ប្រទេសចិនកាលពីថ្ងៃពុធទី ១ មករាបានចាក់បញ្ចូលសាច់ប្រាក់បន្ថែមទៀតទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន ដោយបង្ហាញថារដ្ឋាភិបាលក្រុងប៉េកាំងនៅតែមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃកំណើនបើទោះបីជាមានសញ្ញាបង្ហាញថាប្រទេសសេដ្ឋកិច្ចលំដាប់ទី ២ របស់ពិភពលោកមួយនេះកំពុងមានស្ថិរភាពក៏ដោយ។

ធនាគារកណ្តាលចិន (ធនាគារប្រជាជនចិន) បានប្រកាសថា ខ្លួននឹងចាក់បញ្ចូលទឹកប្រាក់ចំនួន ១១៥ ពាន់លានដុល្លារអាម៉េរិកទៅក្នុងសេដ្ឋកិច្ចតាមរយៈការព្រលែងឱ្យធនាគារនានាផ្តល់ប្រាក់កម្ចីបន្ថែម។ ចំណាត់ការនេះកើតឡើង បន្ទាប់ពីមានសកម្មភាពស្រដៀងគ្នាកាលពីខែកញ្ញា។

ការចាក់បញ្ចូលលុយ ដែលបានប្រកាសនៅថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី ទំនងជាផ្តោតការយកចិត្តទុកដាក់ជាថ្មីទៅលើសុខភាពសេដ្ឋកិច្ចចិន ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក។ ចំណាត់ការនេះគឺមានទំហំតិចតួចណាស់បើផ្អែកលើទំហំដ៏ធំនៃសេដ្ឋកិច្ចចិន ប៉ុន្តែពេលវេលានៃការបញ្ចូលលុយនៅគ្រានេះបានបង្ហាញថា ថ្នាក់ដឹកនាំប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភស្តុតាងថ្មីនៃការធ្លាក់ចុះសេដ្ឋកិច្ច។ ការចាក់បញ្ចូលលុយនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំថ្មីៗនេះរបស់ពួកអ្នកធ្វើផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសហើយបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលរដ្ឋាភិបាលក្រុងប៉េកាំងចេញរបាយការណ៍ឃ្លាំមើលយ៉ាងដិតដល់អំពីកំណើនចុងឆ្នាំ។

ថ្នាក់ដឹកនាំប្រទេសចិនកំពុងរកវិធីដោះស្រាយជាមួយនឹងកំណើនយឺតបំផុតរបស់ប្រទេសក្នុងរយៈពេលជិតបីទសវត្សរ៍។

ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិនបានបណ្តាលឱ្យមានការរីករាលដាលនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅទូទាំងពិភពលោក។ ប្រទេសអាល្លឺម៉ង់បានចៀសផុតពីការធ្លាក់ចុះសេដ្ឋកិច្ចកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុនទាំងប្រផុតប្រផើយ ហើយវិស័យផលិតកម្មរបស់អាល្លឺម៉ង់បានធ្លាក់ចុះមួយផ្នែកដោយសារតែតម្រូវការថយចុះពីប្រទេសចិន។ បណ្តាប្រទេសអឺរ៉ុបផ្សេងទៀតក៏បានមើលឃើញកំណើនយឺតផងដែរ ហើយវិស័យឧស្សាហកម្មរបស់ពួកគេក៏ធ្លាក់ចុះដូចគ្នា។

ការលំបាករបស់ចិនបានរីករាលដាលដល់តំបន់ផ្សេងៗទៀតនៅអាស៊ី កន្លែងដែលចិនគ្របដណ្តប់លើសេដ្ឋកិច្ច ហើយក៏ទៅដល់ទ្វីបអាហ្រ្វិកនិងអាម៉េរិកឡាទីន ដែលពឹងផ្អែកកាន់តែខ្លាំងលើការវិនិយោគរបស់ចិន។ ប្រទេសអូស្រ្តាលីដែលបានឆ្លងកាត់ការរីកចម្រើនដ៏យូរអង្វែងដែលជំរុញដោយតម្រូវការរបស់ចិនសម្រាប់ធនធានធម្មជាតិរបស់ខ្លួននោះឥឡូវនេះកំពុងធ្លាក់ចុះកំណើនសេដ្ឋកិច្ចជាលំដាប់។

ក្រុមហ៊ុនផលិតកម្មរបស់អាម៉េរិកក៏កំពុងប្រឈមការធ្លាក់ចុះតម្រូវការលើពិភពលោកដែរ ដែលនាំឱ្យដួលរលំពាណិជ្ជកម្មជាច្រើនដោយសារសង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយប្រធានាធិបតីដូណាល់ ត្រាំ។ បញ្ហានេះអាចមានផលប៉ះពាល់ដល់នយោបាយអាម៉េរិកផងដែរ ៖ ការធ្លាក់ចុះសេដ្ឋកិច្ចមានសភាពធ្ងន់ធ្ងរជាពិសេសនៅបណ្តារដ្ឋភាគខាងលិចដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើផលិតកម្មនិងកសិកម្ម៕ ដោយ៖ កញ្ញាដាលីស

ធនាគារកណ្តាលចិនបានប្រកាសថា ខ្លួននឹងចាក់បញ្ចូលទឹកប្រាក់ចំនួន ១១៥ ពាន់លានដុល្លារអាម៉េរិកទៅក្នុងសេដ្ឋកិច្ច