ដោយ​: ចាន់តូ / ភ្នំពេញ​: មុខសញ្ញា​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាបបាន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២និង១០​នាទី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៩ នៅ​ចំណុច​បន្ទប់​ជួ​លលេខ១៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ដកហូត​វត្ថុតាង អាវុធខ្លី​មួយ​ដើម​ម៉ាក BERETTA លេខ​គ្មាន​(​ឈូស​ចោល​) គ្រាប់​ចំនួន៣៤​គ្រាប់ បង់​១, ក្រាម​ស​ថ្លា​ចំនួន៩​កញ្ចប់ (​ធំ២ តូច​៧), កាំបិត​ចំនួន​២ដើម​, អាយកូម​ចំនួន​១ ព្រមទាំង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​

​មុននឹង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានធ្វើការ​ស្រាវជ្រាវ និង​ល្បាត​ពួនស្ទាក់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​៣​នាក់​មានឈ្មោះ​ដូចជា ៖ ទី​១ ឈ្មោះ សាត ស៊ី​ណន ហៅ​អ៊ុ (​ជា​ម្ចាស់​បន្ទប់​) ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, ទី​២ ឈ្មោះ ផេង សេកុង ហៅ ហៃ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​, ទី​៣ ឈ្មោះ ទូច ពៅ ភេទ​ស្រី អាយុ​២១​ឆ្នាំ​។​

​បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាពថា ពួកគេ​ទាំង​៣​នាក់​ពិតជា​បាន​ចែកចាយ​គ្រឿងញៀន និង​បាន​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូនមក​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕ ល​