គូស្នេហ៍មួយគូនេះមានគម្លាតអាយុ ១៣ ឆ្នាំ ប៉ុន្តែបើទោះបីជាបែបនេះក្តី ក៏តារាល្បីទាំងពីរនៅតែទទួលបានការគាំទ្រពីអ្នកគាំទ្រ។

តាមដំណឹងនានាលើកឡើងថា សមាជិកក្រុមចម្រៀង K-Pop គឺ គីម ហ៊ីឈុលនៃក្រុម Super Junior Kim អាយុ ៣៦ ឆ្នាំនិងអ្នករាំដ៏សំខាន់មកពីក្រុមចម្រៀងស្រី TWICE ឈ្មោះ ម៉ូម៉ូ អាយុ ២៣ ឆ្នាំកំពុងមានទំនាក់ទំនងស្នេហា។ ទីភ្នាក់ងាររបស់តារាទាំងពីរបានបញ្ជាក់ពីព័ត៌មាននេះរួចហើយដែរ។

ទីភ្នាក់ងាររបស់គីម គឺផលិតកម្ម Label SJ បានឱ្យដឹងថា “បន្ទាប់ពីមានភាពស្និទស្នាលក្នុងនាមជាមិត្តរួមការងារនៅក្នុងវិស័យសិល្បៈ អ្នកទាំងពីរបានចាប់ផ្តើមចូលចិត្តគ្នានិងណាត់ជួបគ្នានាពេលថ្មីៗនេះ”។

ទីភ្នាក់ងាររបស់ម៉ូម៉ូគឺផលិតកម្ម JYP Entertaiment បាននិយាយថា ទំនាក់ទំនងរវាងតារាទាំងពីរបានចាប់ផ្តើមបន្ទាប់ពីមានមិត្តភាពរួមការងារនៅក្នុងឧស្សាហកម្មកម្សាន្ត ហើយថ្មីៗនេះបានប្រែទៅជាស្នេហា។

អ្នកគាំទ្រទូទាំងពិភពលោកបានសម្តែងការគាំទ្រចំពោះគូស្នេហ៍នេះនៅលើបណ្តាញសង្គម Twitter ជាហូរហែ។

ពាក្យចចាមអារ៉ាមអំពីតារាល្បីទាំងពីរបានកើតឡើងតាំងពីខែសីហាឆ្នាំ ២០១៩ ប៉ុន្តែនៅពេលនោះគីម ហ៊ីឈុលនិយាយបដិសេធទំនាក់ទំនងស្នេហានេះ៕ ដោយ៖ កញ្ញាដាលីស

គីម ហ៊ីឈុល និង ម៉ូម៉ូ ក្លាយជាគូស្នេហ៍ប្រចាំទសវត្សរ៍ថ្មី ២០២០