ដោយ​គូលែន​/​សៀមរាប​: អាជ្ញាធរ​ជាតិ​អប្សរា​បានប្រកាស​បិទ​ចរាចរ​ឡើង​-​ចុះ វង់​ទស្សនា​ជាន់​ទី​៣ (​ប្រាង្គ​កណ្តាល​) នៃ​ប្រាសាទ​បា​យ័ន្ត នៅ​ដើមឆ្នាំ​២០២០​។​នេះ​ជាការ​បញ្ជាក់​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា នា​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០​។​

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា​បច្ចុប្បន្ន​ដោយ​កត្តា​អាយុកាល​និង​កត្តា​ផ្សេងៗ​ទៀត​បាន​បង្ក​ឱ្យ​ជាន់​ទី​៣​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​បា​យ័ន្ត​មាន​ភាព​សឹក​រេច​រិល​និង​កំពុង​ប្រឈម​នឹង​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​មួយចំនួន​។​ចំពោះ​ទីតាំង​ទស្សនា​សំខាន់ៗ​ផ្នែក​ខាងក្រោម​នៃ​ប្រាសាទបាយ័ន​ដែលមាន​ចម្លាក់​ក្បូរក្បាច់​រចនា​ដ៏​ល្អ​វិចិត្រ នៅ​បើក​ជា​ប្រក្រតី​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​។​

​មន្ត្រី​អាជ្ញាធរ​ជាតិ​អ​ប្សា​បាន​បន្តថា​ដោយ​ក្នុងស្ថានភាព​នេះ​អ្នកជំនាញការ​ចំពោះ​កិច្ច​ផ្នែក​អភិរក្ស​នៃ​គណៈកម្មាធិការ​អន្តរជាតិ​កិច្ច​គាំពារ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ​)​។​បានផ្តល់​អនុសាសន៍​ឱ្យ​បិទ​ការ​ទស្សនា​នៅ​ជា​ន់ទី​៣​នៃ​ប្រាសាទ​បា​យ័ន្ត​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រុម​អ្នកជំនាញ​សិក្សា​អំពី​ការខូចខាត​និង​បញ្ហា​ប្រឈម​នានា​។​ដើម្បី​រៀបចំ​ផែនទី​ហា​នី​និ​ភ័យ​ព្រមទាំង​កំណត់​ទីតាំង​អាទិភាព​ក្នុងការ​ពង្រឹង​ស្ថានភាព​និង​ជួសជុល​ផ្នែក​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ទាំងអស់នោះ​។​

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តទៀតថា​ដើម្បី​ថែទាំ​និង​ការពារ​ប្រាសាទ​ក៏ដូចជា​ការគិតគូ​រយ៉ា​ង​យកចិត្តទុកដាក់​ដល់​សុវត្ថិភាព​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ អាជ្ញាធរ​ជាតិ​អប្សរា នឹង​បិទ​ចរាចរ​ឡើង​-​ចុះ វង់​ទស្សនា​ជាន់​ទី​៣​នៃ​ប្រាសាទ​បា​យ័ន្ត​ចាប់ពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០​នេះ​តទៅ​ដោយ​ទុក​លទ្ធភាព​ឱ្យ​ក្រុមការងារ​ជំនាញ​ផ្នែក​អភិរក្ស​បំពេញការងារ​របស់ខ្លួន​រហូត​បាន​រួចរាល់​ជា​ស្ថាពរ​៕S/

​រូបភាព​: អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​បិទ​ចរាចរណ៍​ឡើង​-​ចុះ វង់​ទស្សនា​ជាន់​ទី​៣ (​ប្រាង្គ​កណ្តាល​) នៃ​ប្រាសាទ​បា​យ័ន្ត នៅ​ដើមឆ្នាំ​២០២០៕​អប្សរា​