ខ្សែបម្រើ ជ័រជីញ៉ូ (Jorginho) បានទទូចឲ្យក្លិបឆេលស៊ីកុំទន់ជ្រាយពេក បន្ទាប់ពីពួកគេបាន បង្ហាញភាពទន់ខ្សោយ អំឡុងការប្រកួតកាលពីចុងសប្តាហ៍មុនពេលរកបាន៣ពិន្ទុលើក្រុម អាសេណល(Arsenal) ។
ក្រុមរបស់លោក ហ្វ្រែង ឡាំផាត (Frank Lampard) មានទម្រង់លេងមិនសូវស៊ីសង្វាក់គ្នាទេ កាលពីខែមុន ហើយត្រូវស្តាទម្រង់លេងមិនល្អនៅតង់ទី១ ដើម្បីដណ្តើមយកជ័យជម្នះ២-១ លើក្រុម Arsenal កាលពីចុងសប្តាហ៍។
កីឡាករ ព្យែរ អេមឺរិក អូបាម៉េយ៉ាំង (Pierre Emerick Aubameyang) បានជួយឲ្យក្រុម Arsenal នាំមុខមុន១-០ នៅតង់ទី១ ប៉ុន្តែកីឡាករ ជ័រជីញ៉ូ រកបាន១គ្រាប់វិញ ដោយសារតែកំហុសរបស់ អ្នកចាំទី បឺន ឡេណូ (Bernd Leno) មុនពេលខ្សែប្រយុទ្ធ ថមមី អាប្រាហ៊ីម (Tammy Abraham) បន្ថែមមួយគ្រាប់ទៀតនៅប៉ុន្មាននាទីចុងម៉ោង។
បើទោះបីជាអាចដណ្តើមយកជ័យជម្នះក្នុងការប្រកួតនេះ ប៉ុន្តែ ជ័រជីញ៉ូ អះអាងថានៅមាន ចំណុចជាច្រើនដែលត្រូវពង្រឹង។
ជ័រជីញ៉ូ បាននិយាយថា “ខ្ញុំគិតថា នៅពេលអ្នកលេងឲ្យឆេលស៊ី យើងនិយាយច្រើនអំពីវ័យក្មេង វ័យក្មេង វ័យក្មេង ប៉ុន្តែយើងស្ថិតនៅពាក់កណ្តាលរដូវកាល ហើយកីឡាករទាំងអស់ត្រូវ ទទួលខុសត្រូវ”។
ជ័រជីញ៉ូ បន្តថា “មិនមែនតែកីឡាករជើងចាស់នោះទេ។ ប្រាកដណាស់ កីឡាករក្មេងៗក័ត្រូវធ្វើ ការងារច្រើនទៀត ប៉ុន្តែមិនត្រូវរកលេសនោះទេ។ គ្រប់គ្នាត្រូវត្រៀមខ្លួនសម្រាប់ការប្រកួត ត្រៀមប្រយុទ្ធ ពីព្រោះយើងលេងឲ្យក្លឹបឆេលស៊ីនៅក្របខណ្ឌព្រីមីញ៉េលីក”។
ជ័រជីញ៉ូ បានត្អូញត្អែរថា ការប្រកួតក្រៅទឹកដីពិតជាពិបាក ជាពិសេសនៅពេលប្រកួតជាមួយ ក្រុមធំៗ ប៉ុន្តែនៅពេលនេះគ្រប់គ្នាត្រូវតែប្តូរផ្នត់គំនិតនិងត្រូវការប្រកួតក្នុងទឹកដីដោយសារតែ បាត់បង់ពិន្ទុច្រើនពេក៕ ប្រែសម្រួល: ពិសិដ្ឋ