ដោយៈ មេសា/ភ្នំពេញៈ ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធាន នាទីស្វែងយល់ព្រះពុទ្ធសាសនា បានលើកឡើងអំពីភាពជោគជ័យ និង សមត្ថផលសំខាន់ នៃ កម្មវិធីនេះថា ខ្ញុំមានភាពរីករាយ ដោយសារកម្មវិធីនេះទទួលបានការគាំទ្រពីសាធារណជនយ៉ាងទូលំទូលាយទាំងក្នុងប្រទេស និង ក្រៅប្រទេស ដោយរួមទាំងថ្នាក់ដឹកនាំជាតិផង ជាក់ស្តែងសម្តេចម៉ែ តែងតែមានព្រះបន្ទូលថា ទ្រង់តែងតែព្រះសណ្តាប់កម្មវិធីនេះ សូម្បីពេលយាងទៅបរទេស ក៏ទ្រង់ព្រះសណ្តាប់ដែរ ! ចំណែកពុទ្ធបរិស័ទខ្លះដែលមានគម្ពីរព្រះត្រៃបិដិក បានប្រាប់ថា ពួកគាត់ តែងតែបើកតាមវគ្គហើយបើកវិទ្យុស្តាប់ ឬ មើលទូរទស្សន៍ផ្ទៀងផ្ទាត់នូវការបកស្រាយក្នុងគម្ពីរ នៃ កម្មវិធីនាទីស្វែងយល់ព្រះពុទ្ធសាសនានេះ ។
សូមជម្រាបថា មានទីតាំងនៅក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត អតីតក្រសួងការបរទេស នារាជធានីភ្នំពេញ នាទីស្វែងយល់ព្រះពុទ្ធសាសនា បានចាប់ផ្តើមដំណើរការពីឆ្នាំ ២០០១ ហើយគិតត្រឹមើមខែ មករា ឆ្នាំ ២០២០ នេះ កម្មវិធី បានដំណើរការចំនួន ៨៥៤ លើក ឬ ៨៥៣ សប្តាហ៍ហើយ ហើយនាទីសន្ទនាធម៌ ដែលប្រសូតពីការផ្តួចផ្តើមរបស់គណៈសង្ឃនាយក នេះ ប្រព្រឹត្តតាមរយៈការយកព្រះធម៌ ម្តង ១ កឋាខណ្ឌ ជាបន្តបន្ទាប់ពីក្នុងគម្ពីរព្រះត្រៃបិដក លើកយកមកអាន និង បកស្រាយសម្រាយសេចក្តី ដើម្បី ឱ្យងាយយល់ ហើយកម្មវិធីនេះធ្វើឡើងនៅរាល់ថ្ងៃអាទិត្យ ដោយមានការចាក់ផ្សាយតាមវិទ្យុ និង ទូរទស្សន៍ផង ។
ទីទៃពីនេះទៅ នាទីស្វែងយល់ព្រះពុទ្ធសាសនា ក៏ធ្លាប់បានចុះអប់រំសីលធម៌ដល់សិស្សានុសិស្សនៅតាមសាលារៀនរបស់រដ្ឋផងដែរ ។ ជាងនេះទៅទៀត នាទីស្វែងយល់ព្រះពុទ្ធសាសនា គឺជាថ្នាលបណ្តុះ ឬ ជាកន្លែងហ្វឹកហាត់ ធនធានព្រះសង្ឃអង្គធម្មកឋិក ពោលគឺព្រះសង្ឃជាអ្នកបកស្រាយពន្យល់ព្រះធម៌យ៉ាងមានគុណភាពបំផុតមួយផងដែរ គឺតាមរយៈសិក្សាព្រះត្រៃបិដកច្បាស់លាស់ហើយ បកស្រាយក្នុងកម្មវិធីសន្ទនាធម៌នេះ ហើយធម្មកឋិកដ៏មានធម្មកសល្យ ពោលគឺព្រះសង្ឃប្រកបដោយភាពប៉ិនប្រសប់ក្នុងការពន្យល់ព្រះធម៌ទាំងនោះ ក៏បានយកចំណេះដឹងរបស់ខ្លួនទៅផ្សព្វផ្សាយដល់សង្គម គឺជាអ្វីដែលមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ហៅថាគឺជាការរួមចំណែកកសាង និង ពង្រីកវប្បធម៌សន្តិភាពនៅនិង សីលធម៌ក្នុងសង្គមខ្មែរ តាមរយៈរកក្តីសុខដល់បុគ្គលខ្លួនឯង ដល់គ្រួសារ ដល់សហគមន៍ និង ដល់សង្គមជាតិទាំងមូល ។
ប្រការគួរកត់សម្គាល់មួយទៀតនោះគឺថា ជាញឹកញាប់កម្មវិធីសន្ទនាធម៌នេះ ក៏ទាក់ទាញបានចំណាប់អារម្មណ៍ពីយុវជនខ្លះដែរ ទោះយ៉ាងណា វត្តមានយុវជននៅក្នុងកម្មវិធីនេះនៅមានកម្រឹតនៅឡើយ ដែលប្រការនេះបានសេចក្តីថា អ្នកពាក់ព័ន្ធទាំងឡាយ ដោយរួមមាតាបិតា អាណាព្យាបាលលោកគ្រូអ្នកគ្រូ ថ្នាក់ដឹកនាំសាលារៀនរដ្ឋ និង ឯកជន ក៏ដូចជាអ្នករៀបចំកម្មវិធី គប្បីជំរុញ ឬ ចាត់ចែងឱ្យមានយុវជនចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើនឡើងតាមដែលអាច ព្រោះព្រះធម៌ដែលត្រូវបានលើកយកទៅបកស្រាយនៅទីនោះ គឺជាអ្វីដែលមាននៅក្នុងគម្ពីរព្រះត្រៃបិដក ពោលគឺមិនមែនជាធម៌ដែលត្រូវបានលើកយកទៅបកស្រាយតាមទំនើងចិត្តរបស់ធម្មកឋិកឡើយ ហើយជាពិសេស តាមរយៈពុទ្ធវចនៈទាំងនោះ គឺជាគ្រឹះដ៏សំខាន់ក្នុងការក៏សាងគំនិតប្រាជ្ញា ស្មារតី គុណធម៌ សីលធម៌ និង ចរិយាធម៌ ៕ Kh