​អូស្ត្រាលី​កាលពី​ថ្ងៃ​ពុធ​ទី​០១​មករា បាន​បញ្ជូន​នាវាចម្បាំង​និង​យន្តហោះ​យោធា​ទៅ​ជួយ​សហគមន៍​ដែល​កំពុង​រង​ការ​គំរាម​ពី​ភ្លើង​ព្រៃ ដែល​បាន​បំផ្លាញ​ផ្ទះ​និង​​បញ្ជូន​អ្នកស្រុក រួមទាំង​អ្នក​ដើរ​លេង​កម្សាន្ត​សម្រាកកាយ​រាប់ពាន់នាក់​ទៅកាន់​ឆ្នេរសមុទ្រ​ដើម្បី​សុវត្ថិភាព​។​

​នាវា​កងទ័ពជើងទឹក និង​យន្តហោះ​យោធា​បាន​នាំ​ទឹក អាហារ​និង​ប្រេងឥន្ធនៈ​ទៅកាន់​បណ្តា​ទីប្រជុំជន នៅពេល​គ្រឿង​ផ្គត់ផ្គង់​និង​ស្បៀង​បាន​អស់​ហើយ​ផ្លូវ​​គោក​ត្រូវ​កាត់ផ្តាច់​ដោយសារ​ភ្លើង​។​

នាវាHMAS Choulesចេញដំណើរពីមូលដ្ឋានទ័ពជើងទឹកនៅក្រុងស៊ីដនីកាលពីថ្ងៃពុធដើម្បីចូលរួមប្រតិបត្តិការដឹកស្បៀងនិងអាចជម្លៀសអ្នកជាប់ក្នុងភ្លើងព្រៃ

​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក មនុស្ស​៤​នាក់​បាន​ស្លាប់​នៅពេល​អណ្តាតភ្លើង​បាន​លេប​ត្របាក់​បណ្តា​សហគមន៍​នៅ​ក្នុង​រដ្ឋ ញូ​វ សោត​វេលស៍​និង វិច​ធឺ​រៀនៅ​ឆ្នេរ​ភាគ​​អាគ្នេយ៍​របស់​អូស្ត្រាលី​។​

​កាលពី​ព្រឹក​ថ្ងៃ​អង្គារ មនុស្ស​ប្រមាណ​៤​ពាន់​នាក់​នៅ​ទីប្រជុំ​ម៉ាល់​ឡា​គូ​តា ក្នុង​រដ្ឋ​វិធឺ​រៀ បាន​ភៀសខ្លួន​ទៅ​កាន់​មាត់សមុទ្រ នៅ​ពេល​ខ្យល់​បាន​រុញ​ភ្លើងព្រៃ​ឆ្ពោះ​​មក​កាន់​ផ្ទះ​របស់​គេ​នៅ​ក្រោម​មេឃ​ខ្មៅ​ក្រហម ដែល​បង្កឡើង​ដោយ​ផ្សែង​និង​អណ្តាតភ្លើង​។​អ្នកស្រុក​និង​អ្នក​អ្នកទេសចរ​ដែល​ជាប់​ក្នុង​ភ្លើងព្រៃ​បាន​ដេក​នៅ​​ក្នុង​រថយន្ត​និង​លើ​ឆ្នេរ នៅពេល​ស្ថានីយ​ប្រេង​និង​ក្លឹប​ជិះ​ក្តារបន្ទះ​លើទឹក ប្រែក្លាយ​ទៅ​ជា​កន្លែង​ទទួល​អ្នក​ភៀសខ្លួន​៕​ប្រែ​សម្រួល​៖​វាសនា​