អាមេរិក​និយាយថា ខ្លួន​នឹង​ប្រើ​កម្លាំងយោធា​ដ៏​ច្រើន​របស់ខ្លួន​វាយ​កូរ៉េខាងជើង “​ប្រសិនបើ​យើង​ចាំបាច់​ត្រូវតែ​ធ្វើ​”

1183
ចែករម្លែក

អាមេរិក​និយាយថា ខ្លួន​នឹង​ប្រើ “​កម្លាំងយោធា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​” របស់ខ្លួន​វាយ​កូរ៉េខាងជើង “​ប្រសិនបើ​យើង​ចាំបាច់​ត្រូវតែ​ធ្វើ​”​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ កក្កដា​នេះ​។

ដោយ​ពណ៌នា​ការធ្វើ​តេស្ត​មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង​ថា​ជាការ​បង្កើន​ភាព​តានតឹង​ខ្លាំង​ខាង​យោធា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​និយាយថា អាមេរិក​នឹងដាក់​ចេញ​សេចក្តីសម្រេចចិត្ត​ថ្មី​មួយទៀត​នៅលើ​តុ ដើម្បី​ប្រឆាំងនឹង​ព្យុងយ៉ាង​។

ឯកអគ្គរដ្ឋទូត លោកស្រី នី​ក​គី ហេ​លី ក៏​គំរាម​ប្រើការ​រឹតត្បិត​ពាណិជ្ជកម្ម​ផងដែរ​។

ការបាញ់​មី​ស៊ី​ល​ចុងក្រោយ​បំផុត​នេះ​គឺជា​ការផ្គើន​ទៅនឹង​បម្រាម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​។​

លោកស្រី​ហេ​លី​និយាយថា ការបាញ់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប (ICBM) ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃ​អង្គារ ទី​៤ កក្កដា “​បាន​បិទ​នូវ​លទ្ធភាព​រក​ដំណោះស្រាយ​ការទូត​ទៅហើយ​”​។

ឯកអគ្គរដ្ឋទូត​រូបនេះ​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ដែល​ជួបប្រជុំ​រក​ដំណោះស្រាយ​បន្ទាន់​សម្រាប់​ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ យ៉ាង​ដូច្នេះ “​សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​ប្រើប្រាស់​សមត្ថភាព​ពេញលេញ​របស់ខ្លួន​ដើម្បី​ការពារ​ខ្លួន​យើង និង សម្ព័ន្ធមិត្ត​យើង​។ សមត្ថភាព​មួយ​ក្នុងចំណោម​សមត្ថភាព​ជាច្រើន​របស់​យើង​គឺ​ពឹង​ផ្អែកលើ​កងកម្លាំង​យោធា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​យើង​។ យើង​នឹង​ប្រើ​កម្លាំងយោធា ប្រសិនបើ​យើង​ចាំបាច់​ត្រូវតែ​ធ្វើ ប៉ុន្តែ​យើង​មិន​ចង់​ទៅរក​ទិសដៅ​បែបនេះ​ទេ​”៕ ​ដោយ ៖កញ្ញាដាលីស

លោកស្រី នី​ក​គី ហេ​លី ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អ​.​ស​.​ប

ទីតាំងផ្សាយពាណិជ្ជកម្ម