ភ្នំពេញៈ មុនតារាចម្រៀងស្រីប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទសីម៉ា មានប្រជាប្រិយភាពដូចពេលបច្ចុប្បន្ន នាងធ្លាប់មានជីវិតកម្សត់ដើម្បីគ្រួសារនិងបង់ថ្លៃផ្ទះជួល។នាងធ្លាប់ដើរសុំគេច្រៀងតាមហាងជាច្រើនកន្លែង។
កញ្ញា តន់ ច័ន្ទសីម៉ា បានធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា មុននឹងឈានមកដល់ចំណុចនេះ រូបនាងបានជួបនូវរឿងរ៉ាវជីវិត ជូរចត់ ភាពលំបាកលំបិនជាច្រើន។ នាងធ្លាប់មានប្រវត្តិដើរដាក់ពាក្យប្រឡងចម្រៀងជាច្រើន និងបានដើរសុំគេឡើងច្រៀងនៅតាមកម្មវិធីនាពេលរាត្រី គ្មានពេលសម្រាកគ្រប់គ្រាន់ មកដល់ផ្ទះវិញយប់ជ្រៅ គឺដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ បង់ថ្លៃផ្ទះជួលតូចមួយ។
អ្វីដែលធ្វើស្រីស្អាតរូបនេះចងចាំមិនភ្លេចក្នុងជីវិត គឺពេលមួយនាងចេញពីច្រៀងនាពេលយប់ជ្រៅ ត្រូវបានចោរជិះដេញតាមរហូត ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពេលដែលនាងកំពុងតែជិះម៉ូតូម្នាក់ឯង ធ្វើឲ្យដួលម៉ូតូរលាត់ដៃជើង។ចាប់តាំងពីមានហេតុការណ៍កើតឡើង ធ្វើឲ្យនាងមានអារម្មណ៍កាន់តែភ័យខ្លាច ណាមួយខ្លួនជាស្រី ត្រូវធ្វើដំណើរកណ្ដាលរាត្រីម្នាក់ឯងទៀត។
កញ្ញា តង់ ច័ន្ទសីម៉ា បានបន្តថា ក្រោយពីបានធ្វើការជាអ្នកចម្រៀង នៅកន្លែងបាន រយៈពេលជិត២ឆ្នាំ ទើបនាងបានចុះកុងត្រាជាមួយផលិតកម្ម Galaxy របស់លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា រយៈពេលប្រាំឆ្នាំ ។បន្ទាប់ពីពុះពាររហូតត្រូវបានម្ចាស់ផលិតកម្មដ៏ធំមួយនេះ មើលឃើញពីសមត្ថភាពក៏ដូចជាបើកឱកាសឲ្យនាងធ្វើជាតារាចម្រៀងប្រចាំផលិតកម្ម និងបានសាងកេរ្តិ៍ឈ្មោះល្បីដូចពេលនេះ។
តារាស្រីនិយមសក់ខ្លីរូបនេះបានរំពឹងទុកទៀតថា ដើម្បីកាន់តែធ្វើឲ្យទីផ្សារសិល្បៈរបស់ខ្លួនមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងបន្ថែមទៀត កញ្ញា តន់ ច័ន្ទសីម៉ា បានត្រៀមបញ្ចេញនូវបទចម្រៀងប្រមាណប្រាំពីរបទបន្តបន្ទាប់ទៀត ដើម្បីវាយលុកទីផ្សារសិល្បៈនៅដើមឆ្នាំ២០២០ ខាងមុខនេះ។
សូមបញ្ជាក់ថា កញ្ញា តន់ ច័ន្ទសីម៉ា កំពុងត្រូវបានទស្សនិកជនជាច្រើន ធ្វើការគាំទ្រ តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទរបស់នាង ដែលបានបញ្ចេញនៅលើទីផ្សារ ដែលសុទ្ធតែជាបទ ផ្ទុះខ្លាំង ក្នុងឆ្នាំ២០១៩កន្លងមកនេះ ដោយមានដូចជា បទ “រឹងមាំ”, “មនុស្សដូចខ្ញុំ”, “ខ្ញុំជឿ”, “អ្នកខាងនេះនឹកអ្នកខាងនោះ”, “បើមិនស្មោះស្រឡាញ់រកងាប់អី”, “យល់ច្រឡំថាគេស្រឡាញ់យើង” និងបទដែលកំពុងផ្ទុះខ្លាំងគឺបទ “គេនោះជាស្រីកាប់ដាវ” ខណៈមានអ្នកចូលទស្សនាជាង ប្រាំបីលានដង ដែលជាចំនួនមួយច្រើនគួរឲ្យកត់សម្គាល់៕ ដោយៈ បូរិន/Ha