ខ្សែបម្រើ ណេម៉ានចា ម៉ាទិក (Nemanja Matic) របស់ក្លិបម៉េនឆេស្ទ័រ យូណាយធីតបានបង្ហើប ប្រាប់ថា ខ្លួនមិនប្រាកដថា នឹងមានអ្វីកើតឡើងនៅខែមករានេះទេ។
កីឡាករវ័យ៣១ឆ្នាំរូបនេះនៅសល់កិច្ចសន្យា៦ខែទៀតជាមួយម៉េនឆេស្ទ័រ យូណាយធីត ប៉ុន្តែបានសារភាពថា បើកចិត្តទទួលយកកិច្ចសន្យាផ្ទេរចេញណាមួយពីពហុកីឡដ្ឋាន Old Trafford នៅខែនេះ។
កីឡាករសញ្ជាតិស៊ែបរូបនេះបានបង្ហាញមុខ៨លើកនៅរដូវកាលនេះ ប៉ុន្តែមិនទាន់បានចាប់ ផ្តើមជាមួយក្រុមយូណាយធីតនៅរដូវកាលនេះនៅឡើយទេ អំឡុងពេលក្រុមយូណាយធីត យកឈ្នះក្រុម Burnley ២-០ ។
ម៉ាទិក បាននិយាយថា “ខ្ញុំមិនដឹងថា ត្រូវនិយាយយ៉ាងម៉េចទេ។ ខ្ញុំមានកិច្ចសន្យាសម្រាប់រយៈ ពេល៦ខែក្រោយ។ យើងនឹងរង់ចាំមើលថា តើមានអ្វីកើតឡើងនៅខែមករានេះ។ តើខ្ញុំនឹងពន្យារ កិច្ចសន្យាឬព្យាយាមស្វែងកន្លែងថ្មី?”។
ម៉ាទិក បន្តថា “យូណាយធីតមានជម្រើសពន្យារកិច្ចសន្យារបស់ខ្ញុំ ប៉ុន្តែយើងនឹងមើលឃើញថា តើផែនការរបស់ក្លិបនេះនឹងសមស្របជាមួយផែនការរបស់ខ្លួនដែរឬយ៉ាងណា។ ខ្ញុំមិនអាច និយាយបានច្រើនជាងនេះទេ ពីព្រោះខ្ញុំក៏មិនដឹងដែរ”។
តាមព័ត៌មានថា ក្លឹប Atletico Madrid ក៏ស្ថិតក្នុងចំណោមក្លិបដែលចាប់អារម្មណ៍ចង់បាន ម៉ាទិក ផងដែរ៕ ប្រែសម្រួល: ពិសិដ្ឋ