាតិបារាំង ហើយបច្ចុប្បន្នជាប្រធានបច្ចេកទេសនៅក្លឹបនេះ៕ ប្រែសម្រួល: ពិសិដ្ឋ