អ្នកដើរកម្សាន្តជុំវិញពិភពលោកនាំគ្នាលាទសវត្សរ៍ចាស់ ដែលគេនឹងចងចាំច្បាស់សម្រាប់ការងើបឡើងនៃបណ្តាញសង្គម បដិវត្តន៍អារ៉ាប់ ចលនា #Metoo និង ចុងក្រោយគឺលោកប្រធានាធិបតី ដូណាល់ ត្រាំ។

តោះទៅមើលតើពិភពលោកចាប់ផ្តើមឆ្លងចូលទសវត្សរ៍ថ្មីឆ្នាំ ២០២០ ដោយរបៀបណា។

១. ទីក្រុងប៉ារីស
អ្នកក្រុងប៉ារីសនិងអ្នកទេសចរដ៏រីករាយបានដើរលំហែ ជិះកង់ និងជិះម៉ូតូទៅកាន់វិថីសាំអេលីសេសម្រាប់អបអរបុណ្យចូលឆ្នាំថ្មី ព្រោះគ្មានមធ្យោបាយដឹកជញ្ជូនសាធារណៈទេចំពេលប្រទេសកំពុងធ្វើកូដកម្មធំ។

២. ទីក្រុងរ៉ូម
សម្តេចប៉ាបហ្វ្រង់ស៊ីសធ្វើឱ្យអ្នកទេសចរនិងអ្នកក្រុងរ៉ូមរីករាយនៅទីលានសេនភីតធឺកាលពីយប់ថ្ងៃអង្គារទី៣១ធ្នូ នៅពេលគាត់ដើរតាមផ្លូវដើម្បីអបអរពិធីឆ្លងឆ្នាំ។ សំឡេងស្រែកអបអរថា “សម្តេចប៉ាប! សម្តេចប៉ាប!” និង “រីករាយឆ្នាំថ្មី!” លាន់កងរំពងពេញទីក្រុង ខណៈគ្រួសារជាច្រើនប្រញាប់ចេញទៅមើលសម្តេចប៉ាបឬយកកូនៗពួកគេចេញទៅជាមួយដោយសង្ឃឹមថាសម្តេចប៉ាបនឹងអង្អែលក្បាលឬប៉ះថ្ពាល់កូនរបស់ខ្លួន។

៣. ហុងកុង
អ្នកដំណើរក៏ដូចជាបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យបានសម្រុកទៅកាន់ទីតាំងនានាទូទាំងហុងកុងដើម្បីអបអរឆ្នាំ២០២០។ ពុំមានការបាញ់កាំជ្រួចទេ ដោយសារបារម្ភអំពីសន្តិសុខ ក្រោយមានការប៉ះទង្គិចរវាងប៉ូលិសនិងបាតុកររាប់ខែកន្លងមក។

៤. រុស្ស៊ី
ប្រជាជនរុស្ស៊ីអបអរឆ្លងឆ្នាំយូរជាងគេ ដោយការបាញ់កាំជ្រួច និងសុន្ទរកថារបស់លោកពូទីន ដែលជំរុញឱ្យប្រជាជនធ្វើការជាមួយគ្នាក្នុងឆ្នាំថ្មីនេះ។

៥. អូស្ត្រាលី
មនុស្សជាង១លាននាក់នាំគ្នាមកប្រមូលផ្តុំនៅកំពង់ផែស៊ីដនីនិងនៅតំបន់ដទៃទៀតដើម្បីអបអរឆ្លងឆ្នាំ ត្បិតវិបត្តិភ្លើងឆេះព្រៃនៅតែបន្តនៅរដ្ឋញូវសៅវែល ដែលជារដ្ឋសម្បូរមនុស្សរស់នៅបំផុតរបស់អូស្ត្រាលី។ ការបាញ់កាំជ្រួចនៅម៉ោង៩យប់បានផ្អាកមួយភ្លែតសិន ដោយសារខ្យល់ខ្លាំង ប៉ុន្តែអ្នកក្រុងស៊ីដនីនៅតែបានឃើញទស្សនីភាពដ៏ស្អាតនៃកាំជ្រួច។

៦. នូវែលសេឡង់
ប្រជាជននៅទីក្រុងធំៗរបស់នូវែលសេឡង់អបអរឆ្នាំថ្មីជាមួយកាំជ្រួចខណៈប្រទេសនេះហាក់រីករាយចំពោះការឆ្លងផុតរឿងរ៉ាវជាច្រើនក្នុងឆ្នាំចាស់ ដែលមានទាំងការបាញ់ប្រហារនៅវិហារអ៊ីស្លាម និង គ្រោះផ្ទុះភ្នំភ្លើង សម្លាប់មនុស្សរាប់សិបនាក់។

៧. ទីក្រុងឡុងដ៍
អ្នកក្រុងឡុងដ៍ទស្សនាកាំជ្រួចពីមាត់ច្រាំងទន្លេថេម ដែលបាញ់ចេញពីតំបន់ទោងយោលទីក្រុងឡុងដ៍ និង ទូកជាច្រើននៅក្បែរវិមានសភា។

៨. អាហ្វ្រិកខាងត្បូង
អ្នកដំណើររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅច្រាំងទន្លេខេបថោនដើម្បីអបអរឆ្នាំថ្មីជាមួយតន្ត្រី ការរាំ និងកាំជ្រួចនៅពីមុខភ្នំល្បីរបស់ក្រុងឈ្មោះថា ថេប៊ល។ បណ្តាឆ្នាំមុនៗ អ្នកក្រុងចូហាណេស្បឺកនាំគ្នាគ្រវែងចោលគ្រឿងសង្ហារឹមចាស់ៗចោលតាមបង្អួចផ្ទះល្វែងដើម្បីអបអរឆ្នាំថ្មី តែដោយសារប៉ូលិសព្រមាន ឥឡូវប្រពៃណីគ្រោះថ្នាក់នេះបានថមថយវិញហើយ៕ ដោយ៖ កញ្ញាដាលីស

ប្រជាជនជុំវិញពិភពលោកអបអរឆ្លងទសវត្សរ៍ចាស់ចូលទសវត្សរ៍ថ្មីឆ្នាំ២០២០