ឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃពុធទី១មករាថាខ្លួនបានច្រានចោលការអះអាងកាន់កាប់របស់ចិនជុំវិញដែនទឹកជម្លោះមួយនៃសមុទ្រចិនខាងត្បូងថា “គ្មានមូលដ្ឋានច្បាប់”បន្ទាប់ពីពីរថ្ងៃមុននេះបានធ្វើការតវ៉ាទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំងជុំវិញវត្តមាននាវាឆ្មាំសមុទ្រចិននៅដែនទឹកដែលឥណ្ឌូនេស៊ីអះអាងថាជារបស់ខ្លួន។
បើតាមការអះអាងរបស់ឥណ្ឌូនេស៊ី នាវាចិនបានរំលោភចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ីនៅឆ្នេរសមុទ្រកោះណាទូណាភាគខាងជើងដោយញ៉ាំងឱ្យក្រុមមន្ត្រីឥណ្ឌូណេស៊ីចេញលិខិតតវ៉ា “ខ្លាំងក្លា” និងកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងហ្សាការតាកស្តាប់ការតវ៉ា។
ថ្លែងនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកកេងសួងនិយាយថាប្រទេសចិនមានអធិបតេយ្យភាពលើប្រជុំកោះស្ព្រាតលីនិងដែនទឹករបស់ខ្លួន ហើយទាំងចិននិងឥណ្ឌូនេស៊ីមានសកម្មភាពនេសាទធម្មតានៅទីនោះ។
នៅក្នុងការរិះគន់ខ្លាំងៗ ក្រសួងការបរទេសឥណ្ឌូណេស៊ីបានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធឱ្យចិនពន្យល់ពី”មូលដ្ឋានច្បាប់និងព្រំដែនឱ្យច្បាស់លាស់” ទាក់ទងនឹងការអះអាងកាន់កាប់របស់ខ្លួនលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ីដោយផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។
ក្រសួងការបរទេសឥណ្ឌូនេស៊ីនិយាយថា “ការអះអាងកាន់កាប់របស់ចិនចំពោះតំបន់សេដ្ឋកិច្ចផ្តាច់មុខដោយផ្អែកលើហេតុផលថាអ្នកនេសាទរបស់ខ្លួនបានធ្វើសកម្មភាពនៅទីនោះជាយូរមកហើយនោះ…គឺគ្មានមូលដ្ឋានច្បាប់ហើយមិនដែលត្រូវបានទទួលស្គាល់ដោយច្បាប់ UNCLOS ឆ្នាំ ១៩៨២ ឡើយ”៕ ដោយ៖ កញ្ញាដាលីស