ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement គូដែលត្រូវប្រកួតជម្រុះនោះ សេង ស្រឿន ក្លិបមេសថ្ងកខេត្តស្វាយរៀង ត្រូវតស៊ូជាមួយ សោម វិឆ័យ ក្លិបពន្លឺវិបុលដារិទ្ធ ខ័ណ្ឌពោធិ៍សែនជ័យ ។
អ្នកប្រដាល់ទាំង ២ រូបនេះ សុទ្ធតែពូកែជើងដូចគ្នា ។ មានអ្នកប្រដាល់ មិនតិចនាក់ទេ ដែលសន្លប់ដោយសារស្នៀតជើងដ៏ធ្ងន់ របស់អ្នកប្រដាល់ទាំង ២ រូបនេះ។ ពេលនេះ កំពូលអ្នកលេងជើង ជួបជាមួយអ្នកលេងជើង ដូចគ្នាហើយ មិនដឹងថា នរណា ដែលមានសមត្ថភាព ឆ្លងផុតជុំទី១នោះទេ។
ទាំងវិឆ័យ ទាំង សេង ស្រឿន ក្រៅពីទាត់គេ ហាក់ដូចជាមិនមានអ្វី ពិសេសនោះ ឡើយ ។ ការវ៉ៃចេញរបស់គេ ពេលខ្លះ វ៉ៃតាមរបៀបផ្សងព្រេង ដែលការផ្សងព្រេងខ្លះ ក៏បានផលដែរ ។ អ្នកប្រដាល់ទាំង២រូបនេះ មានឱកាសឈ្នះដូចគ្នា មិនដឹងថា នរណាប្រជែងបានកៅអី ដើម្បីឡើងទៅប្រកួតបន្តនៅវគ្គជម្រុះជុំទី២ ឡើយ ហើយក៏មិនដឹងថា នរណាខ្ទាតចេញ ពីការប្រកួតដែរ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ សុខ សុវណ្ណ ក្លិបកងពលធំ អន្តរាគមន៍លេខ២ នៃសមាគមប្រដាល់ ក្រសួងការពារជាតិ ប្រកួតជាមួយ អ្នកប្រដាល់ វ៉ែន ហុងជីវ៉ុង។ អ្នកប្រដាល់ទាំង ២ រូបនេះ គឺជាអ្នកប្រដាល់ជើងចាស់ ដូចគ្នា តែអតីតកាលរបស់ សុវណ្ណ អស្ចារ្យជាង ជីវ៉ុង ។ ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះ ទោះបី ជីវ៉ុង មិនមែនជាអ្នកប្រដាល់ អាចមើលស្រាលបាន ក៏ពិតមែន តែសុវណ្ណ ទំនងជាមានឱកាសឈ្នះ ច្រើនជាងហើយ ។
សូមបញ្ជាក់ថា មួយរយៈនេះ សុវណ្ណ វ៉ៃឆាប់ធ្លាក់កម្លាំងណាស់ ហើយការប្រកួតនេះ ប្រសិនបើគេហាត់ មិនបានដិតដល់ទេនោះ អាចនឹងចាញ់កម្លាំង ជីវ៉ុង ហើយ ។ នរណា ដណ្ដើមបានកៅអី សម្រាប់ឡើងទៅប្រកួតបន្ត នៅជុំទី២ ហើយនរណា ជាអ្នកហាលអាវ នៅជុំទី១នេះ ?
ការប្រកួតជាមិត្តភាព ជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់ រឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ ត្រូវបានដាក់ឲ្យប្រកួតជាមួយ អ្នកប្រដាល់ថៃ ផា ផាយ៉ាក់ (Pha Phayak) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម ។ សោភ័ណ្ឌ ជាអ្នកប្រដាល់ ដែលពូកែឆ្វេង និងខ្លាំងឆ្វេង ទាំងដៃទាំងជើង តែគេមិនមែន ជាអ្នកប្រដាល់ ដែលមានចិត្តធំនោះទេ ។
បើគេមានប្រៀបលើគូប្រកួត គេវ៉ៃបានអស្ចារ្យណាស់ តែបើគូប្រកួតខ្លាំងជាង សោភ័ណ្ឌ ចិត្តតូចតែម្ដង ។ ចំពោះអ្នកប្រដាល់ថៃ ផា ផាយ៉ាក់ វិញនោះ គឹធ្លាប់មកប្រកួតស្រុកខ្មែរ ញឹកញាប់ណាស់ គេក៏មិនមែនជា អ្នកប្រដាល់អស្ចារ្យខ្លាំងដែរ ។ សម្រាប់ជំនួបរវាង អ្នកប្រដាល់ទាំង ២ រូបនេះ គេជឿថា សោភ័ណ្ឌ មានឱកាសឈ្នះច្រើនជាង ហើយអាចឈ្នះ ដោយវាយឲ្យសន្លប់ទៀតផង ។
ការជួបរវាង អ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ ពានរង្វាន់វិញនោះ ស៊ន រ៉ាគីម ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង ប្រកួតជាមួយ សូត្រ ខេវិន ក្លិបបក្សីស្លាបដែក ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ នី សុភា ក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយ បូ ចាន់នុង ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ៕v