ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: គណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ អះអាងពីការទ្រោលសភាពការណ៍សំខាន់ៗ មួយចំនួន ក្នុងឆ្នាំ២០១៩កន្លងមក។
លោក អ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ថ្លែងដូច្នេះកាលពីរាត្រីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ ក្នុងឱកាសប្រារព្ធពីធីបុណ្សឆ្លងឆ្នាំសាកល២០១៩ ឈានចូលឆ្នាំ២០២០ នៅវេទិកាខេត្តឬសួនមានជ័យនាប្រជុំជនខេត្តបន្ទាយមានជ័យ។
ចំពោះមុខមន្ត្រី កងកម្លាំងនិងប្រជាពលរដ្ឋជាច្រើននាក់ដែលបានមកចូលរួមអបអរ ពិសារនំបញ្ចុកសាមគ្គី ដើរនិងរាំកំសាន្តនោះ លោកអភិបាលខេត្តបានរំលឹកពីកត្តាសុខសន្តិភាពស្ថេរភាពសុវត្ថិភាព និងកំណើនសេដ្ឋកិច្ចជាតិនិងជីវភាពប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខនិងការចូលរួមរបស់កងកម្លាំង មន្ត្រីរាជការ ប្រជាពលរដ្ឋនិងមិត្តបរទេសក្នុងនាមជាដៃគូអភិវឌ្ឍន៍។
ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានទ្រោលបាននូវស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ពោលគឺរដ្ឋបាលខេត្តនិងក្រសួងស្ថាប័នពាក់ព័ន្ធបានជ្រោមជ្រែងនិងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផល ប្រកបរបររកស៊ីធ្វើអាជីវកម្ម។
ជាងនេះទៅទៀត ខេត្តក៏ពង្រឹងបាននូវស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ទាំងក្នុងភូមិសាស្ត្រនិងតាមបណ្តោយព្រំដែនកម្ពុជា ថៃ។ ក្នុងនោះដែរ ក្នុងការអនុវត្តអនុសាសន៍និងការណែនាំរបស់ថ្នាកលើ ខេត្តបានសហការនឹងកងកម្លាំងពាក់ព័ន្ធទ្រោលបានសភាពការណ៍ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩ ហើយធ្វើអោយបរាជ័យទាំងស្រុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រជាជននៃក្រុមឧទ្ទាមក្បត់ជាតិមានទណ្ឌិតសម រង្សីជាមេខ្លោងនិងបក្ខពួកនៃអតីតគណបក្សសង្គ្រោះជាតិដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតពីការបោះឆ្នោតតាមរយៈការប្រកាសថាធ្វើមាតុភូមិនិវត្តន៍ថ្មើរជើងឆ្លងកាត់ព្រំដែនពីប្រទេសថៃមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ជាសារគោរពជួនពរ ប្រសិទ្ធិពរជ័យសិរីសួស្តី ជោគជ័យដល់ក្រុមគ្រួសារប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងនិងប្រិយមិត្តបរទេសនាឱកាសបុណ្យចូលឆ្នាំសាកល២០២០ និងដើម្បីអោយក្រុមគ្រួសារ ខេត្ត សង្គម និងប្រទេសជាតិកម្ពុជា បន្តរីកចម្រើន សម្បូរសប្បាយ លោកអ៊ុ រាត្រី ក៏អំពាវនាវដល់មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ សូមបន្តខិតខំអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសត្រូវថែរក្សាសុខសន្តិភាព ស្ថេរភាព សុវត្ថិភាពនិងកំណើនសេដ្ឋកិច្ច ៕ ល