កាលពីថ្ងៃពុធទី១មករា លោក អេមម៉ានូអែល ម៉ាក្រុង បានចាប់ផ្តើមឆ្នាំថ្មីដ៏លំបាកសម្រាប់តំណែងប្រធានាធិបតីបារាំងរបស់គាត់ ដោយប្រឈមមុខនឹងការខឹងសម្បារយ៉ាងខ្លាំងពីអ្នករិះគន់ចំពោះការប្រើប្រាស់សុន្ទរកថាឆ្នាំថ្មីដើម្បីបញ្ជាក់ការប្តេជ្ញាចិត្តរបស់គាត់ចំពោះកំណែទម្រង់ប្រាក់សោធន៍និវត្តន៍ ដែលគេជំទាស់យ៉ាងខ្លាំងក្លា។

មេដឹកនាំឆ្វេងនិយមលោកហ្សង់ លូក មេឡង់សង់ (Jean-Luc Melenchon) បាននិយាយលើ Twitter ថា សុន្ទរកថាតាមទូរទស្សន៍របស់ម៉ាក្រុងគឺជា “ការប្រកាសសង្គ្រាមលើប្រជាជនបារាំងរាប់លាននាក់ដែលបដិសេធការធ្វើកំណែទម្រង់របស់គាត់” ហើយបានប្រដូចគាត់ទៅនឹង “ជនចម្លែកមកពីភពក្រៅ”។

គណបក្សរួបរួមជាតិដែលនិយមស្តាំក៏វាយសំពងលោកម៉ាក្រុងមិនណយដែរ ដោយអ្នកនាំពាក្យឈ្មោះ ឡូរ៉ង់ ចាកូបបេលី បានចោទប្រកាន់លោកម៉ាក្រុងថាប្រកាន់ខ្ជាប់នូវការកែទម្រង់ប្រាក់សោធននិវត្តន៍របស់គាត់ “ប្រៀបបីដូចជាក្មេងខូចដែលរំអុកចង់បានប្រដាប់លេងរបស់វា”។

គណបក្សរួបរួមជាតិ ដែលពីមុនមានឈ្មោះថា រណសិរ្សជាតិ និងគណបក្សបារាំងមិនឱនក្បាលរបស់លោកមេឡង់សង់ គឺស្ថិតក្នុងចំណោមបក្សដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេបំផុតនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៧ តែលោកម៉ាក្រុងដែលជាអ្នកកណ្តាលនិយមបានឈ្នះឆ្នោត ដោយសារការសន្យាធ្វើកំណែទម្រង់កម្លាំងពលកម្មនៅសហភាពអឺរ៉ុបនិងការសន្យាកែប្រែមុខមាត់នយោបាយបារាំងឡើងវិញ។

បក្សរបស់លោកម៉ាក្រុងមានសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបដ៏មានឥទ្ធិពល ដូច្នេះមានតែដងផ្លូវទេជាសមរភូមិចម្បងសម្រាប់អ្នកប្រឆាំងការកែទម្រង់ប្រាក់ចូលនិវត្តន៍របស់គាត់ ដោយសហជីពនានាគឺជាអ្នកនាំមុខគេក្នុងការតវ៉ាតាមផ្លូវ។ ថ្ងៃពុធគឺជាការកត់សម្គាល់ថ្ងៃទី ២៨ នៃការធ្វើកូដកម្មដឹកនាំដោយសហជីព ដែលបានធ្វើឱ្យជាប់គាំងបណ្តាញរថភ្លើងបារាំងនិងធ្វើឱ្យស្ទះការធ្វើដំណើរជុំវិញក្រុងប៉ារីស ដោយខ្សែរថភ្លើងភាគច្រើនត្រូវបានបិទ។

សហជីពនានាកំពុងត្រៀមសម្រាប់ការដើរចេញពីការងារបន្ថែមទៀតនៅសប្តាហ៍ក្រោយ នៅពេលសាលារៀនចាប់ផ្តើមបើកដំណើរការឡើងវិញបន្ទាប់ពីឈប់សម្រាកបុណ្យណូអែល និង ចូលឆ្នាំថ្មី ហើយការចរចាគ្រោងនឹងបន្តឡើងវិញជាមួយរដ្ឋាភិបាលរបស់លោកម៉ាក្រុង។

លោកហ្វីលីព ម៉ាទីណេស អគ្គលេខាធិការសហជីព CGT និយាយថា “ចាំបាច់ត្រូវតែធ្វើកូដកម្មគ្រប់ទីកន្លែង។ យើងសូមអំពាវនាវដល់ប្រជាជនបារាំងទាំងអស់ឱ្យប្រមូលផ្តុំធ្វើបាតុកម្មនិងធ្វើកូដកម្ម។ សាររបស់ខ្ញុំគឺច្បាស់លាស់”។

លោកនិយាយថា “នេះគឺជាមធ្យោបាយតែមួយគត់ដែលពួកគេអាចយល់ពីយើង”។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅល្ងាចថ្ងៃអង្គារខណៈអ្នកដើរលេងកំពុងអបអរសាទរការចាប់ផ្តើមទសវត្សរ៍ថ្មី លោកម៉ាក្រុងនិយាយថា ការកែប្រែប្រាក់សោធននិវត្តន៍នឹងត្រូវអនុវត្ត ប៉ុន្តែបានអំពាវនាវដល់រដ្ឋាភិបាលរបស់លោកឱ្យស្វែងរកផ្លូវនៃការសម្របសម្រួលយ៉ាងឆាប់រហ័សជាមួយសហជីព។

លោក​ម៉ាក្រុងបានប្រកាន់ខ្ជាប់នូវគោលការណ៍នៃការធ្វើកំណែទម្រង់ រួមទាំងវិធានការដែលគេជំទាស់បំផុត គឺ ការបង្កើនអាយុពី ៦២ ដល់ ៦៤ ឆ្នាំដើម្បីទទួលបានសម្រាប់ប្រាក់សោធន៍ពេញលេញ។ លោកបានទទូចថាប្រព័ន្ធថ្មីនេះនឹងផ្តល់ភាពល្អប្រសើរដល់កម្មករនិយោជិតបារាំងទាំងអស់ហើយនឹងមាននិរន្តរភាពហិរញ្ញវត្ថុ។ ការកែប្រែនេះមានគោលបំណងបង្រួមប្រព័ន្ធសោធននិវត្តន៍រាប់សិបដាច់ដោយឡែកទៅជាប្រព័ន្ធតែមួយនិងលុបចោលកិច្ចព្រមព្រៀងពិសេសមួយចំនួនដែលអនុញ្ញាតឱ្យកម្មករនិយោជិតបារាំងខ្លះចូលនិវត្តន៍ក្នុងវ័យខ្ទង់ ៥០ ឆ្នាំ។

លោកម៉ាក្រុងបានមានប្រសាសន៍ថា “ត្រីវិស័យតែមួយគត់របស់ខ្ញុំគឺផលប្រយោជន៍របស់ប្រទេសយើង”។

ការចាប់ផ្តើមឆ្នាំ ២០២០ គឺជាការប្រារព្ធពិធីចូលឆ្នាំថ្មីជាលើកទី ២ ជាប់ៗគ្នាដែលលោកម៉ាក្រុងបានប្រឈមមុខនឹងភាពចលាចលក្នុងសង្គម។ គ្រានេះកាលពីឆ្នាំមុនរដ្ឋាភិបាលរបស់លោកបានជាប់គាំងនៅក្នុងជម្លោះជាមួយចលនាអាវកាក់ពណ៌លឿង ដែលប្រឆាំងនឹងរបៀបវារៈសេដ្ឋកិច្ចនិងគោលនយោបាយរបស់លោក ដែលគេរិះគន់ខ្លាំងៗថាគាំទ្រតែពួកអ្នកជំនួញ៕ ដោយ៖ កញ្ញាដាលីស

លោកម៉ាក្រុងប្រឈមការជំទាស់យ៉ាងខ្លាំងក្លាចំពោះការកែប្រែប្រាក់សោធន៍របស់គាត់