ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានថ្លែងថា៖” អរគុណសន្តិភាព!”បានក្លាយទៅជាពាក្យស្លោក របស់ប្រជាជនដែលស្រឡាញ់សន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព។
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើសារនយោបាយទៅកាន់ជនរួមជាតិថា៖«“សូមអរគុណបងប្អូនជនរួមជាតិដែលបានគាំទ្រដល់សារនយោបាយរបស់ខ្ញុំគឺ(អរគុណសន្តិភាព!) ដែលខ្ញុំយល់ថាវាមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះនិងថ្ងៃក្រោយ ។ មនុស្សទាំងអស់គ្នាត្រូវការសន្តិភាពលើកលែងតែពួកភេរវករប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព ។ សម្ដេចតេជោបន្តថា សន្តិភាពបានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព។ អរគុណសន្តិភាព !» ។
សារនយោបាយដើមឆ្នាំ ២០២០ ដែលជាការបើកនូវទំព័រទសវត្សរ៍ថ្មីគឺ «អរគុណសន្តិភាព!»ត្រូវបានសរសេរនៅលើបដាពាក្យស្លោក ពាសពេញបណ្តាញសង្គម ហ្វេសបុក និងត្រូវបានចងនៅតាមសាលារៀន មន្ទីរពេទ្យ មុខស្ថាប័នក្រសួងមន្ទីររបស់រដ្ឋផងដែរ។
គួររំលឹកផងដែរថា នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឃ្លីបវីដេអូដែលកូន-កូនប្រសាទាំង ១០ នាក់និងចៅ ១៨នាក់នាំគ្នាទៅជូនពរសម្តេចមុនឆ្លងចូលឆ្នាំថ្មី ហើយជាមួយគ្នានេះសម្តេចក៏បានចាប់ផ្តើមសរសេរពាក្យ «អរគុណសន្តិភាព» នៅចុងឃ្លាផងដែរ។
ឈានចូលឆ្នាំ២០២០ នៅថ្ងៃទី ១ ខែ មករា សម្តេចបានបង្ហោះសារស្វាគមន៍ឆ្នាំថ្មីដោយសរសេរថា៖ «ឱកាសនៃការចូលរួមអបអរសាទរនិងកម្សាន្តសប្បាយនៅក្នុង ពិធីបុណ្យតូចធំទាំងអស់នេះបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព។ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់… [អរគុណសន្តិភាព]»។
ពាក្យ «អរគុណសន្តិភាព!» គឺជាពាក្យមួយឃ្លាត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីផ្ញើសារជូនដល់ប្រជាជាតិក្នុងឱកា សស្វាគមន៍ឆ្នាំថ្មីនៅថ្ងៃទី០១ខែមករា ឆ្នាំ២០២០នេះ។សម្តេច ហ៊ុន សែន បានឲ្យតម្លៃយ៉ាងខ្លាំងទៅលើពាក្យសន្តិភាពនេះ ដែលសម្តេចថ្លែងបានបញ្ជាក់ថាដោយសារសុខសន្តិភាពនេះហើយ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមអបអរសាទរនិងកម្សាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ ។ បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់។ ទន្ទឹមគ្នានេះប្រជាជនកម្ពុជាទាំងអស់ក៏បានផ្តល់តម្លៃយ៉ាងខ្លាំងដល់សន្តិភាព ។ ជាក់ស្តែងបន្ទាប់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាថ្លែងសារនេះរួច ស្រាប់តែពាក្យ«អរគុណសន្តិភាព!» ត្រូវបានកត់សម្គាល់ ថាមានបិទតាមសាលារៀន មណ្ឌលសុខភាព មូលដ្ឋានកងរាជអាវុធនិងសាលាក្រុងនានាទូទាំងប្រទេស តែម្តង។
នៅថ្ងៃទី២ ខែមករានេះ សម្តេចបានសរសេរសារអរគុណជនរួមជាតិដែលបានគាំទ្រសារនយោបាយរបស់សម្តេច «អរគុណសន្តិភាព»។ សម្តេចយល់ថា វាមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។ សម្តេចបានសង្កត់ធ្ងន់ថា៖ «អរគុណសន្តិភាពបានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព។ អរគុណសន្តិភាព !»។
ចលនាបង្ហោះហ្វេសប៊ុកដោយភ្ជាប់សារ«អរគុណសន្តិភាព» និងការបិទពាក្យស្លោកស្តីពី «អរគុណសន្តិភាព»នៅមុខស្ថាប័នរដ្ឋ បានផុលផុសឡើងជាបន្តបន្ទាប់ផងដែរតាំងពីព្រឹកព្រលឹមថ្ងៃទី ២ខែមករានេះតាមរយៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិងអ្នកគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដូចជានៅមុខស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយជាដើម …។ ក៏ប៉ុន្តែនៅក្រសួងមួយចំនួននៅមិនទាន់ឃើញមានសកម្មភាពនៅឡើយទេ ៕/Ha