ដោយ: ចាន់តូ / ភ្នំពេញ: រថយន្ត Rev4 និងម៉ូតូZoomer-X បុកគ្នាពេញទំហឹង បណ្តាលឲ្យយុវតីចំនួនបីនាក់រងរបួសធ្ងន់ នាវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ២៨៨កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Rev4 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AU 7811 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរពីរនាក់ទៀត ជិះតាមបណ្តោយផ្លូវលេខ២៨៨ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តខាងលើក៏បើកឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ZoomerX ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HG 9862 បើកបរដោយនារីបីនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន មកបុកទ្វាររថយន្តខាងក្រោយចំហៀងខាងស្តាំពេញទំហឹង បណ្ដាលនារីបីនាក់នោះរបួសធ្ងន់ទាំងបី ត្រូវរថយន្តសាមុយរបស់គ្លីនិកឯកជន ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញធ្វើការវាស់វែង យករថយន្តនិងម៉ូតូដែលរងការខូចខាតទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌបឹងកេងកង រង់ចាំការដោះស្រាយនៅពេលក្រោយ៕ ល/Ha