ភ្នំពេញៈ រដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រុយណេ ប្រារព្ធទិវាប្រកាសឯករាជ្យជាតិ របស់ពួកគេ នៅថ្ងៃទី១ ខែមករា ដើម្បីរំឭកដល់ថ្ងៃ ដែលពួកគេប្រកាសឯករាជ្យភាពពីអង់គ្លេស កាលពីឆ្នាំ១៩៨៤ បន្ទាប់ពីបានស្ថិតក្រោម អាណានិគមអេស្ប៉ាញ តាំងពីឆ្នាំ១៥៧៨ បន្ទាប់មក ក៏បានធ្លាក់ទៅក្នុងកណ្តាប់ដៃអង់គ្លេស ចាប់ពីខែកញ្ញា ឆ្នាំ១៨៨៨ មក ។ ប៉ុន្តែអង់គ្លេស នៅតែបន្តត្រួតត្រាព្រុយណេ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៨៤ នោះ ។ ដូច្នេះទិវាឯករាជ្យជាតិ ត្រូវបានប្រារព្ធ នៅថ្ងៃទី២៣ ខែកុម្ភៈ ឯណោះវិញ ចំណែកថ្ងៃទី១ ខែមករា គឺជាថ្ងៃប្រកាសឯករាជ្យ ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
ព្រុយណេ ដារុយសាឡាំ គឺជារដ្ឋកោះ ដែលប្រទេសទាំងមូលស្ថិតនៅលើកោះ Borneo មានផ្ទៃដី ៥.៧៦៥ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានដែនទឹកជាប់ជាមួយដែនសមុទ្ទ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ។ ដើម្បីឆ្នាំ២០១៩ មានប្រជាពលរដ្ឋជាង ៤៣០.០០០ ម៉ឺននាក់ ភាគច្រើន ជាអ្នកាន់សាសនាអ៊ិស្លាម ។ ភាសាផ្លូវការគឺភាសាម៉ាឡេស៊ី (អង់គ្លេសជាភាសាទី ២) រដ្ឋធានីគឺទីក្រុងបាន់ដា ស៊េរី បេហ្គាវ៉ាន់ ។ ព្រុយណេ គឺជាសមាជិកមួយ នៃ សមាគមអាស៊ាន ហើយព្រុយណេ គឺជាប្រទេសដ៏មានស្តុកស្តមបំផុតមួយក្នុងលោក ដោយសារតែរ៉ែប្រេងកាត ។
ប្រវត្តិសាស្ត្រ-ធ្លាក់ក្នុងកណ្តាប់ដៃអេស្ប៉ាញ
គិតត្រឹមពាក់កណ្តាលសតវត្សរ៍ទី១៦ ព្រុយណេ គឺជាអាណាចក្រដ៏ធំមួយដោយមានផ្ទៃដីលាតសន្ធឹង ពីភាគ ខាងជើង កោះ Borneo រហូតល់ភាគខាងត្បូងប្រទេស ហ្វីលីពីន ។ ប៉ុន្តែចាប់ពីអំឡុងសតវត្សរ៍ទី១៦ នោះ អាណាចក្រព្រុយណេ ក៏បានចាប់ផ្តើមទន់ខ្សោយ ដោយសារទំនាស់ដណ្តើមរាជបល្ល័ង្ក ។ ព្រះអង្គម្ចាស់ Pengiran Seri Lela និង Pengiran Seri Ratna បានរត់ទៅពឹងអាណានិគមអេស្ប៉ាញដែលកំពុងដាក់ ទីតាំងនៅប្រទេស ហ្វីលីពីន ឱ្យជួយដណ្តើមរាជ្យពីព្រះអង្គម្ចាស់ Saiful Rijal ដែលកំពុងគ្រងតំណែងជា ស៊ុលតង់ ( ស្តេច ) នៅអាណាចក្រព្រុយណេដោយសន្យាថា នឹងដាក់ព្រុយណេ ឱ្យជារដ្ឋរណប ឬចំណុះ អេស្ប៉ាញ ប្រសិនបើអេស្ប៉ាញ ដណ្តើមរាជ្យបល្ល័ង្ក ព្រុយណេ ឱ្យគាត់ (ព្រះអង្គម្ចាស់ Pengiran Seri Lela) បាន ។
មហាអំណាច អេស្ប៉ាញ បានចាត់ទុក អាណាចក្រព្រុយណេ ជាមជ្ឈមណ្ឌលបង្រៀនគម្ពីរសាសនាអ៊ិស្លាម នៅក្នុងហ្វីលីពីន ដែលពេលនោះ ហ្វីលីពីន បានក្លាយជាទីតាំង អាណានិគមអេស្ប៉ាញ រួចទៅហើយ ។ មហាអំណាចអឹរ៉ុប អេស្ប៉ាញ ដែលជាអ្នកគ្រិស្តនិយម បានប្រកាសសង្គ្រាមប្រឆាំងព្រុយណេ នៅឆ្នាំ១៥៧៨ ក្នុងគោលបំណងកាន់កាប់រាជធានី កូតា បាទូ ដែលជារាជធានី នៃព្រុយណេ នាសម័យកាលនោះ ។
ដោយមានការជួយជ្រោមជ្រែងពីព្រះអង្គម្ចាស់ Pengiran Seri Lela និង Pengiran Seri Ratnaមហាអំណាច គ្រិស្តនិយម អេស្ប៉ាញ បានចូលលុកលុយកាន់កាប់រាជធានីកូតា បាទូ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៥៧៨ ហើយព្រះអង្គម្ចាស់ Pengiran Seri Lela ក៏បានឡើងធ្វើជា ស៊ុលតង់ នៃអាណាចក្រព្រុយណេ ។ រីឯស៊ុលតង់ Saiful Rijal និងអ្នកស្ម័គ្របក្សបានបង្ខំចិត្តភៀសខ្លួនចេញទៅតំបន់ Meragang បន្ទាប់មក ហួសទៅតំបន់ Jerudong ។ ពីតំបន់ Jerudong ពួកគេបានរៀបចំផែនការ ដើម្បីបណ្តេញពួកកងទ័ព ឈ្លានពាន ឱ្យចាកចេញពីទឹកដី ព្រុយណេ ។
កងទ័ពអេស្ប៉ាញ ដែលចូលឈ្លានពានព្រុយណេ បានដោយជោគជ័យនោះ ក៏បោះទីតាំងលើទឹកដីមូស្លីម មួយនេះមិនបានសុខឡើយ ដោយសារនៅទីនោះមានផ្ទុះឡើងនូវជំងឺអាសន្នរោគយ៉ាងកាចសាហាវ ។ ដោយហេតុនេះ ពួកគេបានសម្រេចចិត្តចាកចេញពី ព្រុយណេ ត្រឡប់ទៅទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ដែលជាទីតាំងអាណានិគមរបស់ពួកគេវិញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៥៧៨ គឺបន្ទាប់ពីបានស្នាក់នៅលើទឹកដី ព្រុយណេ បានរយៈពេល ៧២ ថ្ងៃ ។ ប៉ុន្តែមុននឹងចាកចេញដូច្នេះ កងទ័ព គ្រិស្តនិយម អេស្ប៉ាញបានដុត បំផ្លាញព្រះវិហារ ម៉ូស្ក របស់ អ៊ិស្លាម ជាព្រះវិហារលំដាប់កំពូលរបស់ពិភពលោកដែលមានដំបូលប្រាំ ។
ចំណែក ស៊ុលតង់ Pengiran Seri Lela បានស្លាប់នៅអំឡុងខែសីហា ឬ ខែកញ្ញា នាឆ្នាំ ១៥៧៨ នោះដោយ សារតែជំងឺអាសន្នរោគ ។ ប៉ុន្តែក៏មានការសង្ស័យថា គាត់បានស្លាប់ដោយត្រូវគេបំពុល ។
ប៉ុន្តែឯកសារក្នុងស្រុក បាននិយាយផ្សេងពីនេះទាំងស្រុង គឺបានអះអាងថា កងទ័ពអេស្ប៉ាញ និងបក្សពួកត្រូវ បានបណ្តេញចេញ ពីព្រុយណេ ដោយព្រះអង្គម្ចាស់ Bendahara Sakam ជាប្អូនប្រុសរបស់ ស៊ុលតង់ មួយអង្គ និងអ្នកប្រយុទ្ធ ព្រុយណេ រាប់ពាន់នាក់ នៅក្នុងសង្គ្រាម ដែលគេហៅថា សង្គ្រាម Castilian ។
ចំពោះពួកអ្នកប្រវត្តិសាស្ត្រជាច្រើន បានចាត់ទុកឯកសារនេះថា គ្រាន់តែជាឯកសារព្រេងនិទានប្រវត្តិសាស្ត្រ វិរបុរស ដែលបានប្រតដ្ឋឡើងពីរបីសតវត្សរ៍ក្រោយមកតែប៉ុណ្ណោះ ។ បន្ទាប់មកពីចន្លោះឆ្នាំ ១៦៦០ ដល់ ឆ្នាំ ១៦៧៣ ប្រទេសនេះមានសង្គ្រាមស៊ីវិល ។
បាត់បង់ទឹកដីជាងពាក់កណ្តាល
នៅពេលនោះអង់គ្លេស ក្លាយជាមហាអំណាចសំខាន់បំផុតវិញ នៅតំបន់នោះ ។ នៅពេលមានជម្លោះដណ្តើមរាជ បល្ល័ង្កដូច្នេះ ក៏មានព្រះអង្គម្ចាស់ខ្លះ ទៅពឹងអង់គ្លេសឱ្យជួយ ។ ឆ្លៀតពេលដូច្នោះ អង់គ្លេសបានបើកការវាយ ប្រហារ ទៅលើចក្រភពព្រុយណេ នៅអំឡុង ខែ កក្កដា ឆ្នាំ១៨៤៦ ដោយសំអាងថា អ្នកកំពុងកាន់អំណាច នៅព្រុយណេនោះ គ្មានសិទ្ធិស្របច្បាប់ធ្វើជា ស៊ុលតង់ ដែលតាមពិតទៅ មកពីអ្នកកាន់អំណាចនោះមិនរណប អង់គ្លេស តែប៉ុណ្ណោះ ។
រហូតដល់អំឡុងទសវត្សរ៍ ១៨៨០ អាណាចក្រ ព្រុយណេ នៅតែបន្តដាំក្បាលចុះ ។ មានការងើបបះបោរជា លក្ខណៈឧទ្ទាមចោរសមុទ្ទ ជាច្រើនកន្លែង ។ នៅឆ្នាំ១៨៣៨ អ្នកជំនួញជនជាតិអង់គ្លេស ម្នាក់ឈ្មោះ James Brokke បានទៅដល់តំបន់ Sarawak ក្នុងបំណងធ្វើជំនួញ ។ ប៉ុន្តែធ្វើពាណិជ្ជកម្មមិនកើតដោយសារតែការងើប បះបោរទាំងឡាយនៅតំបន់នោះ ។ គាត់បានជួបពិភាក្សាជាមួយឳពុកមារបស់ ស៊ុលតង់ ឈ្មោះ Pangeran Muda Hashim ។ បន្ទាប់មក គាត់បានជួយ ស៊ុលតង់ បង្ក្រាបចលនាឧទ្ទាមចោរសមុទ្ទនានា រហូតបានលើក ស៊ុលតង់ ឡើងលើរាជបល្ល័ង្កវិញ នៅឆ្នាំ ១៩៤១ ។
ទោះយ៉ាងណា ស្ថានភាពនៅតែមិនទាន់ហ្នឹងធឹងនៅឡើយ គឺនៅមានក្រុមឧទ្ទាមប្រឆាំង ស៊ុលតង់ ជាច្រើនទៀត ដែល ស៊ុលតង់ មិនអាចខ្វះ លោក James Brooke បានឡើយ ។ ជាការតបស្នង ស៊ុលតង់ អូម៉ា អាលី សាយហ្វ៊ូដៀន ២ បានប្រគល់ទឹកដីតំបន់ Sarawak ទៅឱ្យលោកមេទ័ព James Brooke កាន់កាប់ ហើយប្រទានឋានៈដល់គាត់ថា “ រាជា (ស្តេច) នៃ Sarawak នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៤១ ហើយត្រូវ បានប្រកាសជាផ្លូវការនៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ១៩៤២ ។
ក្រោយមក រាជា Brooke និង ក្មួយប្រុសរបស់គាត់ ដែលស្នងអំណាចតពីគាត់ បានវាតទី យកទឹកដីលើសពី អ្វីដែល ស៊ុលតង់ បានប្រគល់ឱ្យ ជាហេតុធ្វើឱ្យ អាណាចក ព្រុយណេ បាត់បង់ទឹកដីយ៉ាងច្រើនហើយទឹកដីទាំង នោះចាប់ពីពេលនោះមក មិនដែលត្រឡប់មកជាកម្មសិទ្ធិរបស់ ព្រុយណេ វិញឡើយ ហើយ អាណាចក្រ Sarawak បានក្លាយជា សហព័ន្ធ ម៉ាឡេស៊ី នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ១៩៦៣ )។
ធ្លាក់ក្រោមអាណានិគមអង់គ្លេស
ពេលនោះ ស៊ុលតង់ Hashim Jalilul Alam Aqamaddin នៃ អាណាចក្រ ព្រុយណេ បានអំពាវនាវ ឱ្យ អង់គ្លេស ជួយ បញ្ឈប់នូវការទន្ទ្រានយកទឹកដី ព្រុយណេ ពីសំណាក់ រាជា Brookes ។ ដោយហេតុនេះ សន្ធិសញ្ញាមួយ ស្តីពីការការពារ ( ព្រុយណេ ដោយអង់គ្លេស ) ត្រូវបានចរចា និង ចុះហត្ថលេខាជាមួយអង់គ្លេស ដោយបានចូលជាធរមានចាប់ពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ១៨៨៨ ។
នៅក្នុងសន្ធិសញ្ញា នេះបានផ្តល់កាតព្វកិច្ចទៅឱ្យអង់គ្លេស ជាអ្នកការពារ ប៉ុន្តែថា ស៊ុលតង់ មិនមានសិទ្ធិប្រគល់ ទឹកដីទៅឱ្យបរទេសណាមួយដោយគ្មានការព្រមព្រៀងពីសំណាក់អង់គ្លេសឡើយ ។ អង់គ្លេសក៏មានកាតព្វកិច្ច ជាអ្នកកាន់កាប់កិច្ចការបរទេសរបស់ព្រុយណេ ផងដែរ (រហូតដល់ឆ្នាំ ១៩៨៤)
ប៉ុន្តែនៅឆ្នាំ ១៨៩០ អាណាចក្រ Sarawak បានបន្តទន្ទ្រានយកទឹកដី ព្រុយណេ ដូចមុននៅស្រុក Pandaruan ហើយកងទ័ពអង់គ្លេស មិនបានចាត់វិធានការអ្វីឡើយ ដោយអង់គ្លេស ឈរលើគោលជំហរ អាណាចក្រ Sarawak មិនមែនជាបរទេសទេ ដែលតាមពិតទៅក៏ព្រោះតែអង់គ្លេសលម្អៀងទៅរក អាណាចក្រ Sarawak ព្រោះអ្នកគ្រប់គ្រង អាណាចក្រ នេះ គឺជាជនជាតិអង់គ្លេស ដែលសេចក្តីនេះគេអាចនិយាយបាន កិច្ចព្រមព្រៀង របស់ ស៊ុលតង់ ជាមួយអង់គ្លេស ក្នុងការការពារ ព្រុយណេ នេះ ចំពោះ Sarawak គឺដូចជាចុះហត្ថលេខា ឱ្យមេចោរ ការពារកូនចោរដោយស្របច្បាប់ ។ ជាលទ្ធផល គឺព្រុយណេ នៅសល់តែទឹកដីមួយក្តុបតូច សព្វថ្ងៃនេះឯង ។
រ៉េស៊ូដង់អង់គ្លេស ត្រូវបានដាក់នៅ ព្រុយណេ នាឆ្នាំ១៩០៦ ក្រោមកិច្ចព្រមព្រៀងការពារ ព្រុយណេ ។ រ៉េស៊ីដង់ មានកាតព្វកិច្ចជាអ្នកផ្តល់ប្រឹក្សា ដែលនិយាយម្យ៉ាងទៀតថាជាអ្នកបង្គាប់បញ្ជា ស៊ុលតង់នូវរាល់កិច្ចានុកិច្ច រដ្ឋបាល ។ បន្តិចម្តងៗ រ៉េស៊ីដង់ បានត្រួតត្រាលើកិច្ចការប្រតិបត្តិ ពោលគឺក្តោបក្តាប់អំណាច នៅព្រុយណេ ច្រើនជាង ស៊ុលតង់ ទៅទៀត ( ប្រព័ន្ធ រ៉េស៊ីដង់ ត្រូវបានបញ្ចប់នៅឆ្នាំ ១៩៥៩ )។
ការរកឃើញរ៉ែប្រេងកាត
អណ្តូងរ៉ែប្រេងកាតដំបូងឈ្មោះ S-1 ត្រូវបានខួងសាកល្បជាលើកដំបូង នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ១៩២៨ ។ រ៉ែប្រេងកាត ត្រូវបានរកឃើញដំបូង នៅជម្រៅ ២៩៧ ម៉ែត្រ ហើយត្រូវបានប្រកាសរកឃើញនៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៩២៩ ។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩២៩ អណ្តូងទី២ ត្រូវបានខួង ។ អណ្តូងរ៉ែប្រេងកាត់នៅព្រុយណេ ត្រូវបានរកឃើញជាបន្តបន្ទាប់ ។ គិតត្រឹមឆ្នាំ១៩៤០ ប្រេងកាត ត្រូវបានបូមក្នុងមួយឆ្នាំ ជាងប្រាំមួយលានធុង (បារ៉ែល)។ ចាប់ពីពេលនោះមក ប្រេងកាត និងឧស្ម័នធម្មជាតិ បានក្លាយជាប្រភពធនធានដ៏សំខាន់បំផុត សម្រាប់អភិវឌ្ឍ ព្រុយណេហើយក៏ជាទ្រព្យសម្បត្តិមហាសាលសម្រាប់ភាពមានបានរបស់ព្រុយណេរហូត មកដល់សព្វថ្ងៃ ។
ជប៉ុនចូលកាន់កាប់
ព្រឹកព្រហាម នៃថ្ងៃទី ៨ ខែធ្នូ ឆ្នាំ១៩៤១ កងទ័ពជប៉ុន បើកការវាយលុកទៅមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅ ភៀលហាប៊ឺរ៍ ជាហេតុធ្វើឱ្យសង្គ្រាមលោកលើកទី២ ឆាបឆេះឡើង ។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៤១ ដដែលនោះ កងទ័ពជប៉ុន បានដណ្តើមកាន់កាប់ព្រុយណេ ទាំងស្រុង ពីចក្រភពអង់គ្លេស បន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេល ៦ ថ្ងៃ ។
មន្ត្រីព្រុយណេ សំខាន់ៗត្រូវបានបញ្ជូនទៅសិក្សានៅប្រទេស ជប៉ុនក្នុងបំណងត្រៀមនឹងប្រកាសឯករាជ្យភាព របស់ ព្រុយណេ ។ ខណៈពេលនេះ កិច្ចការសំខាន់ៗ ស្ថិតក្រោមការកាន់កាប់បណ្តោះអាសន្នរបស់កងទ័ពជប៉ុន ទម្រាំដល់ថ្ងៃប្រកាសឯករាជ្យភាព ។
នៅអំឡុងឆ្នាំ ១៩៤៣ កងទ័ពសម្ព័ន្ធមិត្ត បានវាយលុកយ៉ាងខ្លាំងក្លាទៅលើកងទ័ពជប៉ុននៅព្រុយណេ បណ្តាលឱ្យជំនួញតាមកប៉ាល់ត្រូវបានបញ្ឈប់ ។ ស្បៀងអាហារ និង ថ្នាំពេទ្យ ក៏ចាប់ផ្តើមខ្វះមុខ ខ្វះក្រោយ ហើយប្រជាពលរដ្ឋក៏ធ្លាក់ក្នុងសភាពទុរ្ភឹក្ស និង មានជំងឺ ។ នៅឆ្នាំ ១៩៤៤ កងទ័ពសម្ព័ន្ធមិត្តបើកការវាយលុក ដោយទម្លាក់គ្រាប់បែក ធ្វើឱ្យខ្ទេចខ្ទាំយ៉ាងខ្លាំងទាំងទីក្រុង និង ជនបទ ។
ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ១៩៤៥ កងទ័ពអូស្ត្រាលី ដោយមានជំនួយពីកងទ័ពអាកាសអាមេរិក និងកងទ័ព ជើងទឹកផង បានទៅដណ្តើមតាំងនៅកោះ Borneo ពីជប៉ុន ។ បន្ទាប់ពីការប្រយុទ្ធយ៉ាងឃោរឃៅអស់ រយៈពេល ៣ ថ្ងៃមក កងទ័ពសម្ព័ន្ធមិត្តបានចូលដណ្តើមកាន់កាប់ទីក្រុងរបស់ប្រទេស ព្រុយណេ ។ កងទ័ពជប៉ុន នៅព្រុយណេ បានចុះចាញ់នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ១៩៤៥ ។ ព្រុយណេបានធ្លាក់ក្នុងកណ្តាប់ដៃអង់គ្លេស ម្តងទៀត (រហូតដល់ខែ កក្កដា ឆ្នាំ ១៩៤៦ )។
ក្រោយសង្គ្រាមលោកលើកទី ២
ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ១៩៤៦ គណៈបក្ស The Barisan Pemuda ( ចលនាយុវជន) គឺជាគណបក្ស នយោបាយដំបូងបំផុត ដែលត្រូវបានបង្កើតនៅ ព្រុយណេ ។ ប៉ុន្តែគណបក្សនេះបានរលាយទៅវិញនៅឆ្នាំ ១៩៤៨ ដោយសារមិនមានសកម្មភាពអ្វីគួរឱ្យចាប់អារម្មណ៍ ។
ព្រុយណេ បានក្លាយជាសមាជិក នៃ សហព័ន្ធម៉ាឡេស៊ីនៅឆ្នាំ ១៩៦២ ( ១៩៦៣ ?) ។មានក្រុមខ្លះបានជំទាស់ ទៅនឹងការចូលរួមនោះ ព្រោះពួកគេយល់ថា គឺជាការចាញ់ប្រៀប ម៉ាឡេស៊ី ហើយឈ្មោះ នៃ ប្រទេស ព្រុយណេ អាចនឹងរលាយទៅជាប្រទេស ម៉ាឡេស៊ីនៅថ្ងៃណាមួយ ។ ដោយហេតុនេះនៅឆ្នាំ ១៩៦២ នោះមានក្រុមឧទ្ទាម តូចមួយបានកើតឡើង ប្រឆាំងនឹងរាជានិយម ។ ប៉ុន្តែក្រុមឧទ្ទាមនោះត្រូវបានបង្ក្រាបទៅវិញដោយមានកិច្ច ទំនុកបម្រុងដោយកងទ័ពអង់គ្លេស ។ បន្ទាប់មក ព្រុយណេ ក៏សម្រេចចិត្តចាកចេញពីសមាជិកភាព នៃ សហព័ន្ធ ម៉ាឡេស៊ី ។
ការតាក់តែងរដ្ឋធម្មនុញ្ញ
នៅខែកក្កដា ឆ្នាំ ១៩៥៣ ស៊ុលតង់ អូម៉ា អាលី សាយហ្វ៊ូដៀន ទី៣ បានបង្កើតគណៈកម្មការមួយ ដែលមាន សមាជិក ៧ រូប ដោយឱ្យឈ្មោះថា Tujuh Serangkai សម្រាប់ស្វែងរកមតិប្រជាពលរដ្ឋក្នុងការតាក់តែង រដ្ឋធម្មនុញ្ញព្រុយណេ ។ នៅខែឧសភា ឆ្នាំ១៩៥៤ ស៊ុលតង់ រ៉េស៊ីដង់ និង បេសកជនជាន់ខ្ពស់បានជួបពិភាក្សា អំពីលទ្ធផលដែលគណៈកម្មការ Tujuh Serangkai បានរកឃើញ ។ បន្ទាប់មកពួកគេក៏បានព្រមព្រៀង ឱ្យព្រាងនូវច្បាប់រដ្ឋធម្មនុញ្ញមួយសម្រាប់ ព្រុយណេ ។
នៅខែមីនា ឆ្នាំ ១៩៥៩ ស៊ុលតង់ បានដឹកនាំគណៈប្រតិភូមមួយក្រុមទៅទីក្រុង ឡុងដ៍ ដើម្បីពិភាក្សាអំពីរដ្ឋ ធម្មនុញ្ញ ដែលត្រូវបានដាក់ស្នើឡើង ។ បន្ទាប់ពីបានពិនិត្យ និង ពិភាក្សាមក រដ្ឋាភិបាល អាណានិគមអង់គ្លេស បានយល់ព្រមលើរដ្ឋធម្មនុញ្ញនោះ ។ ដោយហេតុនេះ នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ១៩៥៩ នោះកិច្ចព្រមព្រៀង រដ្ឋធម្មនុញ្ញ ត្រូវបានចុះហត្ថលេខានៅទីក្រុង បាន់ដា ស៊េរី បេហ្កាវ៉ាន់ នៃ ប្រទេស ព្រុយណេ ។ ប្រព័ន្ធគ្រប់គ្រង បែប រ៉េស៊ីដង់ ក៏ត្រូវបានបញ្ចប់ត្រឹមនេះឯង ។
រដ្ឋធម្មនុញ្ញថ្មីនេះ បានចែង និង ប្រកាសថា ព្រុយណេ គឺជារដ្ឋស្វ័យគ្រប់គ្រង ខណៈដែល កិច្ចការបរទេស សន្តិសុខ និង កិច្ចការពារប្រទេស ស្ថិតនៅជាកាតព្វកិច្ចរបស់ចក្រភពអង់គ្លេស ។
ផែនការអភិវឌ្ឍន៍ជាតិ ត្រូវបានដាក់ចេញជាបន្តបន្ទាប់ដោយ ស៊ុលតង់ អូម៉ា អាលី សាយហ្វ៊ូដៀន ទី ៣ ដែលមានទឹកប្រាក់ជាង មួយពាន់លាន់ដុល្លារអាមេរិក ។
ឯករាជ្យភាព
នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ១៩៧១ ព្រះអង្គម្ចាស់ ស៊ុលតង់ ហាស្សាន់ បូលគាហ៍ បានចាកចេញទៅទីក្រុង ឡុងដ៍ ដើម្បី ពិភាក្សាអំពីរដ្ឋធម្មនុញ្ញកាលពីឆ្នាំ ១៩៥៩ ។ កិច្ចព្រមព្រៀងថ្មីមួយទៀតត្រូវបានចុះហត្ថលេខា នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ១៩៧១ ដោយចែងថា “ ព្រុយណេ ត្រូវបានប្រគល់ឱ្យនូវសិទ្ធស្វ័យគ្រប់គ្រង កិច្ចការផ្ទៃក្នុងយ៉ាងពេញលេញ ។ ចក្រភពអង់គ្លេស ទទួលបន្ទុកតែកិច្ចការបរទេស និង កិច្ចការពារជាតិប៉ុណ្ណោះ ។ ព្រុយណេ និង ចក្រភពអង់គ្លេស បានព្រមព្រៀងគ្នា ទទួលខុសត្រូវរួមគ្នានូវវិស័យសន្តិសុខ និង កិច្ចការពារជាតិ “ ។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សន្ធិសញ្ញាមួយទៀតត្រូវបានចុះហត្ថលេខារវាង ព្រុយណេ និង ចក្រភពអង់គ្លេស ដោយចែងថា “ ព្រុយណេ ទទួលខុសត្រូវនូវកិច្ចការអន្តរជាតិ ក្នុងឋានៈជារដ្ឋឯករាជ្យ ។ ចក្រភពអង់គ្លេស ព្រមជួយបញ្ហាការទូត “ ។
នៅខែឧសភា ឆ្នាំ១៩៨៣ ចក្រភពអង់គ្លេស បានប្រកាសថា ឯករាជ្យភាព របស់ព្រុយណេ នឹងត្រូវបានប្រគល់ ឱ្យនៅថ្ងៃទី១ ខែ មករា ឆ្នាំ ១៩៨៤ ។
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៨៣ ការជួបជុំគ្នាដ៏ធំមួយត្រូវបានធ្វើនៅតាមព្រះវិហារម៉ូសក៍ នៃ ស្រុកទាំងបួនរបស់ប្រទេស ។ ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ១៩៨៤ គឺជាការប្រកាសឯករាជ្យភាពពេញលេញរបស់ ព្រុយណេ ។
រដ្ឋាភិបាល និងប្រជាពលរដ្ឋព្រុយណេ ប្រារព្ធទិវាប្រកាសឯករាជ្យជាតិ របស់ពួកគេ ដើម្បីរំលឹកដល់ថ្ងៃនេះឯង ៕

