ដោយ​: បាយ័ន / សៀមរាប​: កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦: 00​នាទី នៅត្រង់ចំណុច វាល​រាក់ ស្ថិតនៅ​ភូមិ​ថ្ម​ជ្រួញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ករ​ឡើង​ដោយ រថយន្ត និង ម៉ូតូ ច្រាសទិស​គ្នា បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ហើយ​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ​បាន​ឲ្យ​ដឹង​ទៀតថា គេ​ឃើញ​រថយន្ត​ម៉ាក MITSUBISHI TRITON សេរី​ឆ្នាំ ២០១៨ ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 06- 2-4390 ពណ៌​ប្រផេះ បើកបរ​ដោយ​ឈ្មោះ ស៊ឺ ពេជ្រ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅ​ភូមិ អន្លង់​ធំ ឃុំ ខ្នងភ្នំ ស្រុក ស្វាយ​លើ ខេត្ត សៀមរាប ទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ទៅបុក​អ្នកបើកបរ​ម៉ូតូ​ម៉ាក HONDA DREAM សេរី​ឆ្នាំ ២០១០ ពាក់​ស្លាក​លេខ ភ្នំពេញ 1AS:5806 ពណ៌​ខ្មៅ
​ដែល​បើកបរ​បញ្ច្រាសទិស​មួយ​ទំហឹង​តែម្តង​។​

​សមត្ថកិច្ច​ក៏បាន​បន្តទៀតថា ដោយឡែក​អ្នក បើកបរ​ម៉ូតូ​មានឈ្មោះ តាវ ឡោម ភេទ​ស្រី អាយុ ៣៤ ឆ្នាំ រស់នៅ​ភូមិ តា​ពេញ ឃុំ ខ្នងភ្នំ ស្រុក ស្វាយ​លើ ខេត្ត សៀមរាប ទិសដៅ​ពី​លិចទៅ​កើត បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​មាន​អ្នករួមដំណើរ​ដែល​ត្រូវជា​កូនបង្កើត​ចំនួន ០៣​នាក់​ទៀត ដោយ​ទី​១​ឈ្មោះ តៅ លក្ខិណា ភេទ ស្រី អាយុ ១១​ឆ្នាំ របួសធ្ងន់​, ទី​២,​ឈ្មោះ ប៉ុន ឌិន ភេទ​ប្រុស អាយុ ៥​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ និង​ទី​៣,​ឈ្មោះ ប៉ុន ដែន ភេទ​ប្រុស អាយុ ៥​ឆ្នាំ របួសធ្ងន់​។​

​នគរបាល​ស្រុក​ស្វាយ​លើ​ក៏បាន​បន្តទៀតថា​មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​ដោយសារ​អ្នកបើកបរ​រថយន្ត​ស្រវឹង ហើយ​ចំពោះ​រថយន្ត​និង​ម៉ូតូ​គឺមាន​លក្ខណៈ​ខូចខាត​ធ្ងន់​។​

​បច្ចុប្បន្ន​អ្នកស្លាប់​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នករងរបួស​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម ហើយ​រថយន្ត​និង​ម៉ូតូ​យើង​បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕