ដោយ​:​គង់​ហេង​/​ត្បូងឃ្មុំ​:​ក្មេងស្រី​វ័យ​១៣​ឆ្នាំ​ដំណាលគ្នា​ចំនួន​បីនាក់​បាន​លង់ទឹក​ស្លាប់​នៅ​ចំណុច​ឆ្នេរ​ខ្សាច់​កន្លែង​កម្សាន្ត​មួយកន្លែង​ទើបបាន​បង្កើត​ថ្មី​នៃ​ដង​ទន្លេមេគង្គ​ស្ថិតក្នុង​ភូមិ​ព្រែក​ពាម​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២ មករា​ឆ្នាំ​២០២០​នេះ​ថា ក្មេងស្រី​ជា​ជនរងគ្រោះ​ទាំងបី មានឈ្មោះ គង់ ថា​រី នៅ​ភូមិ​កំពង់​ចន្លុះ​កើត ឃុំ​ពាមជីលាំង​,​បូ​ណា​ជី​ជី​ង​នៅ​ភូមិ​បឹង​ព្រួល​ឃុំ​បឹង​ព្រួល​និង​ម្នាក់ទៀត​ឈ្មោះ​លាង​តុ​ន្នា​នៅ​ភូមិ​ព្រែក​ផ្តៅ​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ​។​

​លោក​អធិការរង​បានឱ្យដឹង​ទៀតថា​ក្មេងស្រី​មាន​ចំនួន​សរុប​ប្រាំ​នាក់​ជា​សិស្សសាលា​បឋមសិក្សា​ពាមជីលាំង​។​ប៉ុន្តែ​មាន​ភ្ញៀវ​ដែល​បាន​ទៅលេង​កម្សាន្ត​ទី​នោះបាន​ប្រទះឃើញ​ក៏​ស្រង​ជួយសង្គ្រោះ​រួច​ជីវិត​ចំនួន​ពីរ​នាក់​គឺ​ឈ្មោះ​ហួត​ស្រី​មួយ​អាយុ​១៣​ឆ្នាំ​នៅ​ភូមិ​កំពង់​ចន្លុះ​លិច​និង​ឈ្មោះ​ពេជ្រ​ម៉ូ​លីកា អាយុ​១៣​ឆ្នាំ​ដែរ​នៅ​ព្រែក​ផ្តៅ​ឃុំ​ពាមជីលាំង​ស្រុក​ត្បូងឃ្មុំ​។​

​មន្ត្រីនគរបាល​រូបនេះ​បាន​បន្ថែមថា​ចំណែក​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ទាំងបី​នាក់​គឺ​យើង​បាន​សហការ​ចំណាយពេល​តាំងពី​កើតហេតុ​ម៉ោង​១០​ព្រឹក​ដល់​ម៉ោងជាង​២​រសៀល​ថ្ងៃទី​១​មករា​ដដែល​បាន​រកឃើញ​សាកសព​ស្រង់​ឡើង​ប្រគល់ឱ្យ​ជំនាញ​ធ្វើ​កោសល្យវិច័យ​។​សមត្ថកិច្ច​បានបញ្ជាក់​ថា​ក្មេងស្រី​ទាំងបី​នាក់​ពិតជា​បាន​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន​និង​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន​៕S/​