ដោយ: មុនីរ័ត្ន / ភ្នំពេញ: ក្រុមអតីតតំណាងរាស្ត្រ និងអតីតមន្ត្រីជាន់ខ្ពស់មួយចំនួន នៃគណបក្សសង្គ្រោះជាតិ រួមទាំងអ្នកប្រជាធិបតេយ្យ នឹងដាក់ពាក្យស្នើសុំបង្កើតគណបក្សថ្មីមួយទៅក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្អែកនេះ ដោយមិនរង់ចាំផ្ញើវាសនានយោបាយជាមួយទណ្ឌិត សម រង្ស៊ី ឡើយ។

បន្ទាប់ពីដាក់ពាក្យស្នើសុំបង្កើតគណបក្សនយោបាយទៅក្រសួងមហាផ្ទៃរួចរាល់ហើយនោះ គឺនៅពេលរសៀលថ្ងៃទី២ខែមករា ឆ្នាំ២០២០ អតីតតំណាងរាស្ត្រ និងអតីតមន្ត្រីជាន់ខ្ពស់មួយចំនួន នៃគណបក្សសង្គ្រោះជាតិ នឹងធ្វើធ្វើសន្និសីទកាសែតបញ្ជាក់អំពីមូលហេតុ និងគោលបំណងនៃការបង្កើតគណបក្សថ្មី។
យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣១ ខែធ្នូ បានឲ្យដឹងថា ស្ថាបនិកគណបក្សថ្មី ផ្តួចផ្តើមឡើងដោយអតីតថ្នាក់ដឹកនាំ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ នឹងអ្នកប្រជាធិបតេយ្យ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានមួយស្តីពីការដាក់ពាក្យសុំបង្កើតគណបក្សនៅក្រសួងមហាផ្ទៃនាថ្ងៃទី២ខែមករា ឆ្នាំ២០២០។ សន្និសីទកាសែតនឹងធ្វើនៅវេលាម៉ោង២រសៀល ថ្ងៃទី២ ខែមករា នៅសណ្ឋាគារសាន់វ៉េ។

អតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិលោកស៊ឹម សុវណ្ណនី បានថ្លែងថា ឈ្មោះរបស់គណបក្សថ្មីនឹងត្រូវបញ្ជាក់នារសៀលថ្ងៃទី២ ខែមករា ក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីការដាក់សំណើសុំបង្កើតគណបក្សថ្មីទៅជួនក្រសួងមហាផ្ទៃរួចរាល់នៅព្រឹកថ្ងៃទី២ ខែមករា។
ចំណែកលោកខឺយ ស៊ីនឿន តំណាងស្ថាបនិកបង្កើតគណបក្សថ្មីបានថ្លែងប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ថា ការសម្រេចបង្កើតគណបក្សថ្មីនេះ គឺតាមសំណូមពររបស់ប្រជាពលរដ្ឋ អតីតសកម្មជនគណបក្សសង្គ្រោះជាតិ អ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ។លោកបញ្ជាក់ថា “ស្ថានភាពបច្ចុប្បន្នមានការធ្លាក់ចុះនូវសំឡេងដែលមាននិន្នាការប្រឆាំងជាមួយគណបក្សកាន់អំណាច និងការបែបបាក់អ្នកកាន់លទ្ធិប្រជាធិបតេយ្យ ជាហេតុធ្វើឲ្យមានការព្រួយបារម្ភ”។

លោកបានបន្តថា ស្ថាបនិកគណបក្សថ្មីនេះ មានដូចជា លោកកង គឹមហាក់ លោកជីវ កត្តា ដែលជាអតីតតំណាងរាស្ត្រ លោកស៊ឹម សុវណ្ណនី អតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ និងរូបលោក (ខឺយ ស៊ីនឿន) អតីតបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង រួមទាំងអតីតមន្ត្រីមួយចំនួនទៀត។
ប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់រស្មីកម្ពុជាកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ថា គណបក្សថ្មី ដែលគ្រោងនឹងដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ គឺមានឈ្មោះ “គណបក្សខ្មែរស្រឡាញ់ជាតិ”
សូមជម្រាបថា ស្ថាបនិកគណបក្សថ្មីនេះ មានដូចជា លោកកង គឹមហាក់ លោកជីវ កត្តា ដែលជាអតីតតំណាងរាស្ត្រ លោកស៊ឹម សុវណ្ណនី អតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាបនិកគណបក្សថ្មី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ដោយសារមើលឃើញស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន មានការធ្លាក់ចុះនូវសម្លេងដែលមាននិន្នាការប្រឆាំងនឹងគណបក្សកាន់អំណាច និងការបែកបាក់យ៉ាងខ្លាំងរវាងក្រុមអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យនោះ ក្នុងនាមជាអ្នកប្រជាធិបតេយ្យនិយម និងជាអ្នកដែលមានបំណងស្រោចស្រង់ស្មារតីនៃការសាមគ្គីគ្នាផ្ទៃក្នុងរបស់ក្រុមអ្នកដែលមានទស្សនៈប្រឆាំងនៅកម្ពុជា សូមប្រកាសជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីបានចុះជួបសកម្មជននៅតាមខេត្តជាច្រើនអស់រយៈពេលជិតមួយឆ្នាំនេះ យើងខ្ញុំនឹងត្រៀមរៀបចំបង្កើតគណបក្សថ្មីមួយដែលជាគណបក្សបន្តវេនពីគណបក្សប្រឆាំងមុនៗ និងពីអ្នកទាំងឡាយណាដែលមានទស្សនៈមិនស្របនឹងការដឹកនាំរបស់គណបក្សគ្រប់គ្រងអំណាចបច្ចុប្បន្ន។
ជាមួយគ្នានេះ ក្រុមអតីតតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ បានអំពាវនាវឱ្យអ្នកស្នេហាជាតិទាំងអស់ចូលមករួបរួមកម្លាំងគ្នា ក្នុងបុព្វហេតុនៃការបង្កើតគណបក្សថ្មីនេះ ឱ្យក្លាយជាគណបក្សប្រឆាំងដែលរឹងមាំ ដើម្បីការពារនិងបម្រើនូវផលប្រយោជន៍ជាតិនិងផលប្រយោជន៍ពិតប្រាកដរបស់អ្នកដែលគាំទ្រកន្លងមក៕ ល