ដោយ: អង្គរតូច / សៀមរាប: របាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិ ចូលរួមអបអរឆ្លងឆ្នាំសកលឆ្នាំ២០១៩ ចូលឆ្នាំ២០២០ នៅខេត្ដសៀមរាប មានចំនួនប្រមាណជិត៣០ម៉ឺននាក់ បើធៀបនិងឆ្នាំ២០១៨ កើនឡើងជាង៤ភាគរយ។ ប៉ុន្ដែភ្ញៀវទេសចរណ៍អន្ដរជាតិ មានការថយចុះ។
របាយការណ៍ បង្ហាញទៀតថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំសាកល ២០១៩ ចូលឆ្នាំ២០២០ មានភ្ញៀវទេសចរសរុបប្រមាណ២៩៦, ៣២២នាក់ មានការកើនឡើង៤.៣៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ចំនួន ២៨៤,០៣១នាក់ ។ ក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៦,៣២២នាក់ មានការថយចុះ-២២.៦៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ចំនួន ៣៤,០៣១នាក់។ របាយការណ៍បានបង្ហាញថា ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ២៧ ម៉ឺននាក់ មានការកើនឡើងប្រមាណ៨.០០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ចំនួនប្រមាណ២៥ ម៉ឺននាក់។
ជាមួយនឹងការកើនឡើងនៃភ្ញៀវទេសចរណ៍ជាតិ ផ្នែកសន្តិសុខនិងសណ្តាប់ធ្នាប់ ក៏មានការការពារយ៉ាងប្រសើរផងដែរ។ ក្នុងរាត្រីដ៏សែនមនោរម្យ ឆ្លងឆ្នាំសកល២០១៩-២០២០ ពលរដ្ឋទូទាំងខេត្តទេសចរណ៍សៀមរាបអង្គរ សម្តែងការសាទរ និងមោទន:ភាព ពេញមួយរាត្រី ជាពិសេសនៅតំបន់ផាប់ស្ទ្រីត និងដងស្ទឹងសៀមរាបតែម្តង៕ ល