ដោយៈសាវរក្ស/ភ្នំពេញ ៖ ម៉ូតូ២គ្រឿងជិះទន្ទឹមគ្នាទាក់ដៃចង្កូតបណ្ដាលឱ្យដួលហើយរថយន្តមកពីក្រោយកិនស្លាប់មន្ត្រីកងរាជអាវុធហត្ថម្នាក់ បង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ៨និង ៣០នាទី យប់ថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ ២០១៩ ត្រង់ចំណុចមុខ សាលារៀនញូវតុនធីឡាយ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

រងគ្រោះដែលស្លាប់ បើតាមអត្តសញ្ញាណ និងប័ណ្ណនាយទាហានមានឈ្មោះ ហែម នី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរី ឋានន្តរសក្តិ អនុសេនីយ៏ឯក ។ ចំណែកឯអត្តសញ្ញាណមានឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៥៥ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញ បុរសខាងលើជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HA.0257បើកតាមបណ្ដោយផ្លូវជាតិលេខ ២ ទឹសដៅពីត្បូងមកជើង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកបានប៉ះដៃចង្កូតបណ្ដាលឱ្យដួលហើយក៏មានរថយន្តស្តារិច ពណ៌ស ពាក់ស្លាក លេខ កណ្តាល2A.9835ជិះមកពីក្រោយបុកកិនពីលើ ធ្វើឱ្យបុរស កងរាជអាវុធហត្ថ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូបង្កបានជិះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។រថយន្តដែលកិនបុរសខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាប់តៃកុងយកទៅរក្សាទុក រង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ក្រុង ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែក សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តចាក់អង្រែក្រោម៕B/