​ដោយ​បូកគោ​/​កំ​ពតៈ​ចាប់ពី​ព្រឹក​រហូតដល់​យប់​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​ជា​ឱកាស​នៃ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ភ្ញៀវ​ជិត​ឆ្ងាយ​ដែល​ធ្វើដំណើរ​លម្ហែ​កម្សាន្ត​ក្នុង​ខេត្តកំពត​មាន​ប្រមាណ​ជិត​១៣​ម៉ឺន​នាក់​។ ទោះបី​បរិមាណ​ភ្ញៀវ​ច្រើន​សន្ធឹកសន្ធាប់​ក្តី​បញ្ហា​សន្តិសុខ​និង​ស្ថានភាព​ចរាចរ​លើ​ដងផ្លូវ​មាន​លក្ខណៈ​ល្អប្រសើរ​។​ដោយឡែក​ខេត្ត​កែប​វត្តមាន​ភ្ញៀវ​មាន​ជាង​២១​ម៉ឺន​នាក់​កើនឡើង​ជាង​៤០​ភាគរយ​នៃ​ឆ្នាំមុន​។​

លោក​សយ​ស៊ី​ណុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ថ្លែងថា​ពេញ​មួយថ្ងៃ​គឺ​ចាប់ពី​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ​ឆ្នាំ​២០១៩​រហូតដល់​ម៉ោង​១២​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០​នៅ​ទូទាំង​ខេត្តកំពត​មាន​ភ្ញៀវ​ជិត​ឆ្ងាយ​ដើរ​លម្ហែ​កម្សាន្ត​ប្រមាណ​១២៧.៥០០​នាក់​។​ចំនួន​នេះ​បាន​កើនឡើង​ជាង​បី​ម៉ឺន​នាក់​បើ​ប្រៀបធៀប​នឹង​ឱកាស​ដូចគ្នា​នៃ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នា​ឆ្នាំ​២០១៨​ចូលឆ្នាំ​២០១៩​។​ក្នុងនោះ​ក្រុង​កំពត​ទទួលបាន​ប្រហែល​១០២.៥០០​នាក់​និង​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​មាន​ប្រមាណ​២៥.០០០​នាក់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ងឹ​ម​វ៉េ​ត​ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​កណ្តាល​សណ្តាប់​ធ្នាប់​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បានបញ្ជាក់​ថា​ទោះបី​ភ្ញៀវ​បាន​សម្រុក​ចូលមក​ខេត្តកំពត​ច្រើន​ពិសេស​នាពេល​យប់​នៃ​ពិធី​ឆ្លង​ឆ្នាំ​សកល​ក្តី​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​បណ្តា​ពិធីបុណ្យ​ផ្សេងៗ​កន្លងមក​។​ជាក់ស្តែង​នៅត្រង់ចំណុច​ផ្នែក​សងខាង​នៃ​ស្ពាន​កំពង់បាយ​ដែល​តែងតែ​បង្ក​ភាព​ធុញទ្រាន់​សម្រាប់​ភ្ញៀវ បែរជា​ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំនេះ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ជា​ប្រក្រតី​។

លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា​នេះ​អាស្រ័យ​លើ​ការដឹកនាំ​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្តកំពត​ដោយ​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​បង្ការ​ការកកស្ទះ​។​ជាមួយ​នោះ​ក៏មាន​ការចូលរួម​ពី​សំណាក់​អ្នកបញ្ជា​យានយន្ត​ដោយ​គោរព​ច្បាប់ និង​យោគយល់​អនុគ្រោះ​រវាង​គ្នា និង​គ្នា​ផងដែរ​។​

​សូម​រំលឹកថា​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​កាលពី​ឆ្នាំ​២០១៨​ចូលឆ្នាំ​២០១៩​ភ្ញៀវ​ដែល​បានមក​កម្សាន្ត​នៅ​ទូទាំង​ខេត្តកំពត​មាន​ប្រមាណ​៩៦.៨០០​នាក់​ដោយ​ទេសចរ​ជាតិ​ប្រហែល​៩៤.៨០០​នាក់​និង​ភ្ញៀវ​បរទេស​ប្រមាណ​១.៩០០​នាក់​។​ក្នុងនោះ​ក្រុង​កំពត​ទទួលភ្ញៀវ​បាន​ប្រហែល​៧៦.៣០០​នាក់​និង​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ប្រមាណ​២០.៤២៩​នាក់​។​ក្នុង​ពិធី​ដូចគ្នានេះ​សម្រាប់​ខេត្ត​កែប​មាន​ភ្ញៀវ​មក​លម្ហែ​កម្សាន្ត​ប្រមាណ​ជាង​២១៦.០០០​នាក់ បាន​កើនឡើង​ជាង​ប្រហែល​៤២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ចូលឆ្នាំ​២០១៩​។​

​លោក​ប៉ុក​ទាំង​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​ប្រាប់​ឱ្យដឹងថា​ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល កាលពី​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​ខេត្ត​កែប​ទទួលភ្ញៀវ​បាន​ប្រមាណ​ជាង​២១៦.០០០​នាក់​។​ក្នុងនោះ​ភ្ញៀវ​ជាតិ​ប្រហែល​២១៤.០០០​នាក់​និង​ទេសចរ​បរទេស​ប្រមាណ​២.៩០០​នាក់​។​ចំនួន​នេះ​មានការ​កើនឡើង​៤២​ភាគរយ​បើ​ប្រៀប​នឹង​ពិធី​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​ឈានចូល​ឆ្នាំ​២០១៩​ដែល​កាលនោះ​មាន​ភ្ញៀវ​សរុប​ជិត​១៥៣.០០០​នាក់​៕S/​