ពួកមន្ត្រីបាននិយាយដា មនុស្សយ៉ាងតិច២១នាក់បានស្លាប់និងរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីទឹកជំនន់និងការបាក់ដីដែលបានវាយប្រហាររដ្ឋធានីហ្សាការតា នៅចំថ្ងៃចូលឆ្នាំសកលថ្មី ហើយគេរំពឹងថានឹងមានការធ្លាក់ភ្លៀងបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ទី០២មករា។
អ្នកនាំពាក្យក្រសួងកិច្ចការសង្គមលោកចូកូ ហារីយ៉ាន់តូ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសថាចំនួនមនុស្សស្លាប់ពាក់ព័ន្ធនឹងទឹកភ្លៀងបានកើនដល់២១នាក់នៅពេលទីភ្នាក់ងារគ្រប់គ្រោះមហន្តរាយថា មានចំនួន១៦នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យទីភ្នាក់ងារបាននិយាយថា ការស្លាប់បណ្តាលមកពីការខ្វះកំដៅ លង់ទឹក ឆក់ចរន្តអគ្គិសនីនិងបាក់ដីសង្កត់និងថាចំនួនមនុស្សស្លាប់អាចកើនឡើងដោយសារខ្លួនកំពុងប្រមូលរបាយការណ៍មកពីប្រភពផ្សេងៗ។
ភ្លៀងបានចាប់ផ្តើមធ្លាក់នៅក្រុងហ្សាការតាកាលពីថ្ងៃអង្គារទី៣១ធ្នូនិងបន្តដល់ព្រឹកថ្ងៃបន្ទាប់ដោយទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៊ីបានកត់ត្រាឃើញថាវាជាការធ្លាក់ភ្លៀងច្រើនបំផុត(៣៧៧មីលីម៉ែត្រ)ក្នុងមួយថ្ងៃបើធៀបនឹងកំរិតទឹកភ្លៀងធ្លាក់ចាប់តាំងពីឆ្នាំ២០០៧មក ។
ទឹកជំនន់បានពន្លិចផ្ទះ ធ្វើអោយអណ្តែតនិងលិចរថយន្ត ហើយបិទអាកាសយានដ្ឋានមួយនៅហ្សាការតាខាងកើត។ការផ្គត់ផ្គង់ចរន្តអគ្គិសនីក៏ត្រូវកាត់ផ្តាច់នៅតំបន់មួយចំនួន។
ក្នុងការបង្ហោះសារក្នុងហ្វេសប៊ុកកាលពីយប់ថ្ងៃពុធ ប្រធានាធិបតី ចូកូ វីដូដូ បានបញ្ជាអោយអាជ្ញាធរក្រុងហ្សាការតាធ្វើការជាមួយបណ្តាទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីសង្គ្រោះអាយុជីវិតមនុស្សហើយផ្តល់សន្តិសុខដល់សហគមន៍។
នៅថ្ងៃ០២មករា អភិបាលក្រុងហ្សាការតាបាននិយាយថា មន្ត្រីក្រុងចំនួន១២០.០០០នាក់ត្រូវបានបញ្ជូនទៅជួយការងារសង្គ្រោះនិងជម្លៀសមនុស្សហើយមនុស្សប្រមាណ៣១.០០០នាក់ត្រូវបានជម្លៀស តែមិនរាប់បញ្ជូនអ្នកស្រុកនៅតាមទីក្រុងរណបរបស់ក្រុងហ្សាការតាទេ។
បើតាមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ ភ្លៀងខ្លាំងនិងទឹកទន្លេឡើងបានជន់លិចសង្កាត់យ៉ាងតិចណាស់៩០ និងបង្កជាការបាក់ដីនៅទីក្រុងដេប៉ុក នៅជាយរដ្ឋធានីហ្សាការតា៕ប្រែសម្រួល៖វាសនា
រថយន្តលិចក្នុងជំនន់ទឹកភ្លៀងនៅហ្សាការតា
ទឹកជំនន់ខ្លាំងបានបង្កការជន់លិចផ្ទះរាប់ពាន់នៅតំបន់ក្រីក្រនិងស្កាត់អ្នកមានផងដែរនៅទីក្រុងហ្សាការតា