ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ កម្ពុជា បានត្រៀមខ្លួនមុន ស្ទើរតែ ១០ ឆ្នាំ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាក្នេយ៍ នាឆ្នាំ២០២៣ ដែលមកទល់ពេលនេះ នៅសល់តែ ៣ ឆ្នាំប៉ុណ្ណោះ ។
កម្ពុជា បានបង្កើតគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា គឺជាអនុប្រធានអចិន្ត្រៃយ៍ និងលោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការជាតិ អូឡាំពិកកម្ពុជា គឺជាអគ្គលេខាធិការ បន្ថែម ។
គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម បានដំណើរការយ៉ាងរលូន ក្នុងខណៈដែល សហព័ន្ធជាតិមួយចំនួន ហាក់ដូចជា នៅសម្ងំដេក ដោយមិនទាន់អើពើនៅឡើយ។ សហព័ន្ធ ដែលមិនទាន់ក្រោកពីដំណេកទាំងនេះ អាចនឹងបាត់បង់កូតា ក្នុងការចូលរួមប្រកួត កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ទោះបីកម្ពុជា ធ្វើជាម្ចាស់ផ្ទះក៏ដោយ ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា សហព័ន្ធជាតិទាំងអស់ មិនត្រឹមតែមានកីឡាករ ប្រកបដោយគុណភាពប៉ុណ្ណោះទេ តែត្រូវមានមន្ត្រីបច្ចេកទេស រួមជាមួយសមត្ថភាព រៀបចំព្រឹត្តិការណ៍ ប្រកួតទៀតផង។
ឆ្នាំ២០២១ ជាឆ្នាំយុទ្ធសាស្ត្រចុងក្រោយ ដែលសហព័ន្ធជាតិ ត្រូវស្វែងរកមេដាយ ឲ្យបាន នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នាប្រទេសវៀតណាម ។ សហព័ន្ធជាតិទាំងអស់ ត្រូវតែកំណត់ទិសដៅ ស្វែងរកមេដាយមាស ដោយមិនត្រូវសម្លឹងត្រឹម មេដាយប្រាក់ ឬសំរិទ្ធឡើយ ។
ចាប់ពីឆ្នាំ២០២០នេះទៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងបញ្ជូនកីឡាករ កីឡាការិនី ទៅហ្វឹកហាត់នៅក្រៅប្រទេស ក្នុងទ្រង់ទ្រាយធំ ។ ប្រភេទកីឡាមួយចំនួន នឹងអញ្ជើញគ្រូបរទេស ឲ្យមកបង្ហាត់នៅក្នុងស្រុក ដើម្បីប្រជែងយកមេដាយមាស នាឆ្នាំ២០២៣ ។
ហេតុនេះ សហព័ន្ធជាតិ ត្រូវតែផ្លាស់ប្ដូរឥរិយាបទ ដោយម្ចាស់ការ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាព កីឡាករ កីឡាការិនីរបស់ខ្លួន ។ ការវះកាត់នូវដំបៅ ដើម្បីព្យាបាល នឹងត្រូវតែធ្វើ ដោយខានមិនបាន ។ ការព្យាបាល ពិតជាមានការឈឺចាប់ តែបើមិនព្យាបាលទេ អ្វីៗនឹងបន្តរ៉ាំរ៉ៃ ហើយកម្ពុជា ដែលជាម្ចាស់ផ្ទះនោះ មិនប្រជែងបានមេដាយ ជាទីគាប់ចិត្តឡើយ ។
លោក ថោង ខុន ក៏បានអះអាងដែរថា ឆ្នាំ២០២៣ គឺមិនមែនជាឆ្នាំ បបួលគ្នាចែកមេដាយ ដែលជាវប្បធម៌ មិនល្អ សម្រាប់ស៊ីហ្គេមនោះទេ តែជាឆ្នាំនៃការប្រកួត ដោយយុត្តិធម៌ (Fair-Play) ដែលអ្នកចូលរួមត្រូវប្រជែងគ្នា ដោយសមត្ថភាព៕v