ពួកជីវពលគាំទ្រអ៊ីរ៉ង់ឥឡូវនេះបានដកខ្លួនចេញពីបរិវេណស្ថានទូតអាម៉េរិកនៅទីក្រុងបាដាតប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សាអស់ពេល ២ថ្ងៃដែលគេឃើញប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បញ្ជូនកងទ័ពរាប់រយនាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា។
ពួកជីវពលទាំងនោះបានចាកចេញពីស្ថានទូតដែលឡោមព័ទ្ធនេះកាលពីថ្ងៃពុធទី០១មករាបន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលនិងក្រុមមេដឹកនាំជីវពលជាន់ខ្ពស់បន្ទាប់ពីការចូលលុកលុយរបស់ពួកគេមួយថ្ងៃមុននេះ។
ការដកចេញនេះបានបញ្ចប់វិបត្តិរយៈពេល២ថ្ងៃដែលត្រូវបានសម្គាល់ថាជាការរំលោភបំពានដ៏ខ្លាំងបំផុតលើបេសកកម្មការទូតអាម៉េរិកនៅក្នុងពិភពលោក។
ការវាយប្រហារស្ថានទូតនេះ បានជំរុញឱ្យលោក ដូណាល់ ត្រាំនិងមន្ទីរបញ្ចកោណ បញ្ជូនទាហានម៉ារីនរាប់រយនាក់ទៅកាន់តំបន់នោះ។
នៅក្នុងការវាយប្រហារដែលមានការរៀបចំឡើងនេះ ពួកជីវពលនិងអ្នកគាំទ្ររបស់ពួកគេរាប់រយនាក់បានចូលទៅក្នុងបរិវេណស្ថានទូតនោះ ដោយបំផ្លាញកន្លែងទទួលភ្ញៀវ វាយកញ្ចក់បង្អួចនិងបាញ់ថ្នាំនៅតាមជញ្ជាំងដើម្បីតវ៉ាប្រឆាំងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាម៉េរិកទៅលើពួកជីវពលដែលគាំទ្រដោយអ៊ីរ៉ង់កាលពីចុងសប្តាហ៍ ដែលបានសម្លាប់សមាជិក្រុមជីវពល២៥ នាក់។
សហរដ្ឋអាម៉េរិកបានស្តីបន្ទោសក្រុមជីវពលចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើមូលដ្ឋានយោធាអ៊ីរ៉ាក់មួយ នៅភាគខាងជើងនៃទីក្រុង គៀគុក កាលពីសប្តាហ៍មុន ដោយបានសម្លាប់អ្នកម៉ៅការអាមេរិកម្នាក់៕ប្រែសម្រួល៖សុខា/sn
ពួកជីវពលបានដកចេញទាំងឡាន ក្រោយវាយបំផ្លាញនិងដុតទូតអាម៉េរិកនៅបាដាត