ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អតីតមន្ត្រី​ជាន់ខ្ពស់​មួយចំនួន នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យស្នើសុំ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៅ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២០ នេះ​។ បន្ទាប់ពី​ដាក់ពាក្យ​ស្នើសុំ​បង្កើត​គណបក្សនយោបាយ​ទៅ​ក្រសួងមហាផ្ទៃ​រួចរាល់​ហើយ​នោះ គឺ​នៅវេលា​ម៉ោង​២​រសៀល អតីតមន្ត្រី​ជាន់ខ្ពស់​មួយចំនួន នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​​សន្និសីទកាសែត​នៅ​សណ្ឋាគារ​សាន់វ៉េ បញ្ជាក់​អំពី​មូលហេតុ និង​គោលបំណង​នៃ​ការបង្កើត​គណបក្ស​ថ្មី​។​

​លោក​ខឺ​យ ស៊ី​នឿន តំណាង​ស្ថាបនិក​បង្កើត​គណបក្ស​ថ្មី​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា ការសម្រេច​បង្កើត​គណ​បក្ស​ថ្មី​នេះ គឺ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកប្រជាធិបតេយ្យ និង​អ្នកស្នេហាជាតិ ។ ដោយ​លោក​បញ្ជាក់ថា “​ស្ថានភាព​បច្ចុប្បន្ន​មានការ​ធ្លាក់ចុះ​នូវ​សំឡេង​ដែលមាន​និន្នាការ​ប្រឆាំង​ជាមួយ​គណបក្សកាន់អំណាច និង​ការ​បែក​បាក់​អ្នក​កាន់​លទ្ធិប្រជាធិបតេយ្យ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​”​។​

​លោក​បាន​បន្តថា ស្ថាបនិក​គណបក្ស​ថ្មី​នេះ មានដូចជា លោក​កង គឹម​ហាក់ លោក​ជីវ កត្តា ដែលជា​អតីត​តំណាងរាស្ត្រ លោក​ស៊ឹម សុវណ្ណនី អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​រូបលោក (​ខឺ​យ ស៊ី​នឿន​) អតីត​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង រួមទាំង​អតីតមន្ត្រី​មួយចំនួនទៀត​។​

​លោក​ខឺ​យ ស៊ី​នឿន បាន​បញ្ជាក់ថា គណបក្ស​ថ្មី ដែល​ដាក់ពាក្យ​ស្នើសុំ​បង្កើត​ទៅ​ក្រសួងមហាផ្ទៃ គឺមាន​ឈ្មោះ “​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​”​។ បាវចនា គឺ​សេរីភាព យុត្តិធម៌ ប្រជាធិបតេយ្យ​៕ ល​/Ha