ដោយៈចាន់តូ/ភ្នំពេញ ៖ ដងស្ទឹងព្រែកត្នោត ត្រូវគេចាក់ដីលុបទៀតហើយ ! ប្រឡាយ បឹង បួរ ព្រែក អូរ ស្ទឹង ធម្មជាតិទាំងឡាយ វាគឺជាសម្បត្តិរបស់រដ្ឋ សម្រាប់បំរើផលប្រយោជន៍ជូនសាធារណ ជនទូទៅ ដូច្នេះគ្មានបុគ្គលណាម្នាក់មានសិទ្ធិរំលោភបំពានបោះបង្គោល ឬ ចាក់ដីរំលោភយកបានឡើយ ។

បើយើងក្រឡេកទៅមើលនៅក្នុងមូលដ្ឋានខណ្ឌដង្កោឯណោះវិញ ថ្មីៗនេះ ដងស្ទឹងព្រែកត្នោតមួយចំណែក ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ កំពុងមានការចាក់ដីរំលោភបំពាន បំណងធ្វើជាកម្មសិទ្ធិផ្ទាល់របស់បុគ្គលណាម្នាក់ ។

បើតាមលោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ ទទួលផ្នែកនេះ បានឆ្លើយនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ យ៉ាងខ្លីថា ការងារខ្ញុំបានចុះទៅធ្វើកំណត់ហេតុរួចហើយ – មិនអោយមានសកម្មភាពចាក់បែបនេះតទៅទៀតទេ – មិនអោយមានការសាងសងអ្វីនៅលើទីតាំងនោះដែរ សូមអរគុណ ។

ចំពោះការបកស្រាយបំភ្លឺរបស់ លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ បែបនេះ មិនបានបង្ហាញរូបភាព និងខ្លឹមសារលំអិត នៃការចុះពិនិត្យទីតាំងដែលចាក់ដីរំលោភបំពានយក ដងស្ទឹងព្រែកត្នោតនោះឡើយ សូម្បីតែពេលវេលា និងថ្ងៃខែឆ្នាំ នៃការចុះពិនិត្យនោះ ក៏មិនបានបញ្ជាក់។

ទោះបីយ៉ាងណាក្តីចំពោះបញ្ហានេះ មហាជនទូទៅកំពុងទន្ទឹងរង់ចាំតាមដានព័ត៍មានបន្តទៀត ថា តើអាជ្ញាធរខណ្ឌដង្កោ នឹងមានវិធានការបែបណាចំពោះបុគ្គលរូបនោះ ដែលហ៊ានលួចចាក់ដីរំលោភបំពានស្ទឹងព្រែកត្នោតបែបនេះ ???? ? ។

ប៉ុន្តែអ្វីដែលមហាជនចង់ឃើញ គឺស្នើរសុំឲ្យអាជ្ញាធរខណ្ឌដង្កោ មេត្តាមានវិធានការកាយដីនោះឲ្យអស់ចេញស្ទឹងព្រែកត្នោតឡើងវិញ ដើម្បីថែករក្សាធាតុដើមនៃស្ទឹង ។ បើទោះបីមិនមានការចាក់ដីលុបបន្ត ក៏ត្រូវតែកាយដីនោះអោយអស់ចេញពីស្ទឹងដែរ ពីព្រោះថា ស្ទឹងព្រែកត្នោតនេះ វាមិនមែនជារបស់បុគ្គលឯកជនណាម្នាក់នោះទេ វាគឺជាសម្បត្តិរបស់រដ្ឋ សម្រាប់បំរើផលប្រយោជន៍ជូនសាធារណជនទូទៅ ដូច្នេះគ្មានបុគ្គលណាម្នាក់មានសិទ្ធិរំលោភបំពានបោះបង្គោល ឬ ចាក់ដីរំលោភយកបានឡើយ ៕B/