ដោយបូកគោ/កំពតៈរដ្ឋបាលខេត្តកំពតនឹងជួបពិភាក្សាជាមួយក្រុមហ៊ុនវារីអគ្គិសនីកំចាយស៊ីណូហាយដ្រូក៏ដូចជាក្រសួងមន្ទីរជំនាញព្រមទាំងភាគីពាក់ព័ន្ធដើម្បីស្វែងរកលទ្ធភាពក្នុងការបង្កើតរមណីយដ្ឋានថ្មីមួយនៅតំបន់ទំនប់វារីអគ្គិសនីកំចាយបំណងទាក់ទាញភ្ញៀវមកកម្សាន្តខេត្តកំពតកាន់តែច្រើនឡើង។
បញ្ជាក់ឱ្យដឹងក្នុងពិធីប្រគល់និងទទួលអំពូលភ្លើងអិលអ៊ីឌីកម្លាំង១៥០វ៉ាត់ចំនួន១០០សម្រាប់ពីអគ្គនាយកក្រុមហ៊ុនស៊ីណូហាយកាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៩លោកជាយតាយអភិបាលខេត្តកំពតបានមានប្រសាសន៍ថារដ្ឋបាលខេត្តកំពតនឹងពិភាក្សាជាមួយក្រសួងក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធនិងក្រុមហ៊ុនស៊ីណូហាយដ្រូសម្រាប់គម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ថ្មីមួយនៅតំបន់ទំនប់វារីអគ្គិសនីកំចាយ។
ចំពោះបញ្ហានេះលោកសូមឱ្យក្រុមហ៊ុនស៊ីណូហាយដ្រូរួមសហការក្នុងការពិនិត្យពិភាក្សាផ្ដល់យោបល់និងវាយតម្លៃជាមួយរដ្ឋបាលខេត្តអំពីករណីនៃគម្រោងនោះដើម្បីធានាក្នុងការរក្សាផលប្រយោជន៍រួម ព្រមទាំងបង្កើនការទាក់ទាញភ្ញៀវមកទស្សនាកម្សាន្តនៅខេត្តកំពតកាន់តែច្រើនឡើងថែមទៀត។
លោកអភិបាលខេត្តបានបន្តទៀតថារដ្ឋបាលខេត្តកំពតគាំទ្រនូវការវិនិយោគរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូដែលបានដាក់ទុនរកស៊ីនៅខេត្តកំពតដែលជាចំណែកសំខាន់ក្នុងការបង្កើនផ្នែកអគ្គិសនីឱ្យសម្បូរបែបសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាបណ្តាខេត្តមួយចំនួនបានប្រើប្រាស់គ្រប់គ្រាន់។
ដូច្នេះលោកសូមសំណូមពរដល់ក្រុមហ៊ុនស៊ីណូហាយដ្រូបង្កើនកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពត ដោយរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវដើម្បីអភិវឌ្ឍខេត្តកំពតឱ្យមានការរីកចម្រើនថែមទៀត។ ការពង្រឹងកិច្ចសហការល្អនឹងទទួលបាននូវផលប្រយោជន៍រួមគ្នារវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូលផងដែរ។
សូមបញ្ជាក់ថាតំបន់ទំនប់វារីអគ្គីសនីកំចាយមានសក្តានុពលខ្លាំងក្លាគឺជាទីតាំងមួយដ៏វិសេសវិសាលជាមួយបរិយាកាសល្អបរិសុទ្ធស្ថិតនៅលើខ្នងភ្នំកំចាយដែលមានអាងស្តុកទឹកយ៉ាងធំនិងហ៊ុមព័ន្ធជុំវិញដោយជួរភ្នំខ្ពស់ទាបជាច្រើនហើយមានទេសភាពបៃតងស្រស់បំព្រង។ទំនប់វារីអគ្គិសនីកំចាយជាប្រភពទឹកដែលនាំឱ្យមានជាការបង្កើតបាននូវរមណីយដ្ឋានទឹកឈូ ដូងទេរ ឆ្នេរឋានសួគ៌ ឧទ្យានដងព្រែក និងព្រែកកំពង់បាយនៅផ្នែកខាងក្រោម៕S/