ដោយ: ឆាយានាថ / ភ្នំពញ: ប្រឡាយ បឹង បួ ព្រែក អូរ ស្ទឹង ធម្មជាតិទាំងឡាយ មិនមែនជារបស់បុគ្គលឯកជនណាម្នាក់នោះទេ ពោលគឺជាសម្បត្តិរបស់រដ្ឋ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។ ដូច្នេះគ្មានបុគ្គលណាម្នាក់មានសិទ្ធិរំលោភបំពានបោះបង្គោល ឬចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិបានឡើយ។
ប៉ុន្តែបើយើងក្រឡេកទៅមើលនៅក្នុងមូលដ្ឋានទឹកដីខណ្ឌដង្កោឯណោះវិញ ថ្មីៗនេះ ប្រជាពលរដ្ឋបានទម្លាយឲ្យដឹងថា ដីរដ្ឋជាច្រើនតាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បាននិងកំពុងមានការចាក់ដីលុបស្ទឹងព្រែកត្នោតរំលោភបំពាន បំណងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ត្រូវបាន លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ ថ្លែងតាមរយៈបណ្តាញសង្គម Telegram ជាមួយអ្នកសារព័ត៌មាន យ៉ាងខ្លីថា “ក្រុមការងារខ្ញុំបានចុះទៅធ្វើកំណត់ហេតុរួចហើយ មិនឲ្យមានសកម្មភាពចាក់បែបនេះតទៅទៀតទេ និងមិនឲ្យមានការសាងសង់អ្វីនៅលើទីតាំងនោះដែរ”។
ចំពោះការបកស្រាយបំភ្លឺរបស់ លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ បែបនេះ ត្រូវបានប្រជាពលរដ្ឋឆ្លើយតបថា ហាក់មិនបានបង្ហាញរូបភាពនិងខ្លឹមសារលម្អិតនៃការចុះពិនិត្យទីតាំងដែលចាក់ដីរំលោភបំពានយកដងស្ទឹងព្រែកត្នោតនោះឡើយ សូម្បីតែពេលវេលានិងថ្ងៃខែឆ្នាំ នៃការចុះពិនិត្យនេះ។
ទន្ទឹមនេះ សំណូមពរឲ្យលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោថ្មី មេត្តាមានវិធានការឲ្យមានប្រសិទ្ធភាពផងជុំវិញបញ្ហានេះ ពោលគឺ ត្រូវបញ្ជាឲ្យឈ្មួញកាយដីនោះឲ្យអស់ចេញស្ទឹងព្រែកត្នោតឡើងវិញ និងមានចំណាត់ការតាមច្បាប់ផងដែរ ដើម្បីថែរក្សាសម្បត្តិរដ្ឋមួយនេះ៕ ល/Ha