លោក អៀន រ៉ាយ (Ian Wright) អតីតវីរបុរសក្លឹប Arsenal បានទទូចឲ្យលោក មីគែល អាតេតា (Mikel Arteta) លក់ខ្សែការពារ ស្កូដ្រាន មូស្តាហ្វី (Shkodran Mustafi) ចេញ។
លោក អាតេតា ដែលត្រូវតែងតាំងជំនួសលោក អ៊ូណៃ អេមឺរី (Unai Emery)ត្រៀមចូលប្រឡូកក្នុងទីផ្សារទិញដូរ កីឡាករខែមករានេះ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះដែលជាអតីតប្រធានក្រុមកាំភ្លើងធំបានបញ្ជាក់យ៉ាងច្បាស់ពីចេតនាក្នុងការពង្រឹង ឋានៈរបស់ខ្លួន បន្ទាប់ពីប្រកួតស្មើជាមួយក្រុម Bournemouth និងចាញ់ក្រុមឆេលស៊ីក្នុងពីរប្រកួតដំបូង ដែលលោកបានដឹកនាំ។
ប៉ុន្តែលោក អៀន រ៉ាយ បានទទួលស្គាល់ថា លោក អាតេតា គួរលក់កីឡាករ មូស្តាហ្វីចេញទៅបន្ទាប់ពីតាម មើលការបង្ហាញទម្រង់លេងដ៏ខកចិត្តជាថ្មីទៀត អំឡុងពេលប្រកួតចាញ់ក្រុមឆេលស៊ីកាលពីថ្ងៃអាទិត្យ។
រ៉ាយ បាននិយាយថា “មូស្តាហ្វី ហាក់ដូចជាបណ្តោយខ្សែប្រយុទ្ធ ថមមី អាប្រាហ៊ីម (Tammy Abraham) ពេកហើយ។ យើងមានគ្រូបង្វឹកដូចជាលោក អាតេតាចូលមកដឹកនាំ ប៉ុន្តែអត់មានអ្វីដែលយើងអាចធ្វើទៅ បានក្នុងការណែនាំខ្សែការពារដែលមានបទពិសោធម្នាក់។ កីឡាករប្រភេទនេះត្រូវតែជម្រុះចោល”។
ទោះបីជាបរាជ័យបែបនេះក៏ដោយ ក៏លោក រ៉ាយ មានទំនុកចិត្តលើអ្វីដែលលោក អាតេតា ធ្វើបាន។ លោក រ៉ាយ បាននិយាយថា “នៅពេលយើងពិនិត្យមើលពីរប្រកួតដំបូង វាពិតជាមានការរីកចម្រើនច្រើនក្នុងក្រុម Arsenal ។ អ្នកត្រូវតែគិតពីអ្វីដែលអ្នកអាចធ្វើបាន”។
ខ្សែប្រយុទ្ធអង់គ្លេស អាប្រាហាំ រកបានគ្រាប់ទី១២របស់ខ្លួននៅរដូវកាលនេះ ហើយធ្វើឲ្យក្រុមរបស់លោក អាតេតា បាត់បង់ឱកាសរកពិន្ទុសម្រាប់ការប្រកួតលើកដំបូងក្នុងទឹកដី៕ ប្រែសម្រួល: ពិសិដ្ឋ
