ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​រថយន្ត​ប្រភេទ​វេ​អង​សណ្តោង​រ៉ឺម៉ក​ខ្នាត​ធំ​មួយគ្រឿង​ដឹក​ដំឡូង​មី​ស្រស់​ផ្ទុក​លើស​ចំណុះ​ជាង​២០​តោន​ត្រូវបាន​មន្ត្រី​ស្ថានីយ​ថ្លឹង​រថយន្ត​ខេត្តស្ទឹងត្រែង​ឃាត់​ដើម្បីឱ្យ​បង់​ផាកពិន័យ​កាលពី​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​។

​រថយន្ត​ល្មើសច្បាប់​នេះ​បាន​បើក​ចេញពី​ខេត្តស្ទឹងត្រែង​ដោយ​ឆ្ពោះទៅ​គោលដៅ​លក់​នៅ​ប្រទេស​វៀតណាម​ឆ្លងកាត់​ខេត្តក្រចេះ​។​ក៏ប៉ុន្តែ​ពេល​បើក​ហួស​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​អូរ​ពងមាន់​ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល​សង្កាត់​ក្រុង​ខេត្តស្ទឹងត្រែង​រថយន្ត​ដឹក​ដំឡូង​មី​មិនបាន​ឈប់​ទេ​គឺ​បើក​ហួស​ចូលដល់​ចំណុច​អូរ​កណ្តៀ​ទឹកដី​ខេត្តក្រចេះ​។​កម្លាំង​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ពងមាន់​បើករថយន្ត​ដេញចាប់បាន​យក​ត្រឡប់មក​ស្ថានីយ​ជញ្ជីង​វិញ​។​រួ​ក​ឱ្យ​អ្នកបើកបរ​ឡើង​ជញ្ជីង​ថ្លឹង​រថយន្ត​ទើប​ដឹងថា​ផ្ទុក​លើស​ទម្ងន់​ប្រមាណ​ជាង​២០​តោន​ឯណោះ​។​

ករណីនេះ​អ្នកសារព័ត៌មាន​បាន​ជួប​បទសម្ភាសន៍​ផ្ទាល់​ពី​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​អូរ​ពង​មាន់នៃ​ខេត្តស្ទឹងត្រែង​លោក​ឌី​ចាន់ណា​រិ​ទ្ធ​និង​លោក​សែ​ស​ស៊ីថា​រួម​និង​អនុប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​បាន​ប្រាប់​កាលពី​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​ថា​បញ្ហា​រថយន្ត​ភ្លៅ​បួន​អនុញ្ញាតឱ្យ​ទាំង​សំបក​ទ្រុង​គឺ​៣០​តោន រថយន្ត​យី​ឌុប​ភ្លៅ​ប្រាំ​បាន​អនុញ្ញាតឱ្យ​ទាំង​សំបក​ទ្រុង​៣៥​តោន​។

ចំពោះ​រថយន្ត​ប្រភេទ​វេ​អង​សណ្តោង​រ៉ឺម៉ក​វិញ បានអនុញ្ញាត​ឱ្យ​ទាំង​សំបក​ទ្រុង​៤០​តោន ហើយ​ក្នុង​រថយន្ត​នីមួយៗ​បើ​លើស​ត្រឹម​៥​តោន​ចុះក្រោម​គឺ​ករណី​លើកលែង​។​តែបើ​លើស​ចាប់ពី​៥​តោន​ឡើងលើ​ទៅតាម​កម្រិត​គិត​ទៅតាម​ភាគរយ​តិច​ឬ​ច្រើន​ក្នុង​១​តោន​គឺ​តម្រូវ​ត្រូវ​បង់​ផាកពិន័យ​៣០​ម៉ឺន​រៀល ។

ក្រុមការងារ​ជ​ញ្ចី​ង​បាន​បន្តថា​ចំពោះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​កន្លែង​ស្ថានីយ​ជ​ញ្ញី​ង​ថ្លឹង​រថយន្ត​ចំណុច​អូរ​ពងមាន់​មាន​ក្រុម​គណៈកម្មការ​ជញ្ជីង​មាន​ខាង​ក្រសួង​សាធារណៈការ​មន្ត្រី​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​មន្ត្រី​សាលាខេត្ត​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​មន្ត្រីនគរបាល​ខេត្ត​សរុប​មាន​៥​ស្ថាប័ន​ដែល​ប្រចាំការ​នៅ​ទីនោះ​។​

​ក៏ប៉ុន្តែ​បើតាម​អនុ​សាស្ត្រ​របស់លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​លោក​បាន​ពង្រឹង​យន្តការ​នៅតាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​នីមួយៗ​ធ្វើ​អ្វី​ក៏ដោយ​គឺ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​គោល​ការ​របស់​រាជរដ្ឋាភិបាល​ដែល​បានកំណត់​។​ចំពោះ​រថយន្ត​អ្នកណា​ក៏ដោយ​ឱ្យតែ​ដឹក​ផ្ទុក​លើស​ចំណុះ​ត្រូវតែ​រើ​ចុះ​ហើយ ត្រូវ​ផាកពិន័យ​ទៅតាម​គោល​ការ​ច្បាប់ ។

​តាម​ការ​បញ្ជាក់ទៀតថា​ទោះបីជា​យ៉ាងណា​ដូចជា​រថយន្ត​ខាងលើ​នោះ​មិន​ត្រឹមតែ​ដឹក​លើស​តោន​នោះទេ​ថែមទាំង​ត​ទ្រុង​ខុស​បច្ចេកទេស​និង​អត់​មាន​ស្លាក​លេខ​ទៀតផង​។​មន្ត្រី​របស់​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ខាង​បច្ចេកទេស​វាស់​ទ្រុង​រថយន្ត​នៅពេល​រើ​ដំឡូង​មី​ចុះ​រួចរាល់​ពីលើ​រថយន្ត​ហើយ​បាន​យកមក​កាត់​ទ្រុង​ចេញ​ឱ្យ​ត្រូវ​ទៅតាម​ស្តង់ដា​រួចហើយ​ម្ចាស់​រថយន្ត​ត្រូវ​មក​ធ្វើ​កិច្ចសន្យា​បង់​ផាកពិន័យ​ចូល​រដ្ឋ ទើប​ប្រគល់​ឱ្យទៅ​ម្ចាស់​គេ​វិញ ។​

តែបើ​គិត​តាំង​ពីថ្ងៃ​៣១​ខែធ្នូ​ឆ្នាំ​២០១៩​ដល់​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២០​នេះ​ខាង​កាត់​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​មិនទាន់​កាត់​ទ្រុង​រថយន្ត​នៅឡើយ​ទេ​។​ម្ចាស់​រថយន្ត​ត្រូវ​បង់​ផាក​អស់​ជាង​មួយ​លាន​រៀល​បន្ថែម​ពីលើ​ប្រាំបី​លាន​រៀល​សម្រាប់​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​។

​ម្ចាស់​រថយន្ត​មានឈ្មោះ​ពេ​ង​សៀង​រស់នៅ​ខេត្តស្ទឹងត្រែង​បានផ្តល់​កិច្ចសម្ភាសន៍​ផ្ទាល់​នៅ​កន្លែង​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ពងមាន់​នេះ​ថា​៖​ក្នុង​ការឃាត់​រថយន្ត​របស់គាត់​គឺ​គាត់​មិន​ជំទាស់​ទេ​។​ព្រោះ​អី​រថយន្ត​បាន​ដឹក​លើស​ទម្ងន់​ពិតប្រាកដ​មែន​។​នៅពេលនេះ​ត្រូវ​បង់​ផាកពិន័យ​ប្រមាណ​ជាង​៨​លាន​រៀល​។​ចំណែក​រថយន្ត​ត្រូវបាន​ខាង​មន្ត្រី​បច្ចេកទេស​សាធារណៈការ​តម្រូវឱ្យ​យក​រថយន្ត​គាត់​ទៅ​កាត់​ទ្រុង​ចេញ​។​

​ករណី​រថយន្ត​ដឹក​ដំឡូង​មី​ខាងលើ​នោះ​បើតាម​ប្រភព​បានដឹងថា​មិនមែន​ដឹក​តែមួយ​ដង​នេះ​ទេ​គឺ​ដឹក​រាប់​ជើង​មកហើយ​តែ​មិនដឹងថា​យ៉ាងម៉េច​នោះទេ​ឬក៏​ប្រហែល​ជាមាន​ហេតុផល​អ្វី​ផ្សេង​ហើយ​ទើប​ត្រូវបាន​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ពងមាន់​បើករថយន្ត​ដេញ​ដល់​ទឹកដី​ខេត្តក្រចេះ​ចាប់​ក្របួច​យក​ត្រឡប់មកវិញ​។​រួច​ចូល​ជញ្ជីង​ថ្លឹង​ទើប​ដឹងថា​ផ្ទុក​លើស​ទម្ងន់​និង​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​បែបនេះ​៕S/​