កិច្ចព្រមព្រៀងពាណិជ្ជកម្ម “ដំណាក់កាលទីមួយ” រវាងអាម៉េរិកនិងចិន នឹងចុះហត្ថលេខានៅថ្ងៃទី១៥មករា

346
ចែករម្លែក

ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃអង្គារទី៣១ធ្នូថាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយផ្នែករវាងសហរដ្ឋអាម៉េរិកនិងចិននឹងត្រូវចុះហត្ថលេខានៅពាក់កណ្តាលខែមករាដោយប្រកាសថាលោកក៏នឹងធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីបន្តកិច្ចពិភាក្សាដែរ។

Tweet របស់លោកត្រាំ ដែលបានបង្ហោះមុនពេលទីផ្សារហិរញ្ញវត្ថុ Wall Street បើកថ្ងៃពាណិជ្ជកម្មចុងក្រោយនៃឆ្នាំ២០១៩ បានកំណត់កាលបរិច្ឆេទសម្រាប់ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ដែលបានជាប់ផុងក្នុងភាពមិនច្បាស់លាស់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈព័ត៌មានលម្អិតអំពីការចរចាបន្តនៅមិនទាន់មាននៅឡើយ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំងកាលពីដើមខែនេះបានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ដោយកាត់បន្ថយសង្គ្រាមពាណិជ្ជកម្មជិតពីរឆ្នាំរបស់ពួកគេ ខណៈលោកត្រាំបានកាត់បន្ថយឬលុបចោលពន្ធមួយចំនួន ស្របពេលប៉េកាំងសន្យាថាអនុម័តនូវកំណែទម្រង់ពាណិជ្ជកម្មនិងទិញកសិផលរបស់អាម៉េរិកបន្ថែមទៀត។

សំណៅកិច្ចព្រមព្រៀងដំណាក់កាលទីមួយមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេដោយមន្រ្តីអាមេរិកនិយាយថាវាគ្រាន់តែជាការពិនិត្យបច្ចេកទេសឡើងវិញ។

លោកត្រាំបានសរសេរលើ Twitter ថា “ខ្ញុំនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ដ៏ធំនិងគ្រប់ជ្រុងជ្រោយរបស់យើងជាមួយចិននៅថ្ងៃទី ១៥ ខែមករា។ ពិធីនេះនឹងប្រព្រឹត្តទៅនៅសេតវិមាន។ តំណាងជាន់ខ្ពស់នៃប្រទេសចិននឹងមានវត្តមាន”។

មន្ត្រីអាម៉េរិកនិងចិនបាននិយាយថាកិច្ចព្រមព្រៀងនេះរួមមានការការពារកម្មសិទ្ធិបញ្ញា ម្ហូបអាហារនិងទំនិញកសិកម្ម សេវាកម្មហិរញ្ញវត្ថុនិងអត្រា​ប្តូ​រ​ប្រាក់​បរទេស និង វិធានការរកដំណោះស្រាយសម្រាប់ជម្លោះ។

យោងតាមអ្នកតំណាងពាណិជ្ជកម្មអាម៉េរិកលោករ៉ូបឺត ឡៃធីសហ្ស័របានឱ្យដឹងថា តាមកិច្ចព្រមព្រៀងថ្មីនេះ ប្រទេសចិនបានប្តេជ្ញាបង្កើនការទិញទំនិញអាម៉េរិកអប្បបរមាតម្លៃ ២០០ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំខាងមុខពីក្រុមហ៊ុនផលិតកម្ម កសិករ ក្រុមហ៊ុនផលិតថាមពលនិងក្រុមហ៊ុនផ្តល់សេវាកម្ម៕ ដោយ៖ កញ្ញាដាលីស

លោកត្រាំចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយនៅថ្ងៃទី១៥មករា

ទីតាំងផ្សាយពាណិជ្ជកម្ម