​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បានប្រកាស​បញ្ចប់​ការផ្អាក​ការសាកល្បង​នុយគ្លេអ៊ែរ​និង​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប ហើយ​បាន​គំរាម​បង្ហាញ​សព្វាវុធ​ថ្មី​​មួយ​ក្នុងពេល​ឆាប់ៗ​។​

​អ្នកវិភាគ​បាន​និយាយថា ការប្រកាស​ក្នុង​សារព័ត៌មាន​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​ទី​០១​មករា​ឆ្នាំ​២០២០​នេះ ស្មើ​នឹង​លោក​គីម​« យក​កាំជ្រួច​ភ្ជង់​ក្បាល​លោក​ត្រាំ​»​តែ​បាន​ព្រមាន​ថា ការបង្កើន​ភាព​តានតឹង​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ប្រហែលជា​នឹង​នាំ​មក​ផលវិបាក​ត្រឡប់​វិញ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​រួសរាន់​ប្រតិកម្ម ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេវ ទទូច​អោយ​លោក​គីម «​ជ្រើស​យក​ផ្លូវ​ដើរ​ផ្សេង​» និង​បាន​​សង្កត់ធ្ងន់​ថា អាម៉េរិក​ចង់បាន​«​សន្តិភាព មិនមែន​ការប្រឈមមុខ​» ជាមួយ​កូរ៉េ​ខាងជើង​ទេ​។​

​លោក​រដ្ឋមន្ត្រី​បាន​និយាយថា លោក​សង្ឃឹម​កូរ៉េខាងជើង​នឹង​ជ្រើស​យក​សន្តិភាព​ជំនួស​អោយ​សង្គ្រាម​ដោយ​«​យើង​សង្ឃឹមថា​…​លោក​ប្រធាន​គីម​នឹង​ធ្វើ​ការសំរេច​​ចិត្ត​ត្រឹមត្រូវ​។​លោក​នឹង​ជ្រើស​យក​សន្តិភាព​និង​វិបុលភាព​ជំនួស​អោយ​ជម្លោះ​និង​សង្គ្រាម​»​។​

គីម ជុង​អ៊ុន បាន​និយាយថា ពិភពលោក​នឹង​បានឃើញ​សព្វាវុធ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ក្នុងពេល​ឆាប់ៗ​

​កូរ៉េ​ខាងជើង​កាលពី​មុន​បាន​បាញ់​កាំជ្រួច​ដែល​អាច​ទៅដល់​ដីគោក​អាម៉េរិក​ទាំងអស់ និង​បាន​សាកល្បង​នុយគ្លេអ៊ែរ​ចំនួន​៦​លើក​ហើយ​គ្រាប់​សាក​ចុងក្រោយ​​មាន​កម្លាំង​ខ្លាំង​ជាង​គ្រាប់បែកបរមាណូ​ដែល​អាម៉េរិក​ទម្លាក់​លើ​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា​ដល់ទៅ​១៦​ដង​។​

​ការផ្អាក​ការសាកល្បង​ដោយ​ខ្លួនឯង​នេះ ជា​ស្នូល​នៃ​កិច្ចការ​ទូត​នុយគ្លេអ៊ែរ​រវាង​កូរ៉េ​ខាងជើង​និង​អាម៉េរិក​នៅ​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ តែ​កិច្ចពិភាក្សា​អំពី​​ការរំសាយ​នុយគ្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​បាន​ជាប់គាំង​ចាប់តាំងពី​ជំនួប​លើក​ទី​២​រវាង​ត្រាំ​និង​លោក​គីម​នៅ​ក្រុង​ហាណូយ​កាល​ពីដើ​ឆ្នាំមុន ដោយសារ​តែ​កូរ៉េ​​ខាងជើង​ចង់អោយ​អាម៉េរិក​បន្ធូរបន្ថយ​ទណ្ឌកម្ម​បណ្តើរៗ តែ​អាម៉េរិក​មានៈ​រក្សា​ការដាក់​សម្ពាធ​។​

​ជា​លទ្ធផល កូរ៉េ​ខាងជើង​បាន​ដាក់​កាលកំណត់​ចុងឆ្នាំ​២០១៩​សំរាប់​អោយ​អាម៉េរិក​ដូរ​គោលនយោបាយ​អរិភាព​របស់​ខ្លួន​ចំពោះ​កូរ៉េខាងជើង ជា​ថ្នូរ​នឹង​ការ​បន្ត​​កិច្ចពិភាក្សា​តែ​អាម៉េរិក​បដិសេធ និង​នៅ​ទីបំផុត​កូរ៉េខាងជើង​ប្រកាស​បញ្ចប់​ការផ្អាក​ការសាកល្បង​សព្វាវុធ​ចាប់ពី​ដើម​ឆ្នាំ​នេះ​តទៅ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​KCNA បាន​ស្រង់​សម្តី​លោក​គីម ដែល​បាន​មានប្រសាសន៍ថា « គ្មាន​ប្រយោជន៍​អ្វី​ដែល​យើង​បន្ត​ធ្វើ​តាម​ការប្តេជ្ញា​ចិត្ត​តែ​​ឯង​តទៅទៀត​ទេ​។​ពិភពលោក​នឹង​បានឃើញ​សព្វាវុធ​ថ្មី​មួយ​របស់​កូរ៉េខាងជើង​នៅ​ពេល​អនាគត​ដ៏​ខ្លី​»​។​

​លោក​គីម​បាន​បន្ថែមថា​«​អាម៉េរិក​បង្កើន​ការទាមទារ ដែល​វា​ផ្ទុយ​ពី​ផលប្រយោជន៍​ជា​មូលដ្ឋាន​នៃ​រដ្ឋ​របស់​យើង​និង​កំពុង​ប្រកាន់យក​ឥរិយាបទ​បែប​ចោរ​​ប្លន់​។​អាម៉េរិក​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​តូចធំ​រាប់សិប​លើក​ទោះ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​នេះ​បាន​សន្យា​ផ្ទាល់​ខ្លួន​លោក​ថា​ឈប់​ធ្វើ​ក្តី​។​យើង​មិន​ដែល​លក់​​សេចក្តីថ្លៃថ្នូរ​របស់​យើង​។​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​នឹង​ប្តូរ​ទៅ​ចាត់វិធានការ​ដ៏​ភ្ញាក់ផ្អើល​ជាក់ស្តែង​មួ​ដើម្បីអោយ​អាម៉េរិក​សង​នូវ​ការឈឺចាប់​ដែល​ប្រជាជន​​យើង​បាន​ទទួល​»៕​ប្រែ​សម្រួល​៖​វាសនា​