ដោយ: គង់ហេង / ត្បូងឃ្មុំ: នៅរាត្រីឆ្លងឆ្នាំសកល នៃយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ឈានចូលយប់ថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ នៅតំបន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ គឺមានមនុស្សម្នាក្មេងចាស់ប្រុស ស្រីដែលប្រមាណជាង៩០ភាគរយជាភ្ញៀវក្នុងស្រុកបានមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។
លោក អឿ រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២០ថា នៅរាត្រីឆ្លងឆ្លងឆ្នាំ២០១៩ ចូលឆ្នាំ២០២០ នៅតំបន់ជុំវិញសាលាខេត្តមានភ្ញៀវទេសចររួមពិសាអាហារ រាំលេងកម្សាន្ត ទស្សនាពិព័រណ៌ និងបាញ់កាំជ្រួចសរុបចំនួន ៤៦.២២៩ នាក់។ ក្នុងនោះមានភ្ញៀវជាស្ត្រីចំនួន ២៩.០៣០ នាក់។
លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា នេះជាឆ្នាំដំបូងដែលខេត្តត្បូងឃ្មុំរៀបចំពិធីឆ្លងឆ្នាំសកល គឺឆ្នាំ២០១៩ ចូលឆ្នាំ២០២០។ ដោយឡែកបច្ចុប្បនៅខេត្តត្បូងឃ្មុំមានតំបន់កម្សាន្តចំនួន ប្រាំបី កន្លែង គឺតំបន់ដែលភ្ញៀវពេញនិយមទៅទស្សនាកម្សាន្តច្រើនជាងគេក្នុងពិធីបុណ្យសំខាន់ៗ រួមមាន រមណីយដ្ឋានហ្លួងព្រះស្តេចកន និងភូមិអភិវឌ្ឍន៍ក្នុងស្រុកពញាក្រែក និងតំបន់សហគមន៍ទេសចរណ៍«អូប៊ីធី»(OBT)ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ។
លោកបានបន្តថា ក្រៅពីនោះយើងមានតំបន់កម្សាន្តដែលមានសក្តានុពលមួយចំនួនដូចជា ព្រះធាតុបាស្រី នៅក្នុងស្រុកត្បូងឃ្មុំ ទឹកធ្លាក់ហោង ស្រុកតំបែរ តំបន់ចម្ការកៅស៊ូ ក្នុងស្រុកមេមត់ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ រមណីយដ្ឋានកែច្នៃខ្នងក្រពើនិង សារមន្ទីរ ក្នុងស្រុកមេមត់។
លោកបានបន្ថែមថា ក្នុងនោះនៅមានតំបន់កម្សាន្តជាគោលដៅទេសចរណ៍មួយចំនួនទៀតដូចជា តំបន់កម្សាន្តមាត់ឃ្មង់ តំបន់កម្សាន្តអូរក្តុង និងប៉ម ជាដើម៕ ល