ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​ពេញទំហឹង ផ្លោង​ចេញមក​ម្ខា​ង​ផ្លូវ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បង្ក​ការភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូលថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែមករា ឆ្នាំ​២០២០ ត្រង់ចំណុច​ជិត​គល់ស្ពានអាកាស​ស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​សព​រងគ្រោះ​មានឈ្មោះ​គង់ វុទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ អាសយដ្ឋាន​ផ្ទះ​លេខ​១៨០ ផ្លូវ​៣១BT​ភូមិ​សន្សំ​កុសល​ទី​១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើត​ហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៥ ព​ណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ​1FK4171​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ​ខ្វះ​ការប្រុងប្រយ័ត្ន ស្ថានភាព​ផ្លូវ​កោង​ផង​នោះបាន​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​បោក​ផ្ទប់​នឹង​របាំង​ថ្ម​បែក​ថ្លើម​ផ្លោង​ទៅ​ម្ខាង​ផ្លូវ​បណ្ដាលឲ្យ​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​

​ក្រោយ​កើត​ហេតុ សមត្ថកិច្ច​ចុះមក​ធ្វើ​កំណត់ហេតុ​រួច​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ រង់ចាំ​ក្រុមគ្រួសារ​យក​ឯកសារ​ម​ក​ផ្ទៀងផ្ទាត់​រួច​ប្រគល់ជូន​វិញ​។ ចំណែក​សពជនរងគ្រោះ​ខាងលើ​ត្រូវបាន​រថយន្ត​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា ​រង់ចាំ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​មកទទួល​សព​យកទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​៕ ល​/Ha