ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តតាកុមារយ៉ាងលឿនទៅបុកម៉ូតូ ២ គ្រឿងបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន ៦ នាក់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃ ពូជ ទី១ ខែមករា ឆ្នាំ ២០២០ត្រង់ចំណុច មុខហាងពុទ្រា ស្ថិតនៅក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា ។

ចំណែកអ្នកបើកបររថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តែត្រូវបានប៉ូលីសចាប់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែក លាបដើម្បីទុកប្រគល់ឲ្យជំនាញចរាចរណ៏ក្រុង ចាត់ការណ៏តាមផ្លូវច្បាប់។

តាមប្រភពបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាកតាកុម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល2.2638បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ 6Aទិសដៅពីជើងមកត្បូងយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកស្ដាំបុកនិងម៉ូតូចំនួន ២គ្រឿង រួមមានម៉ូតូម៉ាកហុងដា BeAT ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HT.8707ជិះគ្នា៣នាក់ចាស់១ម្នាក់ ក្មេង២នាក់ និងម៉ូតូមួយគ្រឿងទៀតម៉ាក អ៊ែរ៉ុក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HW.7866 ជិះគ្នា២នាក់ ចាស់១ ម្នាក់ ក្មេង១នាក់ បណ្ដាលឲ្យដួលរងរបួសធ្ងន់ស្រាលចំនួន ៥នាក់ហើយរថយន្តក៏មិនទាន់អស់ល្បឿនបាន បន្តទៅមុខឡើលើខឿនពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់ ដើមឈើមួយដើមទៀតនិងឆ្លងទៅផ្លូវម្ខាងទៀតទើបក្រឡាប់ផ្ងារជើងឡើងលើរងរបួសស្រាល។ ដោយឡែកអ្នកបើកបរត្រូវបានសមត្ថកិច្ចចាប់ឃាត់យកទៅសួរនាំ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្ក និងអ្នកបើកបរយកទៅចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕B/