ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: រៀងរាល់ថ្ងៃ​ជនបរទេស​(​វៀតណាម​) ព្រមទាំង​ជនជាតិខ្មែរ​គ្នាឯង បានធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ទៅលេង​ល្បែង​ក្នុង​ទីតាំង​១ ក្រោយ​ប៉ុស្តិ៍​នៃ​ច្រកទ្វា​រទ្វេភាគី​ណា​ម​លៀ​រ ហៅ​ប៉ុស្តិ៍​៧ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

​សកម្មភាព​ដែល​កំពុងបើក​ដំណើរការ​អស់​ជាច្រើន​ខែ​មកហើយ​នោះ គេ​នៅ​មិនទាន់​ដឹងថាមានច្បាប់​អនុញ្ញាត​ឬ​អត់​ទេ តែ​ឮ​គេ​និយាយ​ត​គ្នា​ថា កន្លែង​នោះ​ជា​កាស៊ីណូ ។​

​ប្រភព​មួយ​ពី​ក្បែរ​តំបន់​នោះ​ប្រាប់​មក​ថា រៀងរាល់ថ្ងៃ​ គេ​បានឃើញ​រថយន្ត​ជាច្រើន​គ្រឿង បាន​ដឹក​ជនជាតិ​វៀតណាម រាប់រយ​នាក់​ចូលទៅ​លេងល្បែង​នៅកាស៊ី​ណូ​ដែល​មិន​ស្គាល់ឈ្មោះ នៅជាប់​ពីក្រោយ​ប៉ុស្តិ៍​ច្រកទ្វា​រទ្វេភាគី​ណាំ​លៀរ​ជា​ហូរហែ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​​​​​ កាស៊ីណូ​នោះក៏​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង មាន់​ជល់ អាប៉ោង យ៉ាង​សេរី​ផងដែរ​។​

​អភិបាលស្រុក​ពេ​ជ្រា លោក ម៉ើ​ល សឿន បាន​និយាយ​យ៉ាងខ្លី​ថា «​ទេ​…​សួរ​គេ​ខាង​ណោះ​ទៅ ខ្ញុំ​ម៉េច​ដឹង​…​វា​ស្ថិតក្នុង​ដីដែន​ហើយ តែ​វា​នៅ​ប៉ុស្តិ៍​…​សួរ​ខាង​ខេត្ត ខាង​ប៉ុស្តិ៍​ទៅ​…»​។​

​មិន​ខុសពី​អភិបាលស្រុក​ពេ​ជ្រា​ដា លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា «​មានច្បាប់​ត្រឹមត្រូវ ​គ្រាន់តែ​គេ​ជួល​ទីតាំង​»​។​

​ទោះជា​យ៉ាងណា ​ដោយសារ​ភាពមិនប្រក្រតីនៃ​សកម្មភាព​បើក​បន​ល្បែង​លេង​លើ​ទឹកដី​ខ្មែរ​នេះ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក​បាន​ឲ្យ​ដឹងថា «​ចំពោះ​កាស៊ី​ណូ​នៅ​ច្រក​ណាំ​លៀរ​នោះ គឺ​គេ​មានច្បាប់​(​ស​.​ជ​.​ណ​) ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ឲ្យ​បើក​។ ហើយ​គេ​ក៏​ចាប់ផ្តើម​សាកល្បង​រយៈពេល​ជិត​មួយខែ​មកហើយ​។ តាម​ព័ត៌មាន​ចំពោះមុខ​ គេ​នឹងមាន​គម្រោង​សាងសង់​សំណង់​នានា​មួយចំនួនទៀត​៕​ /Ha