​ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ គុយបា ប្រារព្ធ​ទិវា សេរីភាព របស់ខ្លួន នៅ​ថ្ងៃទី ០១ ខែ មករា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួក​ចលនា ២៦ កក្កដា របស់លោក ហ្វ៊ី​ដែល កា​ស្ត្រូ ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ ១៩៥៩ ដែលនាំឱ្យ​ប្រធានាធិបតី បា​ធី​ស្តា ភៀសខ្លួន​ចេញពី​ប្រទេស នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៥៩ ហើយ​ពួកគេ​ហៅ​ថ្ងៃនោះ​ថា ទិវា​សេរីភាព ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាស​ធារ​ណ​រដ្ឋ គុយបា មាន​ផ្ទៃដី ១១០.៨៦០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាមេរិក​ឡាទីន ។ នៅ​ដើមឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ១១ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា រដ្ឋធានី គឺ​ទីក្រុង ឡា ហាវ៉ាន ភាសាផ្លូវការ មាន​៣ គឺ ភាសា​អេ​ស្ប៉ា​ញ ភាសា ក្រេ​អូ​ល និង ភាសា​អង់គ្លេស ។​

​ប្រវត្តិសាស្ត្រ
​ឆ្នាំ ១៤៩២ គុយបា បាន​ធ្លាក់​ទៅ​ក្រោម​អាណានិគម អេ​ស្ប៉ា​ញ ហើយ​បាន​រើបម្រះ​ដណ្តើមបាន​ឯករាជភាព របស់ខ្លួន វិញ​នៅ​ឆ្នាំ ១៩០២ ។ បន្ទាប់ពី​នោះមក គុយបា បាន​ជួបប្រទះ​អស្ថិរភាព​សំខាន់ៗ​ជាច្រើន​ក្នុងនោះ មាន​ទាំង​រដ្ឋប្រហារ និង ការ​លុកលុយ​អន្តរាគមន៍​ដោយ​កងទ័ព អាមេរិក ផង​។​

​ពី​ឆ្នាំ ១៩៤០-១៩៤៤ អតីត​មេទ័ព ហ្វ៊ុ​ល​ហ្កេ​ន​ស៊ីអូ បា​ធី​ស្តា (Fulgencio Batista) បានក្លាយ ជា​ប្រធានាធិបតី ។ នៅ​ឆ្នាំ ១៩៥២ គាត់​បាន​ចាញ់ឆ្នោត ប៉ុន្តែ​គាត់​បានធ្វើ​រដ្ឋប្រហារ​ច្បាម​យក​អំណាច មកកាន់​ទៀត ។

​ខណៈដែល គុយបា ស្ថិតក្នុង​សភាព​គ្មាន​ការងារ​ធ្វើ​ក្នុង​ក​ម្រឹត​ខ្ពស់ និង ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក លោក ប្រធានាធិបតី បា​ធី​ស្តា ក៏បាន​ធ្វើ​នយោបាយ​អមិត្ត​ជាមួយ​ពលរដ្ឋ​របស់ខ្លួន​ដោយ​ការបង្កើតឱ្យមាន​ឩ​ក្រឹ​ដ្ឋ កម្ម​នានា និង អនុញ្ញាតឱ្យ​ក្រុមហ៊ុន​របស់​អាមេរិក​ត្រួតត្រា​សេដ្ឋកិច្ចជាតិ ។

​នា​អំឡុង​អាណត្តិ​ទី​១ របស់គាត់ លោក បា​ធី​ស្តា ទទួលបាន​ការគាំទ្រ​ពី​បក្សកុម្មុយនិស្ត​គុយបា​ប៉ុន្តែ​នៅ​នា​អំឡុង អាណត្តិ​ទី​២ គាត់​បាន​ក្លាយជា​អ្នកប្រឆាំង​កុ​ម្មុយ​និ​ស្ត​យ៉ាងខ្លាំង​ក្លា ដែល​ធ្វើឱ្យ​គាត់​ទទួលបាន​ការគាំទ្រ ផ្នែក​នយោបាយ និង ជំនួយ​យោធា​ពី​សហរដ្ឋអាមេរិក ។ បា​ធី​ស្តា បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ ដ៏​មាន​ឥទ្ធិពល ដែល​បាន​បំបិទមាត់​ពួក​អ្នកប្រឆាំង​គាត់ ។

​ទោះយ៉ាងណា នៅ​អំឡុង​ឆ្នាំ ១៩៥២ លោក​ហ្វ៊ី​ដែល កា​ស្ត្រូ និង ប្អូនប្រុស​របស់គាត់ រ៉ា​អ៊ូ​ល កា​ស្ត្រូ បានរៀបចំ បង្កើត​ចលនានយោបាយ​និង​កងទ័ព​ជាច្រើន ហើយ​បើក​ការវាយប្រហារ​ទៅលើ​រដ្ឋាភិបាល​លោក បា​ធី​ស្តា នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ១៩៥៣ ។ ប៉ុន្តែ​ត្រូវបាន​កងទ័ព​របស់លោក បា​ធី​ស្តា ធ្វើឱ្យ​បរាជ័យ​ហើយ​បងប្អូន ត្រកូល កា​ស្ត្រូ ទាំង ២ នាក់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ១៥ ឆ្នាំ ។ ជា​កុសល​ត្រូវបាន​គ្រូ​របស់ ហ្វ៊ី​ដែល កា​ស្ត្រូ បញ្ចុះបញ្ចូល​លោក បា​ធី​ស្តា ឱ្យ​ដោះលែង​ទាំង ២ នាក់​បងប្អូន​វិញ ។​

​ត្រូវបាន​ដោះលែង​មិន​ទាំង​បាន​ប៉ុន្មាន​ផង បងប្អូន​ត្រកូល កា​ស្ត្រូ បានរ​ត់ទៅ​ចូលរួម​ជាមួយ​ពួក​អ្នកប្រឆាំង នឹង​លោក បា​ធី​ស្តា ផ្សេងទៀត ដែល​កំពុង​នៅ​និរទេស​ខ្លួន​នា​ប្រទេស ម៉ិចស៊ិក រៀបចំ​ផែនការ ដើម្បី​ទម្លាក់​លោក បា​ធី​ស្តា ម្តងទៀត​ដោយ​មានការ​បង្វឹក​ពី​អ្នកជំនាញ​យោធា​នៅ​ក្នុងសម័យ​សង្គ្រាមស៊ីវិល អេ​ស្ប៉ា​ញ គឺ​លោក អាល់​បឺ​តូ បា​យ៉ូ ។​

​នៅ​ខែមិថុនា ឆ្នាំ ១៩៥៥ លោក ហ្វ៊ី​ដែល កា​ស្ត្រូ បាន​ទៅ​ជួប​ជាមួយ​មេដឹកនាំ បដិវត្តន៍ អា​ហ្ស​ង់​ទីន​ហើយ​បាន ដាក់ឈ្មោះ​ចលនា​បដិវត្តន៍​ថា បដិវត្តន៍ ២៦ កក្កដា ដោយ​យក​ស្មារតី នៃ​ចលនា​របស់លោក ហ្វ៊ី​ដែល កា​ស្ត្រូ ដែល​បាន​ដឹកនាំ​កម្លាំង​ប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋាភិបាល​លោក បា​ធី​ស្តា កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​១៩៥៣ ។​

​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៥៥ នោះ នាវា​មួយគ្រឿង បាន​ទៅដល់​ប្រទេស គុយបា ផ្ទុក​ដោយ​បងប្អូន​ត្រកូល កា​ស្ត្រូ និង​មនុស្ស ៨០ នាក់​ផ្សេងទៀត ហើយ​ពួក​តាំងខ្លួន​ជា​ឩ​ទ្ទាម​ទាំងនេះ បាននាំគ្នា​ធ្វើដំណើរ​ទៅ​តំបន់​ជួរ​ភ្នំ Sierra Maestra ភាគ​ខាងលិច នៃ ប្រទេស គុយបា ។

៣ ថ្ងៃ​ក្រោយមក កងទ័ព​របស់​ប្រធានាធិបតី បា​ធី​ស្តា បាន​បើក​ការវាយលុក​សង្គ្រប់​ទៅលើ​បុរស​ទាំង ៨២ នាក់​នេះ ដោយបាន​សម្លាប់​មនុស្ស​អស់​ជាង ៦០ នាក់ ក្នុងចំណោម​អ្នក​ទាំង ៨២ នាក់​នេះ ហើយ​អ្នក​ដែល​នៅ សេសសល់​បាន​រត់​បែកខ្ញែក​គ្នា​ចូល​លាក់ខ្លួន​ព្រៃភ្នំ ដែល​ក្នុងនោះ​ក៏មាន​បងប្អូន កា​ស្ត្រូ ទាំង ២ នាក់​ផង ហើយ​អ្នក​ទាំង​នោះបាន​ដើរ​សាត់អណ្តែត​ក្នុងព្រៃ ដាច់បាយ​ក្រហាយ​ទឹក​ស្វែងរក​គ្នីគ្នា​ដែល​នៅរស់​អស់ រយៈពេល​ជាច្រើន​ថ្ងៃ​រហូត​បាន​ជួបជុំគ្នា​ឡើងវិញ​ដោយសារ​តែមាន​ការជួយ​របស់​កសិករ​ដែលមាន​ចិត្ត​អាណិត អាសូរ​ពួកគេ ។ ពួកគេ​ក៏បាន​ចាប់ផ្តើម​បង្កើត​កងទ័ព​ឩ​ទ្ទាម​នៅក្នុង​ព្រៃភ្នំ​ដោយមាន​ទាំង​នារី​ផង ។

​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៥៧ មាន​ក្រុម​បដិវត្តន៍​ផ្សេងៗ​គ្នា ក្នុងនោះ​មាន​ទាំង​និស្សិត​បង្កើតបានជា​ក្រុម​ដ៏​ធំ​មួយ សំដៅទៅ​វិមាន​ប្រធានាធិបតី ប៉ុនប៉ង​សម្លាប់​ប្រធានាធិបតី ដើម្បី ផ្តាច់​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​រដ្ឋាភិបាល ។ ប៉ុន្តែ​ពួកគេ​បាន​បរាជ័យ ហើយ​មាន​អ្នកខ្លះ​ត្រូវបាន​កងកម្លាំង​របស់​ប្រធានាធិបតី បា​ធី​ស្តា ចាប់ខ្លួន និង សម្លាប់ចោល ។​

​ព្រឹត្តិការណ៍​នេះ បានធ្វើឱ្យ​ផ្អើល​ដល់​ពិភពលោក ហើយ​ដោយសារ​មិនអាច​នៅ​ស្ងៀម​ចំពោះ​ភ្នែក​ពិភពលោក​បាន អាមេរិក ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ គុយបា ហើយ​កោះហៅ​ឱ្យ​អគ្គរដ្ឋទូត​របស់ខ្លួន​ប្រចាំ គុយបា​បន្ថយ​ទំនាក់ ទំនង​ជាមួយ គុយបា ។ អ្នកគាំទ្រ​លោក បា​ធី​ស្តា នៅក្នុង​ប្រទេស​បាន​ថយចុះ ដោយ​អ្នកខ្លះ​ផ្តាច់ខ្លួន​ចេញ ហើយ​អ្នកខ្លះរ​ត់ទៅ​ចូលរួម​ជាមួយ​ពួក​បដិវត្តន៍ ។ ប៉ុន្តែ​ពួក ម៉ា​ហ្វ៊ី​យ៉ា និង ពួក​ឈ្មួញ អាមេរិក​នៅតែ​បន្ត សហការ​ជាមួយ លោក បា​ធី​ស្តា ដដែល ។

​ជារឿយៗ រដ្ឋាភិបាល​របស់លោក បា​ធី​ស្តា ត្រូវ​កែសម្រួល​ដោយ​ឃោ​ឃៅ ដើម្បី​រក្សា​ទីក្រុង​នានា​ឱ្យនៅ​ក្រោម​ការ គ្រប់គ្រង ។ ចំណែក​ក្រុម​ក្នុងព្រៃ​ភ្នំ​របស់​បងប្អូន កា​ស្ត្រូ ឯណោះ​វិញ បាន​កើន​ចំនួន​កងទ័ព​យ៉ាង​ឆាប់រហ័ស ហើយ​បង្កើតបានជា​ចលនានយោបាយ​ក្នុងព្រៃ​ភ្នំ ដឹកនាំ​ដោយ ហ្វ៊ី​ដែល កា​ស្ត្រូ ។ ប៉ុន្តែ​ពួកនេះ​ក៏​មិន​ស្លូតបូត ប៉ុន្មាន​ដែរ គឺ​ឱ្យតែ​គេ​សង្ស័យ​ជន​ណា​ថា​ជា​អ្នក​ស្មោះត្រង់​នឹង បា​ធី​ស្តា នោះ​ពួកគេ​នឹង​កាត់ទោស​ជន​នោះ​ភ្លាម ។ នៅ​ខែ កុម្ភៈ ឆ្នាំ ១៩៥៨ ពួកគេ​បាន​បង្កើត​វិទ្យុ​មួយ​ផ្សាយ​ឃោសនា ចេញពី​ក្នុងព្រៃ​ដែល​អាច​ស្តាប់ឮ​ពាស ពេញ​ប្រទេស​។

​ទោះជា​បងប្អូន កា​ស្ត្រូ ជោគជ័យ​យ៉ាងណា ក៏មាន​កងទ័ព​ត្រឹមតែ​ប្រហែលជា ២០០ នាក់​ប៉ុណ្ណោះ និង មាន​អាវុធ​យ៉ាង​ខ្សោះ​ខ្សោយ ចំណែក​ខាង​រដ្ឋាភិបាល មាន​កងទ័ព និង ប៉ូលិស​ប្រមាណ​ជា ៣៧.០០០ នាក់​បំពាក់​ដោយ​អាវុធ​មានគុណ​ភាព ។
​ ​
​ទោះយ៉ាងណា ស្ថានភាព​នៅ​ប្រទេស គុយបា នៅពេលនេះ បា​ធី​ស្តា លែង​សូវ​មានតម្លៃ​សម្រាប់ អាមេរិក ទៀតហើយ ព្រោះ​មានការ​បែកខ្ញែក​គ្នាច្រើន ពោលគឺ​ទង្វើ​របស់លោក បា​ធី​ស្តា​ធ្វើឱ្យប៉ះបាល់​ដល់​ប្រជាប្រិយភាព របស់ អាមេរិក ដែល​ស្ថានភាព​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​ករណី ងូវ ឌិ​ញ យាប នៅ​វៀតណាម ខាងត្បូង កាលពី​ឆ្នាំ ១៩៦៣ ។​

​ជា​ផ្នែក​មួយ​នៃ​ចេតនា​ក្នុង​ការដក បា​ធី​ស្តា ចេញ ដើ​ម្ប ដាក់​អ្នកផ្សេង​ជំនួស​គាត់ ដែល​អាចមាន​ប្រសិទ្ធភាព ចំពោះ អាមេរិក ជាង ជំនួយ​សព្វាវុធ ត្រូវបាន​អាមេរិក ដាក់​បម្រាម​លើ គុយបា នៅ​ឆ្នាំ ១៩៥៨​ដែល​បានធ្វើឱ្យ កងទ័ព​រដ្ឋាភិបាល ចុះខ្សោយ​យ៉ាង​មាន​ប្រសិទ្ធភាព ខណៈ​ក្រុម​ឩ​ទ្ទាម​ប្រឆាំងនឹង​លោក បា​ធី​ស្តា មាននៅ​ពាសពេញ​ប្រទេស ។​

​ទីបំផុត លោក បា​ធី​ស្តា បាន​ឆ្លើយតប​ទៅនឹង​ក្រុម​របស់ កា​ស្ត្រូ ដោយ​ការវាយប្រហារ​ទៅលើ​បន្ទាយ កា​ស្ត្រូ នៅក្នុង​ភ្នំ​ដោយ​ប្រើ​កងទ័ព​១២.០០០ នាក់ ។ ប៉ុន្តែ​ក្នុងនោះ ប្រហែលជា​ពាក់កណ្តាល​ជា​ទាហាន​ថ្មី​មិន​ទទួល បានការ​ហ្វឹកហាត់​អ្វី​ឡើយ ។ ប្រតិបត្តិការ​កងទ័ព​ដ៏​ទ្រង់ទ្រាយ​ធំ​នេះ ឈ្មោះថា បា​ធី​ស្តា​។​

​ការប្រយុទ្ធ​គ្នា​មួយ​នៅ La Plata ចាប់ពី​ថ្ងៃទី ១១-២១ កក្កដា ឆ្នាំ ១៩៥៨ ទ័ព​ឩ​ទ្ទាម​របស់លោក កា​ស្ត្រូ បាន​យកឈ្នះ​កង​ទ័​រដ្ឋាភិបាល ៥០០ នាក់ ចាប់ខ្លួនបាន ២៤០ ដោយ​ខាង​កងទ័ព​ឩ​ទ្ទាម​ស្លាប់​តែម​នុស្ស​បី នាក់​ប៉ុណ្ណោះ ។ ទោះយ៉ាងណា នៅ​សមរភូមិ Las Mercedes កងទ័ព​ឩ​ទ្ទាម​ស្ទើរតែ​ខ្ទេចខ្ទាំ​ដោយសារ កងទ័ព​រដ្ឋាភិបាល​ដ៏​ច្រើន​លើសលប់ រហូត​លោក ហ្វ៊ី​ដែល កា​ស្ត្រូ ប្រកាស​បទ​ឈប់​បាញ់ នៅ​ថ្ងៃទី​១ ខែ សីហា ឆ្នាំ ១៩៥៨ នោះ ។ រយៈពេល​ប្រមាណ​ជា ៧ ថ្ងៃ​ក្រោយមក បន្ទាប់ពី​ការចរចា​មិនបាន​ផ្លែផ្កា​កងទ័ព​ឩ​ទ្ទាម របស់លោក កា​ស្ត្រូ បាន​ដក​ត្រឡប់​ចូល​ភ្នំ​វិញ នៅ​ថ្ងៃទី ៨ ហើយ ប្រតិបត្តិការ Verano ត្រូវបាន​បញ្ចប់​។​

​ដោយមាន​ភាព​ក្តៅក្រហាយ បន្ទាប់ពី​បរាជ័យ​មក នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ ១៩៥៨ បងប្អូន កា​ស្ត្រូ បាន​ដឹកនាំ ក្រុម​ឩ​ទ្ទាម​ដោយផ្ទាល់ បើក​ការវាយលុក​ខ្សែត្រៀម​ជួរមុខ ។ ដោយមាន​បទពិសោធន៍ និង អាវុធ​ដែល​រឹបអូស បាន​ពី​អំឡុងពេល ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​មុននេះ​ផង កងទ័ព កា​ស្ត្រូ បាន​ជោគជ័យ​ធំៗ​ជាច្រើន សមរភូមិ ។ ជោគជ័យ​លេចធ្លោ​ជាងគេ​នៅឯ Guisa និង​បាន​ដណ្តើមយក​ទីក្រុង​ជាច្រើន​ដែល​អាច​គ្រប់ គ្រង​តំបន់ Cauto ទាំងស្រុង ។​

​ស្របពេល​ជាមួយគ្នា​នោះ មាន​កងទ័ព​ឩ​ទ្ទាម បី​ក្រុម​ផ្សេងៗ​គ្នា​ទៀត ដែល​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ កា​ស្ត្រូ បាន​បើ​ការវាយលុក​ទៅ​ខេត្ត​មួយចំនួន ភាគ​ខាងលិច នៃ ប្រទេស ដណ្តើមបាន​ខេត្ត​មួយចំនួន​នៅ​ទីនោះ និង បាន​រួបរួម​ជាមួយ​កម្លាំង​តស៊ូ​ដទៃទៀត​នៅ​ទីនោះ ។​

​បរាជ័យ​ជា​បន្តបន្ទាប់ និង​ស្ទើរតែ​គ្រប់​សមរភូមិ ប្រធានាធិបតី បា​ធី​ស្តា មាន​ក្តី​ភ័យខ្លាច​ក៏​ភៀសខ្លួន​ចេញពី ប្រទេស នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៥៩ ។ ប្រវត្តិសាស្ត្រ គុយបា បានចាត់ទុក​ថ្ងៃនោះ​ថា​ជា​ថ្ងៃ​បរាជ័យ របស់​រដ្ឋាភិបាល​លោក បា​ធី​ស្តា ហើយ​ជា​ថ្ងៃ​ជោគជ័យ​របស់​ពួក​បដិវត្តន៍​មាន​ចលនា ខែ កក្កដា របស់លោក ហ្វ៊ី​ដែល កា​ស្ត្រូ ជា​ប្រមុខ ។

​ទីក្រុង​ជាច្រើន​បាន​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ឩ​ទ្ទាម កា​ស្ត្រូ និង ឩ​ទ្ទាម​ផ្សេងៗ​ទៀត ជា​បន្តបន្ទាប់ ។ កា​ស្ត្រូ បាន​ចូលដល់​ទីក្រុង Havana នៅ​ថ្ងៃទី​៨ ខែ មករា ឆ្នាំ នោះ ហើយ​ជម្រើស​ទី ១ របស់គាត់​ឱ្យធ្វើជា ប្រធានាធិបតី គឺ​លោក Manuel Urrutia Lleó បាន​ចូលកាន់​តំណែង​តាំងពី​ថ្ងៃទី​៣ ខែមករា​ដឹកនាំ​រដ្ឋាភិបាល បដិវត្ត​សង្គមនិយម ។

​ចលនា​នេះ បាន​កែទម្រង់​ជា​បន្តបន្ទាប់​ជាមួយ​ពួក​កុ​ម្មុយ​និ​ស្ត ក៏បាន​ក្លាយជា បក្សកុម្មុយនិស្ត គុយបា ចាប់ពី​ខែ តុលា ឆ្នាំ ១៩៦៥ ដែល​បច្ចុប្បន្ន​ដឹកនាំ​ដោយ រ៉ា​អ៊ូ​ល កា​ស្ត្រូ ប្អូនប្រុស​របស់ ហ្វ៊ី​ដែល កា​ស្ត្រ ហើយ​ដឹកនាំ​ប្រទេស គុយបា រហូតមកដល់​សព្វថ្ងៃ ៕ ដោយៈ មេសា​

លោក ហ្វ៊ី​ដែល កា​ស្ត្រូ គឺជា​វីរៈបុរស​របស់ គុយបា
​ទីក្រុង ឡា ហាវ៉ាន ប្រទេស គុយបា