ដោយ​: គ្រញូង / បាត់ដំបង​: យុវជន​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយ​ខ្ទេច​ប្រអប់ជើង​ខាងស្តាំ​ម្ខាង ព្រោះតែ​ចូល​កាប់​ព្រៃ​ក្នុង​តំបន់ហាមឃាត់​នៅក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​បាន​ជាន់មីន​បណ្តាល​ឲ្យ​ផ្ទុះ​កក្រើក​ដី​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ត្រង់ចំណុច​បេង​ប្រហោង​ព្រំប្រទល់​ក្បាល​អូរ​ក្រូច​ស្ថិតក្នុង ភូមិសាស្ត្រ​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត​ខេត្ត បាត់ដំបង​។​

​លោក​វរសេនីយ៍​កោ ស៊ុន​កាំ​ង​អធិការនគរបាល​ស្រុក​សំឡូត បានឱ្យដឹងថា យុវជន​រងគ្រោះ​មានឈ្មោះ ឡា ពេជ្រ អាយុ ១៦​ឆ្នាំ នៅ​ភូមិ​អូរ​ទន្ទឹម ឃុំ​តា​សាញ ស្រុក​សំឡូត បាន​ចូលទៅ​កាប់​ឆ្ការព្រៃ​នៅក្នុង​តំបន់​ក្បែរ​ព្រំដែន ដែលជា​តំបន់ហាមឃាត់​មាន​ចម្ងាយ​ពី​ខ្សែបន្ទាត់​ព្រំដែន​ប្រមាណ ១​គីឡូម៉ែត្រ ហើយ​បាន​ជាន់​ទៅលើ​មីន​ស្គរ​ដែលជា​ប្រភេទ​គ្រាប់មីន ដែល​នៅ​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ផ្ទៃក្នុង បណ្តាល​ឲ្យ​ខ្ទេច​ប្រអប់ជើង​ស្តាំ​ម្ខាង​របួស​យ៉ាង​អ្ង​ន់​ធ្ងន់ធ្ងរ ត្រូវបាន​សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ជាបន្ទាន់​។

​លោក​អធិការ​ស្រុក​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ​នេះ បាន​ចូលទៅ​កាប់​ព្រៃ​ដែលជា​តំបន់ហាមឃាត់ ព្រោះ​ទីតាំង​ខាងលើ​មាន​សល់​នូវ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​ទៀត ព្រោះ​អង្គភាព​ស៊ីម៉ាក់​នៅ​មិនទាន់បាន​បោសសម្អាត​មីន​អស់​នៅឡើយ​។

​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ស្ទាបស្ទង់ ដើម្បី​រក​ផ្លូវ​ចូល​ទៅយក​ជនរងគ្រោះ​។ រហូតដល់​ម៉ោង​៦​និង​៣០​នាទី ល្ងាច​ថ្ងៃ​ដដែល ទើប​អាចយ​កបាន និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​តា​សាញ ដើម្បី​សង្គ្រោះ​បឋម ហើយ​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​៕ ល​