មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់កាលពីថ្ងៃពុធទី០១មករា បានវាយបកលើអាម៉េរិក និងបានព្រមានថា ប្រទេសរបស់លោកនឹងមិនស្ទាក់ស្ទើរធ្វើការវាយប្រហារ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ បាននិយាយថា រដ្ឋាភិបាលក្រុងតេអេរ៉ង់(អ៊ីរ៉ង់)នឹងបង់តម្លៃដ៏ខ្ពស់មួយដោយសារតែពួកជីវពលហេសបូឡាវាយប្រហារស្ថានទូតអាម៉េរិកនៅក្រុងបាដាត ប្រទេសអ៊ីរ៉ាក់។
លោកអាយ៉ាតុឡា អាលី ខាមេនី តបនឹងការចោទប្រកាន់និងការគំរាមពីអាម៉េរិក
អំពីការវាយប្រហារដោយអាម៉េរិកដែលបានសម្លាប់សមាជិកក្រុម កាតាអេប ហេសបូឡា ចំនួន២៥នាក់នៅអ៊ីរ៉ាក់កាលពីយប់ថ្ងៃអាទិត្យ លោកអាយ៉ាតុឡា អាលី ខាមេនី បាននិយាយថា «ខ្ញុំ និងរដ្ឋាភិបាល រួមទាំងប្រជាជាតិអ៊ីរ៉ង់ សូមថ្កោលទោសអំពើឧក្រិដ្ឋរបស់អាម៉េរិក»។
សូមរំលឹកថា សមាជិកយុទ្ធជនក្រុម កាតាអេប ហេសបូឡា រាប់ពាន់នាក់កាលពីថ្ងៃអង្គារ បានសម្រុកចូលវាយប្រហារនិងដុតបំផ្លាញស្ថានទូតអាម៉េរិកប្រចាំក្រុងបាដាត ដើម្បីជាការសងសឹកការវាយប្រហាររបស់អាម៉េរិក។
ប្រធានាធិបតី ត្រាំបានផ្ទុះកំហឹងនិងបញ្ជាអោយបញ្ជូនទាហានម៉ារីន១០០នាក់ទៅការពារស្ថានទូតភ្លាមហើយបញ្ជូនទាហាន៧៥០នាក់ទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា។លោកបានចោទប្រកាន់អ៊ីរ៉ង់ថានៅពីក្រោយការវាយប្រហារស្ថានទូតនេះ។
មកត្រឹមព្រឹកថ្ងៃពុធ ពួកជីវពលគាំទ្រដោយអ៊ីរ៉ង់បានបន្តវាយប្រហារស្ថានទូតដល់ថ្ងៃទី២ ដោយបង្ខំឲ្យទាហានអាម៉េរិកបាញ់គ្រាប់បែកផ្សែងដាក់អ្នកប្រឆាំងតវ៉ា ដែលបានដុតផ្នែកនៃស្ថានទូតឲ្យឆេះជាថ្មី។
ទោះជាយ៉ាងណា ក្រុមហេសបូឡា បានបញ្ចប់ការឡោមព័ទ្ធស្ថានទូតនិងបានដកកម្លាំងចេញនៅពេលរសៀលថ្ងៃពុធ។
ការដកកម្លាំងចេញនេះ កើតឡើងបន្ទាប់ពីលោកត្រាំបានសរសេរបង្ហោះថា «អ៊ីរ៉ង់នឹងទទួលខុសត្រូវទាំងស្រុងចំពោះការបាត់បង់អាយុជីវិតនិងការខូចខាតនៅទីតាំងណាមួយរបស់យើង។ពួកគេនឹងសងនូវតម្លៃដ៏ខ្ពស់មួយ។ នេះមិនមែនជាការព្រមាន តែជាការគំរាម!»។
ជាការឆ្លើយតប លោកខាមេនី បានសរសេរបង្ហោះវិញថា មនុស្សនេះបានសរសេរបង្ហោះថា«យើង អាម៉េរិកមើលឃើញអ៊ីរ៉ង់ថាជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នៅក្រុងបាដាត ហើយយើងនឹងឆ្លើយតបទៅអ៊ីរ៉ង់។ដំបូងបំផុត អ្នកមិនអាចធ្វើរឿងចង្រៃណាមួយទេ។វាអត់មានពាក់ព័ន្ធនឹងអ៊ីរ៉ង់ទេ។ទីពីរ តាមបែបឡូហ្សិច …មនុស្សនៅតំបន់នេះស្អប់អាម៉េរិក។ហេតុអ្វីអាម៉េរិកមិនយល់រឿងនេះ?»៕ប្រែសម្រួល៖វាសនា/Ha
ការវាយប្រហារស្ថានទូត អនុវត្តដោយសមាជិកក្រុមជីវពល កាតាអេប ហេសបូឡា ដែលមានទំនាក់ទំនងនឹងក្រុមហេសបូឡានៅលីបង់