កម្មករជាច្រើននាក់ប្រឹងសម្រុកការងារផលិតធូបទាំងថ្ងៃទាំងយប់ ដើម្បីឱ្យទាន់តម្រូវការ ខណៈពេលបុណ្យចូលឆ្នាំចិន កាន់តែខិតជិតមកដល់។
វាជាពេលវេលាដ៏សំខាន់ប្រចាំឆ្នាំសម្រាប់អ្នកភូមិដែលរស់នៅក្នុងសង្កាត់យ៉ុងឈុន (Yongchun) ជាតំបន់ភ្នំស្ថិតក្នុងខេត្តហ្វូជាន (Fujian) ប្រទេសចិន។ ការផ្គត់ផ្គង់ធូបភាគច្រើនក្នុងពិភពលោក មានប្រភពចេញពីតំបន់នេះ។
ក្នុងពិធីបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នៅចុងខែមករានេះ ប្រជាជនចិន រាប់ពាន់លាននាក់ ត្រូវអុជធូបបន់ស្រន់នៅតាមព្រះវិហារ និងក្នុងពិធីសាសនាបែបប្រពៃណីដូនតា។
សិប្បកម្មផលិតធូបបានចាក់ឫសយ៉ាងជ្រៅនៅ តាភូ (Dapu) កន្លែងដែលលោក ហុង ចុងស៊ឹន (Hong Zhongsen) ដំណើរការសិប្បកម្មផលិតធូបដែលបន្តច្រើនជំនាន់មកហើយ។
បុរសវ័យ ៣១ ឆ្នាំរូបនេះនិយាយថា “ការផលិតធូបមានសារៈសំខាន់ណាស់សម្រាប់គ្រួសារខ្ញុំ។ វាមិនត្រឹមតែជាអាជីវកម្មទេ ប៉ុន្តែវាក៏ជាការអភិរក្សសិប្បកម្មដូនតា និងប្រពៃណីវប្បធម៌ផងដែរ”។
សូមបញ្ជាក់ថា ភាពមានបាននៅក្នុងតំបន់នេះដោយសារវាមានភូមិសាស្ត្រស្ថិតនៅជិតក្រុង បុរាណឈ័នចូវ (Quanzhou) ដែលជាច្រកដ៏សំខាន់សម្រាប់ពាណិជ្ជកម្មបរទេសរាប់សតវត្សរ៍ មកហើយ៕ ប្រែសម្រួលៈខុម