ដោយៈចាន់តូ/ភ្នំពេញៈកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩នេះតុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទម្នាក់ឈ្មោះស៊ិនសុផលភេទស្រីអាយុ៣៥ឆ្នាំដាក់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកមុនតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។
ក្នុងនោះសងសំណងរដ្ឋប្បវេណីទៅឱ្យគ្រួសារជនរងគ្រោះ១២០លានរៀលដែលជនជាប់ចោទរូបនេះបានសម្លាប់ជនរងគ្រោះឈ្មោះគឹមយ៉ានាងនៅចំណុចផ្ទះលេខ៤០Eoផ្លូវ១៥៤សង្កាត់ជ័យជំនះខណ្ឌដូនពេញ។កាលពីថ្ងៃទី២ខែមិថុនាឆ្នាំ២០១៩និងបានកាត់សាកសព ជនរងគ្រោះជាបំណែកៗ(កាត់ដៃ កាត់ជើងកាត់ក្បាលវះពោះពុះឆ្អឹងជំនីព្រលះយកសាច់)ច្រកដាក់ស្បោងខ្មៅយកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាមនិងនៅក្នុងទន្លេ គួរឱ្យភ្ញាក់ផ្អើលបំផុត។
គួររំលឹកថាកាលពីថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៩មានក្មេងស្រីម្នាក់បានកាន់រូបថតម្តាយដើរសួរគេឯងតាមផ្លូវទាំងយប់ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញនិងបានអំពាវនាវសុំឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយរកម្តាយខ្លួនបណ្តាលឱ្យមានការភ្ញាក់ផ្អើលគេឯងផ្តោតការចាប់អារម្មណ៍និងអាណិតអាសូរក្មេងស្រីនោះគ្រប់គ្នា។
ដំណឹងសួររកម្តាយនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ដល់សមត្ថកិច្ចអាវុធហត្ថភ្នំពេញដុតដៃដុតជើង ចេញស្រាវជ្រាវជួយតាមរកជនរងគ្រោះដែលបាត់ខ្លួននោះ ។រហូតដល់យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាវុធហត្ថខណ្ឌដូនពេញ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌសហការណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ។សមត្ថកិច្ច បានស្រាវជ្រាវកំណត់អង្គហេតុនៃករណីបាត់ខ្លួនខាងលើ សង្ស័យជារឿងឃាតកម្ម និងបានកំណត់អត្តសញ្ញាណជនសង្ស័យ ឈានទៅ បំបែកសំណុំរឿង ឃាត់ខ្លួនជនសង្ស័យមកសួរនាំ រហូតជនសង្ស័យព្រមសារភាពទទួលកំហុស។
ជនសង្ស័យ មានមុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាលត្រូវ មហាជនចាត់ទុកថា ជាមនុស្សឈាមត្រជាក់ សាហាវ ឃោរឃៅ ប្រចាំឆ្នាំ២០១៩ ។
ព្រោះតែសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានវែកមុខឲ្យឃើញថា សកម្មភាពរបស់ជនសង្ស័យ បានសម្លាប់និងបានកាត់សាកសពជាបំណែកៗបោះចូលទន្លេយ៉ាងរំភើយដោយគ្មានការតក់ស្លុតអ្វីបន្តិចសោះទៅលើសពជនរងគ្រោះ។ដែលមានមុខរបរជាម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់មេម៉ាយកូនមួយស្នាក់នៅផ្ទះជួលម្តុំទួលសង្កែមានស្រុកកំណើតនៅភូមិចាថ្មីឃុំគំរូស្រុកថ្មពួកខេត្តបន្ទាយមានជ័យ(អតីតខេត្តបាត់ដំបង)។
មិនត្រឹមតែប៉ុណ្ណោះសូម្បីតែជីវិតផ្ទាល់ខ្លួនរបស់ជនសង្ស័យក៏គេចាត់ទុកថាធម្មតាដែរគឺមានប្តីដល់ទៅ៦នាក់(ប្តីទី១មានកូន១ទី២មានកូន២ទី៣មានកូន១ទាំង៣នាក់ដំបូងនេះជាប្តីជនជាតិខ្មែរឯប្តីទី៤មានកូន១ប្តីទី៥គ្មានកូននិងទី៦គ្មានកូនទាំង៣នាក់ក្រោយនេះគឺជាប្តីជនជាតិបរទេស)។
តាមការបញ្ជាក់របស់ជនសង្ស័យបានឱ្យដឹងថាមូលហេតុដែលឈានទៅដល់អំពើឃាតកម្មដ៏ឃោរឃៅនេះគឺផ្តើមចេញពីជនរងគ្រោះបានទារលុយដែលខ្លួនបានជំពាក់ចំនួន៧០០ដុល្លារតែខ្លួនប្រកែកសុំសងតែ៣៥០ដុល្លារប៉ុណ្ណោះ។ជនរងគ្រោះមិនព្រមនិងបានគម្រាមថាបើមិនសងលុយគ្រប់ចំនួនទេគេនឹងប្រាប់ម្ចាស់បំណុលផ្សេងៗឱ្យស្គាល់ផ្ទះដើម្បីទារលុយព្រមៗគ្នា(ព្រោះជនសង្ស័យជំពាក់លុយគេច្រើន)។
ពេលនិយាយគម្រាមរួចហើយជនរងគ្រោះក៏ដើរចូលបន្ទប់ទឹកដោយឃើញឱកាសល្អនិងស្ថិតក្នុងការព្រួយបារម្ភថាជនរងគ្រោះនឹងផ្សព្វផ្សាយដំណឹងដែលខ្លួនជំពាក់លុយគេច្រើននេះឱ្យឭដល់ប្តីរបស់ខ្លួនជនសង្ស័យក៏បានដើរទៅតាមក្រោយជនរងគ្រោះយកដៃស្តាំច្របាច់កហើយយកម្រាមដៃឆ្វេងរុកច្រមុះឱ្យថប់ដង្ហើម។
រហូតដល់ជនរងគ្រោះសន្លប់ បាត់ស្មារតី ទើបជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឱ្យកក រហូតដល់ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៩ពេលកូនៗមិននៅផ្ទះជនសង្ស័យបានដាក់ថ្នាំងង៉ុយដេកក្នុងទឹក។
តែឲ្យប្តីដែលជាជនជាតិអាមេរិកកាំងផឹករហូតប្តីទន់ដៃទន់ជើងឡើងទៅដេកលក់ស្ងាត់ទើបជនសង្ស័យ យកកាំបិត មកកាត់សាកសព ជនរងគ្រោះជាបំណែកៗ(កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនីព្រលះយកសាច់)ច្រកដាក់ស្បោងខ្មៅយកទៅបោះចោលមួយថ្ងៃបន្តិចៗនៅតាមគំនរសំរាមនិងនៅក្នុងទន្លេតែម្តង។ ទម្រាំតែសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរកមុខឃាតករឃើញ គឺប្រើពេលបានប្រើពេលរហូតដល់ទៅ១សប្តាហ៍៕S/