ភ្នំពេញ៖ លោក ស៊ីន សេដ្ឋកុល ជាចៅប្រុសតារាចម្រៀង ស៊ីន ស៊ីសាមុត ដែលជាតារាចម្រៀងមួយរូបស្នង មរតកដើមត្រកូល “ស៊ីន” បានទទួលមរណៈភាពទាំងក្មេងដោយសារស្ថានជម្ងឺធ្ងន់ធ្ងរធ្វើឱ្យក្រុមគ្រួសារទាំង មូលនិងមិត្តភ័ក្ត្រជាច្រើនមានទុក្ខយ៉ាងក្រៀមក្រំមិននឹកស្មាន។
លោក ស៊ីន សេដ្ឋកុល បានទទួលមរណៈភាពកាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរពេទ្យរុស្សី ដោយសារតែដាច់សរសៃឈាមខួរក្បាល ។ មូលហេតុនៃស្ថានភាពនៃជម្ងឺនេះត្រូវបានសាច់ញាត្តិរបស់ លោកឱ្យដឹងថា ដោយសារតែលោកមានជម្ងឺ លើសឈាមប៉ុន្តែមួយរយៈចុងក្រោយនេះខំធ្វើការពេកក៏បណ្តាល ឱ្យធ្លាក់ខ្លួនឈឺខ្លាំងរហូតដល់ដំណាក់កាលដាច់សរសៃឈាមក្នុងខួរក្បាល។
ប្អូនស្រីរបស់លោកបង្កើតមានឈ្មោះថា ស៊ីន សេដ្ឋសុជ្ឈតា បានផ្តល់កិច្ចសំភាសន៍ឱ្យរស្មីកម្ពុជាកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នៅគេហដ្ឋានផ្ទះរបស់ម្តាយ (ជាភរិយា លោក ស៊ីន ច័ន្ទឆៃយ៉ា) នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថា “បងប្រុសរបស់ខ្ញុំមានជម្ងឺលើសឈាម ជាយូរមកហើយ ប៉ុន្តែអ្វីដែលធ្វើឱ្យ ស្ថានភាពជម្ងឺរបស់គាត់កាន់តែធ្ងន់នោះគឺ រយៈចុងក្រោយនេះគាត់មិនសូវបានសម្រាក។ គាត់មានការងារ ដើរច្រើន។ មូលហេតុមួយទៀតគឺមានកូនតូចទើបកើតបានមួយខែកន្លះប៉ុណ្ណោះ ដែលធ្វើឱ្យគាត់សម្រាកមិន បានពេញលេញ ។ អញ្ចឹងដល់ពេលសម្ពាធឈាមគាត់បុកឡើងខ្លាំង មកតែមួយភ្លេតហ្នឹងគឺគាត់ទៅតែម្តង។”
ជាប្អូនស្រីពៅនៃត្រកូល “ស៊ីន ស៊ីសាមុត” កញ្ញារូបនេះបានប្រាប់ទៀតថាស្ថានភាពជម្ងឺលើសឈាមរបស់ លោកមានរយៈពេលប្រហែល៥ឆ្នាំមកហើយ ប៉ុន្តែតែចេះតែទប់ទល់បានដោយសារតែញាំថ្នាំទៀងទាត់។ អ្វីដែលចំណុចសំខាន់នោះគឺ ថ្មីៗនេះលោករវល់ការងារខ្លាំងពេក និង ត្រូវមើលថែកូនដល់បីនាក់ដែលបង្កឱ្យ គ្មានពេលសម្រាកគ្រប់គ្រាន់ ឈានដល់ធ្លាក់ខ្លួនឈឺធ្ងន់ទប់ទល់លែងរួច។
សូមបញ្ជាក់ថា លោក ស៊ីន សេដ្ឋកុល កើតនៅខេត្តក្រចេះ បានបញ្ចប់ការសិក្សារត្រឹមថ្នាក់ទី១២ នៅវិទ្យាល័យ ព្រះស៊ីសុវត្តិ ហើយក៏ឈានចូលវិស័យសិល្បៈយកគំរូតាមលោកឪពុករបស់លោក ស៊ីន ច័ន្ទឆៃយ៉ា ដោយផ្តើម ចេញច្រៀងតាមកម្មវិធីជប់លៀងនិងមង្គលការ តាំងពីឆ្នាំ២០០០មកម្ល៉េះ។
បន្ទាប់មកលោកសាងកេរ្តិ៍ឈ្មោះរបស់លោកក្នុងវង់តន្ត្រីជាច្រើន រហូតចេញទៅសម្តែងក្រៅប្រទេសថែមទៀត។
ក្រោយពីមានភាពរីកចម្រើនលោកមានវង់តន្ត្រីជារបស់ផ្ទាល់លោក អាចទទួលគ្រប់កម្មវិធីជិតឆ្ងាយដែលជា មុខរបបបន្ថែមក្នុងឆ្នាំ២០១១។ ចៅរបស់លោកតា ស៊ីន ស៊ីសាមុត ក្រោមសាច់ឈាមលោក ស៊ីន ច័ន្ទឆៃយ៉ា និងភរិយា (លោកស្រី សម សាន្ត) មានកូនចំនួនបីនាក់ដោយ លោក ស៊ីន សេដ្ឋកុល ជាកូនប្រុសច្បង បន្ទាប់មកលោក ស៊ីន សេដ្ឋសុគន្ធា(ទី២) និង(ស្រីពៅ) កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ។
កូនប្រុសច្បងរូបនេះដើរតាមគន្លងធម៌និងយកគំរូតាមឪពុកនៅតែបន្តរក្សាមរតកដើមរបស់លោកតែងតែយកបទពីដើមលោកតាខ្លួនច្រៀងគ្រប់កម្មវិធី។ លោក ស៊ីន សេដ្ឋកុល ដែលទទួលមរណៈភាពត្រឹមវ័យ៣៨ឆ្នាំ មានភរិយាឈ្មោះ សុខ សុវណ្ណ បន្យល់ទុកកូនបីនាក់ ខណៈភរិយារបស់លោកជាស្ត្រីមេផ្ទះ៕ ដោយៈ បូរិន