ភ្នំពេញៈ ខែ មករា ជាភាសាបាលី ឬ សំស្ក្រឹតថា មករៈ មានន័យថា ត្រីថ្ករ ដែល គេច្រើនហៅថា ឆ្លាមមករ ។ គេអាចហៅខែ មករា ថា មករៈរាសី ក៏បាន ខែនេះ មាន រយៈ ពេល៣១ថ្ងៃ ជាខែទី ១០ នៃ សុរិយគតិ ស្ថិតក្នុងហេមន្តរដូវ គឺរដូវមានទឹកសន្សើម ឬ រដូវរងា ត្រូវនឹងខែបុស្ស-មាឃ ហើយគឺជាខែទី ០១ នៃ ប្រតិទិន ហ្គ្រេហ្កូរាន ដែលជាប្រតិទិនសកលនា។
ថ្ងៃទី១ នៃ ខែមករា ត្រូវបានកំណត់ថាជាថ្ងៃចូលឆ្នាំថ្មីសកល តាំងពី១៥៣ ឆ្នាំ មុន គ.ស ប៉ុន្តែមិនទាន់ត្រូវបានគេទទួលយក និង អនុវត្តជាទូទៅឡើយ រហូតដល់ឆ្នាំទី៤៦ មុនគ.ស ទើបគេអនុវត្តរហូតមកដល់សព្វថ្ងៃ ។ តាមធម្មតា ខែ មករា ជាអំឡុងពេលដែលមានអាកាសធាតុ ត្រជាក់បំផុត នៅអឌ្ឍគោលខាងជើង និង ជាខែទី២ នៃ សិសិររដូវ នៅទីនោះ ។ ប៉ុន្តែវាជាអំឡុង ពេលដែលមានអាកាសធាតុកក់ក្តៅបំផុតប្រចាំឆ្នាំនៅតំបន់ភាគច្រើនបំផុតនៃអឌ្ឍគោលខាងត្បូង ហើយនៅទីនោះ មករា ជាខែទី២ នៃ រដូវក្តៅ ។
ដំបូងឡើយ ប្រតិទិនរ៉ូម៉ាំងមានឈ្មោះថា ប្រតិទិន រ៉ូមូលូស ដែលរៀបចំឡើងដោយ សហស្ថាបនិកទីក្រុងរ៉ូមឈ្មោះ រ៉ូមូលូស នៅ ៧៥៣ ឆ្នាំមុនគ.ស ។ ប្រតិទិននេះ ក្នុងមួយឆ្នាំ មានតែ១០ ខែ ត្រូវជា៣០៤ថ្ងៃ ប៉ុណ្ណោះ ដោយយនៅសល់៦១ថ្ងៃ នៃ សិសិររដូវ ពុំត្រូវបាន កំណត់ ឬ ចាត់ចូលក្នុងខែណាមួយឡើយ ។ ខែទី០១ នៃ ប្រតិទិន រ៉ូមូលូស គឺ ខែមីនា ។
៤០ ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំទី ៧១៣ មុនគ.ស អធិរាជ្យរ៉ូម៉ាំង ព្រះនាម នូម៉ា ប៉ុមពីលីយឺស បានកែប្រែប្រតិទិន រ៉ូមូលូស ដោយការបញ្ចូលខែចំនួន ២ នៅខាងដើម គឺខែ មករា (Ianuarius or Januarius = January) និង ខែ កុម្ភៈ (Februarius or Februarius=February) ហើយគេបានឱ្យ ឈ្មោះប្រតិទិនថ្មីនេះថា “ ប្រតិទិន នូម៉ា ” ។ ខែមករា (និង ខែកុម្ភៈ) ក៏ចាប់ផ្តើមបង្ហាញវត្តមាន ក្នុងលោកតាំងពីពេលនោះមក ។ ដូច្នេះនៅឆ្នាំ២០២០ ខែ មករា មានវ័យចំណាស់២.៧៣៣ ឆ្នាំគត់ ។
មូលហេតុនៃឈ្មោះខែ មករា
ប្រភពឈ្មោះ ខែមករា ជាភាសាអង់គ្លេសថា January មកពីឈ្មោះរបស់ទេវតា មួយអង្គឈ្មោះ ជេនូស (Janus) ដែលត្រូវគេស្គាល់ផងដែរថាឈ្មោះ ឡានួរីយើស (Ianuarius) ។ ជេនូស ឬ ឡានួរីយើស គឺជាទេវតារក្សាទ្វារ (ទ្វារបាលទេព) នៅក្នុងទេវកថារ៉ូម៉ាំង និង ជាទេវតាមុខ ២ ដែល មើលទៅក្រោយ (អតីតកាល ឬ ឆ្នាំចាស់) និង មើលទៅមុខ (អនាគតកាល ឬ ឆ្នាំថ្មី) ផង ។ Janus ឬ Ianuarius ដែល ជាប្រភពដើម នៃ ខែមករា (January) នេះ មកពីភាសាឡាតាំងថា ianua មានន័យស្មើ នឹងភាសាអង់គ្លេសថា door ឬ doorway ឬ gate ដែលមានន័យជាភាសា ខ្មែរថា “ទ្វារ” ឬ “ផ្លូវចូល” ។
ខែមករា ឬ January នេះ គឺព្រះចៅអធិរាជ្យរ៉ូម៉ាំង ព្រះនាម នូម៉ា ប៉ុមពីលីយឺស ជាអ្នកដាក់ឱ្យ ដោយទ្រង់យល់ថា ខែ មករា នេះ ជាទ្វារ ឬ ជាច្រកចូលទៅក្នុងឆ្នាំនីមួយៗ អាចប្រដូចទៅនឹង ទេវតា ជេនូស ជាអ្នកយាមទ្វារ ជាទីដែលគេត្រូវឆ្លងកាត់ ដើម្បីបានចូលទៅក្នុងទី ឬវិមាន ណាមួយ ។
ក៏ស្របគ្នាជាមួយអត្ថន័យខាងលើនេះដែរ បើគេបកស្រាយទៅលើរូបទេវតា ជេនូស ជាទេវតា រក្សាទ្វារ ដែលមានមុខ ២ នោះ គឺមានន័យថាជាខែដែលគេត្រូវ គិតពិចារណាអំពីបទពិសោធន៍ កាល ពីឆ្នាំចាស់ ដើម្បីរៀបចំជីវិតសម្រាប់ឆ្នាំថ្មី ។
ឈ្មោះខែ មករា នៅក្នុងវប្បធម៌ជាតិសាសន៍ផ្សេងៗ
ឈ្មោះជាប្រវត្តិសាស្ត្រ នៃ ខែមករា រួមទាំងការកំណត់ដំបូងរបស់រ៉ូម៉ាំងថា Ianuarius ដែលក្នុង ន័យរបស់សាកសុងថា Wulf-monath ដែលមានន័យស្មើនឹងភាសាអង់គ្លេសបច្ចុប្បន្នថា wolf month ប្រែថា ខែ នៃ សត្វចចក ។ ដោយហេតុនេះ ទើប វប្បធម៌បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប បានហៅ បូណ៌មីតិថី ឬ ថ្ងៃដែលមានព្រះចន្ទពេញវង់ នៃ ខែមករា ឈ្មោះ “ ព្រះចន្ទចចក” ឬ “ព្រះចន្ទត្រជាក់” ។
ចំពោះអត្ថន័យ នៅក្នុងវប្បធម៌ ហ្វាំងឡង់ដ៍ ហៅ ខែមករា ថា “ខែដើមសែន” (tammikuu= month of the oak) ប៉ុន្តែន័យដើម ពាក្យថា tammi (ដែលបានក្លាយទៅជាពាក្យថា tammikuu) ដើមឡើយមានន័យស្មើនឹងពាក្យថា axis ឬ core ដែល មានន័យជាភាសាខ្មែរ ថា “បេះដូង” ឬ “បណ្តូល” ។ ដោយហេតុនេះ ទើបអ្នកខ្លះ ហៅខែមករា តាមវប្បធម៌ហ្វាំងឡង់ដ៍ថា “ខែដែលជា បេះដូង ឬ បណ្តូល នៃ សិសិររដូវ” ដោយសេចក្តីថា ខែមករា ស្ថិតនៅចំកណ្តាល នៃ សិសិររដូវ ហើយគេក៏បានប្រៀបប្រដូចវាឱ្យស្មើនឹងបេះដូង ឬ បណ្តូល នៃ រដូវត្រជាក់នេះឯង ។
វប្បធម៌ ប្រជាជនឆែក ហៅខែមករានេះថា “ខែទឹកកក” (ice month) ដ្បិតខែនេះ ជាពេលដែល ធ្លាក់ទឹកកក ឬ ជាពេលដែលទឹកនៅក្នុងត្រពាំងបឹងបួរ កក ដោយសារអាកាធាតុត្រជាក់ក្រោម សូន្យអង្សា ។ នៅតួគីហៅ ខែមករា នេះថា “ចង្ក្រានកម្ដៅ” (fireplace) ព្រោះជាពេលដែលគេ ត្រូវការចង្ក្រានកម្ដៅនៅក្នុងផ្ទះ ដោយសាររយៈពេល នៃ ខែមករា នេះអាកាសធាតុត្រជាក់ខ្លាំង។
ព្រឹត្តិការណ៍ផ្សេងៗ
ថ្ងៃទី ០១ ជាទិវាប្រកាសឯករាជភាព ព្រុយណេ និង ជាទិវា សេរីភាព នៃ ប្រទេស គុយបា , ទិវាឯករាជ្យជាតិ មីយ៉ាន់ម៉ា ធ្វើនៅថ្ងៃទី ០៤ និង ទិវាកាន់ទុក្ខ នៃ ការបង្ក្រាបរបស់អាណានិគម នៃ ប្រទេស អង់ហ្គោឡា ។ ទី ០៧ ខែ មករា ជាទិវាជ័យជម្នះ នៃ រណសិរ្យសាមគ្គីសង្គ្រោះជាតិ កម្ពុជា និង ជាថ្ងៃបុណ្យ ណូអែល នៅប្រទេសរុស្ស៊ី និងបណ្តាប្រទេសដែលកាន់គ្រិស្តសាសនា និកាយ អ័រធូដុក្ស (ដែលត្រូវគេធ្វើជាទូទៅនៅថ្ងៃទី២៥ ខែធ្នូ) ។
បុណ្យទិវា ការមកដល់ នៃ អាយុ នៅប្រទេសជប៉ុន ប្រារព្ធនៅថ្ងៃទីចន្ទ សប្តាហ៍ ទី២ នៃ ខែមករា ។ ទិវាជាតិ នៃ ការយល់ដឹង ពីការជួញដូរមនុស្ស នៅសហរដ្ឋអាមេរិក និង ទិវាប្រកាសឯករាជ្យ នៃប្រទេស ម៉ារ៉ុក ប្រារព្ធនៅថ្ងៃទី១១ខែមករា ។ ទិវាម៉ាទីនលូធ័រឃីងជូនៀ គឺជាថ្ងៃឈប់សម្រាក មួយរបស់សហរដ្ឋអាមេរិកដែលរំឭកដល់លោក បណ្ឌិតម៉ាទីន លូធ័រឃីងជាមេដឹកនាំបដិវត្តន៍ ការប្រកាន់រើសអើងចំពោះសម្បុរស្បែក (ស ខ្មៅ )។ ទិវាឈប់សម្រាកនេះប្រារព្ឋធ្វើឡើង ជារៀងរាល់ឆ្នាំនៅថ្ងៃច័ន្ទ នៃសប្តាហ៍ទី៣ ខែមករា ។ ថ្ងៃទី ២៦ ជាទិវាជាតិ អូស្ត្រាលី ។ ខែមករា ជារដូវកាលដ៏ពេញទំហឹង នៃ អាពាហ៍ពិពាហ៍នៅប្រទេសកម្ពុជា ។
ជំនឿហោរាបស្ចិមលោក
ហោរាសាស្ដ្រលោកខាងលិច បុគ្គលដែលចាត់ទុកថាជាមនុស្សមកររាសី គឺជនានុជនទាំងឡាយ ណាកើតនៅអំឡុងថ្ងៃទី២២ ខែ ធ្នូ ដល់ថ្ងៃទី ១៩ មករា ។ និម្មិតសញ្ញានៃបុគ្គលកើតខែមករា គឺសត្វពពែ ធាតុដី ទទួលឥទ្ធិពលពីភពសៅរ៍ (Saturn) ជាប្រភេទមនុស្សពូកែខាងទ្រិស្តី ឬ ទ្រិស្តីនិយម ។ បុគ្គលកើតខែមករា ស្មើនឹងមនុស្សកើតឆ្នាំគោ ឬ ឆ្នាំឆ្លូវ នៃ ប្រតិទិនចិន ឆុងនឹងមនុស្សកើតខែកក្កដា (២១មិថុនា-២២កក្កដា) ។ ពណ៌ដែលសក្តិសមគឺពណ៌ត្នោត ឯត្បូងនាំសំណាងគឹត្បូង ដៃរគៀម (Onyx) ។
បុគ្គលកើតក្នុងមកររាសី គឺជាមនុស្សពូកែតស៊ូពុះពារព្យាយាមក្នុងឆាកជីវិតណាស់ ជាមនុស្ស ឯករាជ្យជាលក្ខណៈពិសេសមួយអនុញ្ញាតឲ្យបុគ្គលជំពូកនេះអាចបោះជំហានទៅមុខ ជានិច្ចពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន និងការងារ ។ មានការទទួលខុសត្រូវមានវិន័យគ្រប់គ្រង ខ្លួនឯង បុគ្គលនេះតែងតែប្រាថ្នាសម្រេចដល់ទីដៅខ្ពស់ក្នុងការងារដោយចាប់ផ្តើមពីឋានៈតូច តាច មិនចង់ឲ្យនរណាម្នាក់លើកបន្តុបឲ្យមានឋានៈខ្ពស់ដោយមិនបានបញ្ចេញសមត្ថភាពឡើយ ។ គេក៏ជាមនុស្សពូកែកំប្លែងគ្រាន់បើដែរ ។
ប៉ុន្តែជួនកាលគេមានចំណុចខ្សោយដោយសារដឹងរឿងរ៉ាវច្រើនពេក មិនងាយអត់ឱនឲ្យអ្នក ដទៃ។ គេពុំសូវជាចូលចិត្តមានមិត្តភក្តិក្នុងសង្គមច្រើនទេ ពោលគឺចង់បានតែមិត្តភក្តិដែលខ្លួន យល់ថាជាមនុស្សស្មោះស្ម័គ្រ និង ចិត្តល្អតែប៉ុណ្ណោះ ។គេជាមនុស្សចាប់ផ្តើមបង្កើតទំនាក់ទំនង ស្នេហាដោយសន្សឹមៗ ក៏មិនចេញមុខមុនគេឡើ ។ បុគ្គលនេះផ្តល់តម្លៃទៅលើតម្រូវការរបស់ ដៃគូខ្លាំងណាស់។
និយាយពីរឿងលុយកាក់ បុគ្គលនេះពូកែខាងចាត់ចែងណាស់។បុគ្គលនេះប្រហែលជាចំណាយ ធំបន្តិច ប៉ុន្តែរបស់របរដែលបុគ្គលនេះទិញតែងតែជាទំនិញដែលមានគុណភាពខ្ពស់ និងមាន ប្រយោជន៍ប្រើបានច្រើនឆ្នាំ៕ ដោយៈ មេសា