​ដោយៈ​សុផល​/​ភ្នំពេញៈ​តាមរយៈ​សមាគម​អាហារូបករណ៍​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​។​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ចិន​ចិន​នឹង​ផ្តល់​អាហារូបករណ៍​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​ចំនួន​១០០​កន្លែង​ក្នុង​មួយឆ្នាំ​ជូន​ដល់​សិស្ស​កម្ពុជា​។

​សូមជម្រាបថា​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ លោក សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុនសែន​និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ជួប​ថ្នាក់ដឹកនាំ​គណៈ​គ្រប់គ្រង​ឧទ្យាន​អប់រំ​ហៃ​លៀង​(HailiangEducationPark)​ក្នុង​ទីក្រុង​ស៊ូ​ជី​ខេត្ត​ជេ​ជាង​ប្រទេស​ចិន​។​ជំនួប​ដើម្បី​ពិ​ភា​ក្ស​ការងារ​មួយចំនួន​ជាមួយ​គណៈ​គ្រប់គ្រង​សាលា​ឧទ្យាន​អប់រំ​ហៃ​លៀង​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ក្នុងការ​វិនិយោគ​វិស័យ​អប់រំ និង​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​ចិន​។ ជាពិសេស​ជាមួយ HailiangGroup​ក្នុងការ​ជួយផ្តល់​អាហារូបករណ៍​សិក្សា​មិន​បង់ថ្លៃ​ពី​ថ្នាក់​អនុវិទ្យាល័យ​ដល់​ថ្នាក់​វិទ្យាល័យ​ជូន​សិស្ស​កម្ពុជា​បន្ថែមទៀត​។​

​ក្នុងជំនួប​នោះ​អ្នកទទួលបន្ទុក​អប់រំ​នៃ​សហគ្រាស​ហៃ​លៀង​បាន​គូសបញ្ជាក់ថា​នៅ​ឆ្នាំ​២០២០​សាលា​អន្តរជាតិ​ឧទ្យាន​អប់រំ​ហៃ​លៀង នឹង​ជ្រើសរើស​យុវ​សិស្ស​អាហារូបករណ៍​ចំនួន ១០០​នាក់​ផ្សេងទៀត ដែលមាន​លក្ខណសម្បត្តិ​ដូច​កុមារា ធុច សាលី មក​សិក្សា​នៅ​ឧទ្យាន​អប់រំ​ហៃ​លៀង​ដោយ​ឥតគិតថ្លៃ​។​

​អ្នកទទួលបន្ទុក​ផ្នែក​អប់រំ​នៃ​សហគ្រាស​ហៃ​លៀង​បានលើកឡើង​ទៀតថា​ខ្លួន​នឹង​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​សហ​ការ​ជាមួយ​កម្ពុជា​ក្នុង​ការរៀបចំ​ទីកន្លែង​និង​ការប្រឡង​ដោយ​ខាង​សាលា​អាច​នឹង​រៀបចំ​ក្រុមការងារ​ពិសេស​មួយ​ទៅ​កម្ពុជា​ដើម្បី​ប្រឡង​សាកល្បង​សមត្ថភាព​ជ្រើស​រើសយក​សិស្ស​ដែលមាន​ទេពកោសល្យ តាមរយៈ​ការប្រឡងប្រជែង​ដែលមាន​តម្លាភាព និង​យុត្តិធម៌​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឧទ្យាន​អប់រំ​ហៃ​លៀង​នេះ​លោក​បណ្ឌិត​សុខ​សុ​ក្រឹត្យ​បានបង្ហាញ​ការចាប់អារម្មណ៍​ខ្ពស់​ចំពោះ​គុណភាព​អប់រំ​នៅ​ឧទ្យាន​អប់រំ​ហៃ​លៀង​នេះ​។​លោក​សុខ​សុ​ក្រឹ​ត្យា​បាន​គូសបញ្ជាក់​ទៅកាន់​គណៈ​គ្រប់គ្រង​ឧទ្យាន​អប់រំ​នេះ​ថា​នឹង​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ពី​គុណភាព​អប់រំ​នៅក្នុង​ឧទ្យាន​នេះ​ដើម្បី​ស្វែងរក​ឱកាស​ព​ន្លឿ​ន​កិច្ចសហការ​ធ្វើ​សមាហរណកម្ម​អប់រំ​ហៃ​លៀង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុងឱកាស​នោះ​លោក​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បានលើកឡើង​ដែរ​ថា​ចិន​ជា​ប្រភព​ទេសចរណ៍​ធំជាងគេ​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​ចុង​ក្រោយនេះ​ជាហេតុ​នាំឱ្យ​កម្ពុជា​ត្រូវការ​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ចេះ​និយាយ​ភាសារ​ចិន​យ៉ាងច្រើន​។ ក្នុងន័យនេះ លោក សុខ​សុ​ក្រឹ​ត្យា​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ហៃ​លៀង​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​ក្នុង​វិស័យ​ទេសចរណ៍​។​

សូមបញ្ជាក់ថា​ឧទ្យាន​អប់រំ​ហៃ​លៀង​គឺជា​គ្រឹះស្ថាន​អប់រំ​មួយ​ដែល​កុមារា​ធុច​សា​លិ​ទទួលបាន​អាហារូបករណ៍​សិក្សា​ដោយ​មិន​បង់ថ្លៃ​។​ធុច​សា​លិ​គឺជា​កុមារា​មកពី​ខេត្តសៀមរាប​មាន​សមត្ថភាព​និយាយ​រហូតដល់​ទៅ​១៥​ភាសា​ហើយ​គេ​បានទទួល​ភាពល្បីល្បាញ​យ៉ាងខ្លាំង​លើ​បណ្តាញ​សង្គម​៕S/